យន្តការទាក់ទាញទេសចរណ៍គួរធ្វើពីមូលដ្ឋាន
បើនិយាយអំពីធនធានទេសចរណ៍នៅកម្ពុជាគឺមានច្រើន សឹងតែស្រុកមួយមួយមូលដ្ឋាន និងធនធានទេសចរណ៍យ៉ាងហោចណាស់មួយ ប៉ុន្តែទេសចរណ៍យើងខ្សោយដោយសារតែកង្វះការទាក់ទាញ និងផ្សព្វផ្សាយ ក៏ដូចជាការរៀបចំផ្សេងៗ ។
មកដល់ពេលនេះនៅតាមស្រុកខ្លះសក្តានុពលនៃវិស័យទេសចរណ៍មិនមានមានមួយកន្លែងនោះទេ គឺមានច្រើនកន្លែង ប៉ុន្តែគ្រាន់តែមូលដ្ឋានយើងនៅខ្វះការរៀបចំការធ្វើទីផ្សារ ការផ្សព្វផ្សាយ ក៏ដូចជាការទាក់ទាញផ្សេងៗ ។
ហើយបញ្ហាដែលយើងជួបនៅពេលនេះគឺដោយសារតែមន្រ្តី និងអ្នកដែលពាក់ព័ន្ធអាចមិនយល់ ឬមួយគិតថា មិនមានលទ្ធភាព ហើយក៏អាចថាខ្វះជំនាញ និយាយអោយចំទៅ វាអាចដោយសារតែយើងខ្វះការឆន្ទះដែលជាកម្លាំងជំរុញដ៏សំខាន់ ។
ថ្មីៗកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ហើយថា រាល់យន្តការដឹកនាំការអភិវឌ្ឈន៍របស់កម្ពុជាគួរតែត្រូវអនុវត្តតាមវិធី «គិតអោយធំអនុវត្តិពីតូច» ដែលនេះគឺជាទស្សនៈវិជ្ជមានមួយ ដែលលោកចង់អោយគ្រប់យន្តការនៃការ អភិវឌ្ឍន៍គឺចេញមកពីមូលដ្ឋានថ្នាក់ក្រោម។
នេះគឺជាទ្រឹស្តីសេដ្ឋកិច្ចមួយដែលល្អ ដូច្នេះគ្រប់ស្ថាប័នគឺគួរតែចាប់ផ្តើមរិះគិតអំពីយន្តការបែប នេះ ជាពិសេសគឺកសិកម្ម និងទេសចរណ៍នេះតែម្តង។
មកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជា បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានអោយដឹងថា មានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤ ដូច្នេះនៅក្នុងករណី មិនចាំបាច់ដល់ឃុំទេ គឺត្រឹមតែរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ អាចរើសសក្តានុពលទេសចរណ៍ មួយយកមកពង្រឹង នោះកម្ពុជាមិនខ្វះធនធាននិងមូលដ្ឋានទេសចរណ៍សម្រាប់ផ្តល់ជម្រើសជូនភ្ញៀវទេសចរបរទេសនោះទេ។
សូមកុំភ្លេចថា ទេសចរណ៍មិនត្រូវការតែមូលដ្ឋានយើងមានប្រាសាទ មានទឹកធ្លាក់នោះទេ សូម្បីតែ ម្ហូបអាហារក៏ជាយន្តការទាក់ទាញមួយមិនអាចមើលរំលងបានដែរ អោយតែយើងចេះរៀបចំនិងទាក់ទាញសម្រិតសម្រាំង។
សម័យមុខយើងអាចលំបាករឿងធ្វើទីផ្សារ រឿងទាក់ទាញ តែសម័យនេះ ការធ្វើទីផ្សារ និងការផ្សព្វផ្សាយគឺកាន់តែបើកទូរលាយ ហើយមធ្យោបាយ គឺអាចមានការឃោសនាតាម បណ្តាញសង្គម ដែលមានដូចជា ហ្វេសបុក បណ្តាញសង្គម X តេឡេក្រាម យូធូប ដែលច្រកទាំងនេះ មិនមែនផ្សព្វផ្សាយតែនៅកម្ពុជានោះទេ គឺអាចគ្រប់កន្លែង អោយតែយើងចេះ នៅក្នុងការផ្សព្វផ្សាយនិងទាក់ទាញ ហើយចំណុចសំខាន់មួយទៀតគឺការពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ ជូនអ្នកទេសចរណ៍និង ប្រជាពលរដ្ឋ។
សរុបមកវិញយន្តការនៃការទាក់ទាញទេសចរណ៍នៅក្នុងស្រុកគួរតែចាប់ផ្តើមធ្វើតាំងពីកម្រិតស្រុក ខ័ណ្ឌ និង ក្រុងឡើងទៅ ហើយនៅក្នុងករណីដែលមូលដ្ឋានទាំងនេះអាចធ្វើបាន ពិតប្រាកដ នោះទេសចរណ៍យើងនឹងដើរ ហើយជម្រើសនៃការទាក់ទាញនឹងមានច្រើន សម្រាប់អ្នកទេសចរ៕