ព្យុះទី២៥ចេញមកថែមទៀតហើយឥទ្ធិពលមិនធម្មតា

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នំា២០២៥ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ហើយព្យុះនេះ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់វានៅ ចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។

នៅក្នុងស្ថានភាពបែបនេះក្រសួងបានអះអាងថា ស្ថានភាពបែបនេះកម្ពុជាអាចនឹងទទួលបាតុភូតភ្លៀងផ្គររន្ទះ ខ្យល់កន្រ្តាក់ពី ២៥ទៅ៦៥ភាគរយឯណោះ អំឡុងពីថ្ងៃទី​ ០២ ដល់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដូច្នេះនៅក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យអុំទូកខាងមុខ សូមលើកកំពស់ការប្រុងប្រយ័ត្នឲ្យមែនទែន ជាពិសេសអ្នកដើរលេងភ្នំ ហើយសមុទ្រ ពីព្រោះទឹករលកអាចមានកំពស់ពី ០,៥០ ម៉ែត្រទៅដល់ ២,៥០ ម៉ែត្រ។

ប្រភពដដែលបានឲ្យដឹងថា សម្រាប់តំបន់វាលទំនាប គឺនៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង អ្នកនៅរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។ តំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរភ្នំបូកគោ គឺអាចនឹងទទួលបាតុភូតនេះ គឺរង្វង់ប្រមាណជា ៥០ ភាគរយ។

តំបន់ដែលគួរតែប្រុងប្រយ័ត្នខ្លាំងបំផុតនោះ គឺតំបន់ខ្ពស់រាប ដែលមាន ដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចនឹងទទួលភ្លៀងធ្លាក់និងបាតុភូតខ្យល់បោកបង់ខ្លាំងនិងខ្យល់កន្រ្តាក់ប្រមាណជាដល់ទៅ ៦៥ភាគរយឯណោះ។

នៅក្នុងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឱ្យលើកកំពស់ការប្រុងប្រយ័ត្នរាល់ការធ្វើដំណើរតាមផ្លូវគោក និង ផ្លូវទឹក ​ហើយក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពតាមដាននិងវិភាគអំពីស្ថានភាពអាកាសធាតុបន្តទៀត។

បញ្ហាអាកាសធាតុមិនថាតែនៅកម្ពុជានោះទេ គឺពិបាកព្យាករណ៍ឲ្យសុក្រិត្យណាស់ ដូច្នេះហើយចាំបាច់ត្រូវយកចិត្តទុកដាក់និងលើកកំពស់ការប្រុងប្រយ័ត្ន ផ្ទាល់ខ្លួន ដើម្បីបញ្ជៀសនូវផលប៉ះពាល់នានា ហើយដោយសារតែវាអាចនឹងមកនៅក្នុងអំឡុងពេលឈប់សម្រាកទៀតនោះ ដូច្នេះវារឹតតែប្រុងប្រយ័ត្នឡើងថែមទៀត។ ជាពិសេសពេលចាកចេញពីផ្ទះទៅដើរកំសាន្តនានា ហើយពេលធ្វើដំណើរក៏ត្រូវតែប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពលរបស់ព្យុះឃើញថា មានខ្ពស់ ពោលគឺដល់ទៅ ៦៥ភាគរយឯណោះ នៅតំបន់មួយចំនួន៕

 

Daily Program

Livesteam thumbnail