រឿងឧក្រិដ្ឋកម្មអនឡាញវាពិបាក ប៉ុន្តែត្រូវតែជំនះប្រយុទ្ធឲ្យដល់ទីបញ្ចប់
ឧក្រិដ្ឋកម្មអនឡាញវាពិតជាមិនងាយស្រួលបង្ក្រាបនោះឡើយ ប៉ុន្តែប្រសិនបើកម្ពុជាមិនខិតខំបង្រ្កាបបន្ថែមទៀតទេ វាជះឥទ្ធិពលអាក្រក់ណាស់ដល់សង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសគឺទេសចរណ៍តែម្តង ។
រឿងឧក្រិដ្ឋកម្មអនឡាញនេះយើងចាំបាច់ត្រូវបន្តធ្វើជាបន្តបន្ទាប់ ទោះបីជាយើងជាប់ដៃប៉ះទង្គិចជាមួយនឹងថៃនៅតាមព្រំដែនក៏ដោយ ហើយមកដល់ពេលបច្ចុប្បន្នឃើញថា សមត្ថកិច្ចយើងនៅតែបន្តធ្វើ ដូចនេះយើងសង្ឃឹមថា យើងនឹងធ្វើដើម្បីបង្ហាញពីកិច្ចខិតខំរបស់យើង ដើម្បីប្រឆាំងនឹងការលាបពណ៌របស់ប្រទេសជិតខាងម្តងហើយម្តងទៀត ។
មកដល់ពេលនេះយើងដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានកំពុងតែធ្វើកិច្ចការនេះជាប្រចាំហើយធ្វើ ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការចោទប្រកាន់ដោយសេចក្តីរាយការណ៍ផ្សេងៗដោយរួមទាំងគេហទំព័រមួយ គឺ «Cyber Scam Monitor» ដែលជាបណ្តាញអ្នកតាមដានឧក្រិដ្ឋកម្មអនឡាញ។
គេហទំព័រនេះនៅតែបន្តបង្ហាញនូវអំណះអំណាងការពារសេចក្តីរាយការណ៍របស់គេថា ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាទោះជាបានរងការបង្រ្កាបមែន ប៉ុន្តែកន្លែងខ្លះនៅតែបន្តរីកធំ ហើយក៏បានបង្ហាញនូវខេត្តមួយចំនួន ដែលគេដាក់ការសង្ស័យផងដែរ ។
នេះគឺជាទឡ្ហីករណ៍មួយរបស់គេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមកដល់ពេលនេះគឺបានកំពុង តែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ ហើយគិតចាប់តាំងខែមិថុនា ដល់ ដើមខែធ្នូនេះ កម្ពុជាបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មនេះប្រមាណជា ៥ពាន់នាក់ឯណោះ ហើយនៅពេលនេះនៅតែបន្តធ្វើជាប្រចាំ ។
អ្វីដែលលើកឡើងនេះគឺជាកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា ប៉ុន្តែប្រហែលជាយើងត្រូវតែខិតខំឲ្យកាន់ តែខ្លាំងក្លាជាងនេះទៅទៀត ពីព្រោះនៅពេលនេះដោយសារតែសេចក្តីរាយការណ៍ទាំងនេះ វាបានធ្វើឲ្យ ប៉ះពាល់ដល់កម្ពុជាយើងច្រើន ជាពិសេសគឺវិស័យទេសចរណ៍ ដែលមកដល់ពេលនេះ គឺឃើញមានការធ្លាក់ចុះប្រមាណជា ជាង ១១ ភាគរយ ។
មូលហេតុចំបងមួយនៃការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេសនេះមួយចំណែកក៏ដោយសារតែឧក្រិដ្ឋកម្មអនឡាញនេះដែរ ដូច្នេះសង្ឃឹមថា យើងនឹងដុតដៃដុតជើងបន្ថែមទៀតនៅក្នុងប្រយុទ្ធប្រឆាំង និងឧក្រិដ្ឋកម្មនេះ។
យើងចាំបាច់ត្រូវតែធ្វើនិងធ្វើដោយហ្មត់ចត់ ហើយយើងក៏ដឹងថា ឧក្រិដ្ឋកម្មនេះវាពិបាក ប៉ុន្តែចាំបាច់ត្រូវតែដុតដៃដុតជើងបើមិនដូច្នេះទេនោះ ក្រៅពីវិស័យទេសចរណ៍វាក៏អាចប៉ះពាល់ ដល់វិស័យផ្សេងទៀតដែរ ។ សូមខិតខំទាំងអស់គ្នាបន្ថែមទៀតដើម្បីជាតិមាតុភូមិរបស់យើង ហើយ អ្នកដែលពាក់ព័ន្ធនឹងករណីទាំងនេះគួរតែឈប់ប្រពឹត្តទៅ៕