យុទ្ធនាការនិយាយល្អពីកម្ពុជាគួរតែផ្តួចផ្តើមឡើង!
សង្គមកម្ពុជាមិនជាផូរផង់ទាំងស្រុងទេ ប៉ុន្តែក៏មិនអន់ខ្លាំងពេកដែរ ប៉ុន្តែដើម្បីជួយគ្នាលើកកំពស់ និងជំរុញអោយគេស្គាល់ពីកម្ពុជាយើងជាពលរដ្ឋគួរតែនាំគ្នានិយាយល្អពីកម្ពុជាយើងអោយបានគ្រប់ៗគ្នា ដើម្បីឲ្យគេកាន់តែស្គាល់ពីកម្ពុជាយើង ។
នៅក្នុងដែនដែនដីដែលមានទំហំ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ កម្ពុជាបែងចែកជារដ្ឋបាលខេត្តនិងរាជធានីសរុប២៥ ហើយនៅក្នុងទីតាំងទាំងអស់នោះ គឺបានចែកចែកជារដ្ឋបាលថ្នាក់ភូមិ ឃុំ ឬសង្កាត់ ស្រុក ក្រុង ខណ្ឌ ជាច្រើនបន្ថែមទៀត ហើយគ្រប់កន្លែងយើងខ្ញុំគិតថា គឺសុទ្ធតែ មានលក្ខណៈល្អទំាងអស់ ដូច្នេះប្រសិនបើយើងម្នាក់ៗអង្គុយរកនឹកចំណុចដែលល្អម្នាក់ត្រឹមតែ ១ មិនបាច់ច្រើនទេ ហើយផ្សព្វផ្សាយនោះសហគមន៍អន្តរជាតិជាពិសេសគឺទេសចរបរទេស គេនឹងស្គាល់កម្ពុជាកាន់តែច្រើន ។
ចំណុចល្អដែលគួរតែនិយាយគួរតែផ្សព្វផ្សាយនោះជាច្រើនប្រធានបទ ដោយយើងអាចជួយផ្សព្វផ្សាយពីម្ហូប ពីទីតាំងភូមិ ពីប្រវត្តិសាស្រ្ត វប្បធម៌ សាសនា របៀបរស់នៅប្រចាំថ្ងៃ សិល្បៈ ការកែច្នៃផលិតផលផ្សេងៗ ធនធានធម្មជាតិ សត្វព្រៃ ស្នាមញញឹម ពោលគឺមិនចេះខ្វះនោះទេ។
ការផ្សព្វផ្សាយបែបនេះ យើងអាចធ្វើតាមបណ្តាញសង្គមដែលយើងកំពុងតែលេង កំពុងតែពេញនិយម មានតាំងពីហ្វេសបុក តិកតក់ អ៊ីនស្តាក្រាម ធ្វីតធ័រ តេឡេក្រាម យូធូប ដែលបណ្តាញសង្គមទាំងនេះគឺសុទ្ធតែអាចផ្សព្វផ្សាយបានទូលំទូលាយ និង ងាយស្រួល ហើយមិនទាំងអស់លុយអស់កាក់ច្រើនឡើយ ។
និយាយអំពីស្រុកយើងម្នាក់មួយម៉ាត់នៅក្នុងមួយថ្ងៃវាប្រសើរជានិយាយអាក្រក់ពីសង្គមយើង។ ពីព្រោះការនិយាយអាក្រក់ពីខ្លួនយើងវាប្រៀបបីដូចជាហែកបញ្ហាអោយគេស្គាល់ និងបង្ក បញ្ហាដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គម ប៉ុន្តែផ្ទុយទៅវិញបើយើងនិយាយអំពី ចំណុចល្អ គេនឹងដឹង គេចង់ឃើញ គេចង់មកលេង គេចង់ភ្លក់ ដូច្នេះគួរតែចាប់ផ្តើមនាំគ្នានិយាយចាប់ពីពេលនេះ។
នៅលើបណ្តាញព័ត៌មានធំៗពេលខ្លះត្រឹមតែឃោសនាពីកម្ពុជាយើងតែប៉ុន្មានម៉ាត់ គឺគេសុទ្ធតែកំណត់ពាក្យ កំណត់អក្សរ កំណត់នាទី ហើយគិតលុយរាប់សិនពាន់ដុល្លារក៏មានផងដែរ ប៉ុន្តែប្រសិនបើយើងនំាគ្នានិយាយឃោសនា ផ្សព្វផ្សាយម្នាក់មួយម៉ាត់នេះ វាក៏ជាចំណុច មួយដែលអាចជួយសន្សំសំចៃរឿងឃោសនាពីកម្ពុជាយើងផងដែរ ។
យើងម្នាក់ៗចង់អោយភ្ញៀវទេសចរគេមកលេងស្រុកយើង ដូច្នេះកុំផ្សព្វផ្សាយអ្វីដែលបង្អើលគេអោយទៅស្រុកគេវិញ ដូច្នេះសរុបមកវិញយើងទាំងអស់គ្នាគួរតែរួមគ្នាចូលរួម និង ផ្តួចផ្តើមអោយមានយុទ្ធនាការនេះឡើង៕