រឿងអាកាសធាតុ! ប្រហែសមិនបានទេ ទោះវាមិនប្រាកដតែការប្រុងប្រយ័ត្នគឺអាចបន្ថយហានិភ័យ
ទោះបីជាការព្យាករអាកាសធាតុនៅស្រុកយើងមិនទាន់សុក្រឹតដូចបណ្ដាប្រទេសមួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះការប្រុងប្រយ័ត្នទុកជាមុន គឺជាការកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។
សម្រាប់ថ្ងៃសម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ មានការព្យាករថា អាចនឹងមានព្យុះថ្មីចំនួនពីរ បូកផ្សំជាមួយនឹងឥទ្ធិពលសេសសល់នៃព្យុះចាស់ ដែលអាចបង្កឱ្យមានបាតុភូតអាកាសធាតុអាប់អួរ ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០ ទៅ ៦០ ភាគរយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្ពាធទាបដែលកើតឡើងលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៨ ឈ្មោះ «ណូឡូ» (Noul) និងព្យុះទី២៩ ឈ្មោះ «កូហ្គូម៉ា» (Koguma)។ ព្យុះទាំងពីរនេះ នឹងទទួលឥទ្ធិពលពីកន្ទុយព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន់» (Choi-wan) ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ តំបន់សមុទ្រកម្ពុជា និងផ្ទៃប្រទេសកម្ពុជាផងដែរ។
ក្រសួងបានបញ្ជាក់ថា ព្យុះទាំងនេះមិនបោកបក់ចំកម្ពុជាដោយផ្ទាល់ទេ ប៉ុន្តែឥទ្ធិពលរបស់វា នឹងធ្វើឱ្យកម្ពុជាមានអាកាសធាតុអាប់អួរ ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។
ប្រភពដដែលបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលាខាងមុខ ឥទ្ធិពលនៃព្យុះទាំងបីនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់មាត់សមុទ្រក្នុងរង្វង់ ៤០ ភាគរយ ព្រមទាំងមានកម្ពស់រលកសមុទ្ររហូតដល់ ១,៧៥ ម៉ែត្រ។ ចំណែកឯតំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់រហូតដល់ ៥០ ភាគរយ និងតំបន់ខ្ពង់រាបអាចឈានដល់ ៦០ ភាគរយ។
ក្នុងស្ថានភាពបែបនេះ ខណៈដែលដីបានរងទឹកភ្លៀងជោកជាំស្រាប់ដោយសារឥទ្ធិពលព្យុះមុនៗ ប្រសិនបើតំបន់ដែលធ្លាប់រងការលិចលង់នៅតែបន្តមានភ្លៀងធ្លាក់បន្ថែមទៀត នោះអាចនឹងប្រឈមនឹងការជន់លិចជាថ្មី ដូច្នេះសូមបងប្អូនមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់។
ស្របពេលនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលបងប្អូនត្រូវធ្វើដំណើរទៅជួបជុំសាច់ញាតិ ឬដើរកម្សាន្តឆ្ងាយពីផ្ទះ សូមមេត្តារៀបចំទុកដាក់ទ្រព្យសម្បត្តិ សម្ភារ និងឧបករណ៍ផ្សេងៗឱ្យផុតពីទីទួលទឹក ដើម្បីបង្ការការខូចខាត។ បន្ថែមពីនេះ សូមត្រួតពិនិត្យបណ្ដាញអគ្គិសនីឱ្យបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ឆ្លងចរន្ត ឬឆក់ជាយថាហេតុ។
នៅពេលធ្វើដំណើរ គប្បីត្រៀមសម្ភារការពារទឹកភ្លៀង ដូចជា ឆ័ត្រ ឬអាវភ្លៀងឱ្យបានរួចរាល់។ ក្នុងករណីមានភ្លៀងខ្យល់ខ្លាំង សូមស្វែងរកទីទួលសុវត្ថិភាព ឬកន្លែងដែលមានដំបូលត្រឹមត្រូវដើម្បីជ្រក ហើយដាច់ខាតកុំជ្រកក្រោមដើមឈើធំៗ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដោយសាររន្ទះបាញ់ ឬបាក់មែកឈើ។ ចំពោះអ្នកបើកបរ សូមកុំបើកបរក្នុងល្បឿនលឿន ព្រោះផ្លូវរអិលងាយនឹងភ្លាត់ស្នៀត ឬបាត់បង់ការគ្រប់គ្រងចង្កូត ដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន។
សរុបមក ទោះបីជាការព្យាករអាចមានភាពប្រែប្រួលខ្លះក៏ដោយ ក៏ការត្រៀមលក្ខណៈ និងបង្ការទុកជាមុន គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុតក្នុងការកាត់បន្ថយហានិភ័យ។ ដូច្នេះ សូមកុំមើលស្រាល ហើយប្រសិនបើការធ្វើដំណើររបស់យើងមិនជួបឧបសគ្គអាកាសធាតុបែបនេះទេ វាក៏មិនខាតបង់ ឬនឿយហត់អ្វីច្រើននោះដែរ។
