រាជរដ្ឋាភិបាល បានចាប់ផ្តើមវះកាត់ អាមានបួស និងដំបៅច្រើន
រាជរដ្ឋាភិបាលកម្ពុជាបានកំពុងតែធ្វើការវះកាត់ករណីប្រើប្រាស់អាវុធខុសច្បាប់ និងករណីគ្រឿងញៀន ដោយមកដល់ពេលនេះ មន្រ្តីសមត្ថកិច្ច និងកងកម្លាំងប្រមាណជា ១០នាក់ បានត្រូវបណ្តេញចេញពីការងារ។
ករណីទាំងនោះគឺមានដូចជាករណីបាញ់លេងបង្កើនសត្វ និងអ្នកទេសចរនៅលើខ្នងភ្នំគិរីរម្យ ដែលជារមណីដ្ឋានទេសចរណ៍ ដែលគេបានរកឃើញសំបកគ្រាប់កាំភ្លើងចូលដល់ខ្ទង់រយ គ្រាប់ និងករណីពាក់ព័ន្ធនឹងគ្រឿងញៀន ។
មកដល់ពេលនេះករណីប្រើប្រាស់កាំភ្លើង និងបាញ់លេងផ្តេសផ្តាស់នោះ គឺសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន ៥ នាក់ ដោយម្នាក់កំពុងតែគេចខ្លួន និង៤ នាក់ បានចូលសារភាព ហើយនៅក្នុងចំណោមអ្នកដែលចូលសារភាពគឺសុទ្ធតែនៅក្នុងជួសមត្ថកិច្ច ប៉ុន្តែត្រូវបានសម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រកាសថា ក្រសួងមហាផ្ទៃបានបណ្តេញពួកគេ ចេញពីក្រមខណ្ឌការងារអស់ហើយ។
ក្រៅពីនោះនៅមានករណីចាប់ខ្លួនមន្រ្តីជាន់ខ្ពស់មានឋានៈជាឧត្តមសេនីយ៍ និងមានមុខងារមួយរូប និងបក្សពួកថែមទៀតពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ដោយឡែកនៅក្នុងជួរ កងកម្លាំងជាពិសេសគឺយោធាវិញ មានករណីបណ្តេញយោធិនមួយចំនួនចេញពីក្រមខណ្ឌជា បន្តបន្ទាប់ដែរហើយ ពីបទ ដែលយោធិនទាំងនេះជាប់ទាក់ទងនឹងបញ្ហាប្រើប្រាស់គ្រឿងញៀន ដែលជាគោលដៅដែលរាជរដ្ឋាភិបាលបានតែដាក់ចេញ។
ក្រោយការសម្រេចបែបនេះជាបន្តបន្ទាប់ ទាំងយើងខ្ញុំនិងពលរដ្ឋគឺពិតជាគាំទ្រចំណាត់ការរបស់ រាជរដ្ឋាភិបាល ប៉ុន្តែសូមកុំធ្វើត្រឹមតែប៉ុណ្ណឹង ឬក៏ធ្វើម្តងម្កាល សូមពង្រឹងនិងអនុវត្តកិច្ចការនេះជានិរន្ត ពីព្រោះមកដល់ពេលនេះ បទល្មើសប្រើប្រាស់អាវុធ និងគ្រឿងញៀននេះ គឺសុទ្ធសឹងតែគ្រោះថ្នាក់ដល់សង្គម ហើយវាពិតជាប៉ះពាល់ដល់គោលនយោបាយ ពង្រឹងសន្តិសុខ សុវត្ថិភាព និងសន្តិភាពរបស់រាជរដ្ឋាភិបាល។
បញ្ហាទាំងនេះក៏ជាប្រភពដែលបានកំពុងតែធ្វើឲ្យកេរ្តិ៍ឈ្មោះនិងកិត្យានុភាពរបស់កម្ពុជា ត្រូវអាប់អោន ដែលនាំអោយប៉ះពាល់ដល់វិស័យទេសចរណ៍ និងការបណ្តាក់ទុនបរទេស។
សរុបមកវិញ នៅក្នុងករណីដែលសង្គមយើងអាចរិតបន្តឹងនិងគ្រប់គ្រងបញ្ហាប្រើប្រាស់អាវុធ បានរឹងមាំ ហើយអនុវត្តការបង្រ្កាបបទល្មើសគ្រឿងញៀនអោយតឹងរឹង ភ្ញៀវទេសចរ និងអ្នកវិនិយោគិន នឹងបន្តមកកម្ពុជាជាថ្មីកាន់តែច្រើននៅពេលដែលបរិយាកាសសេដ្ឋកិច្ចពិភពលោក មានស្ថានភាពកាន់តែប្រសើរ៕