ពេលដែលរងគ្រោះបែបនេះមិនមែនជាពេលសើចយំ ហើយបើអាចជួយបានគឺគួរតែជួយ!

កម្ពុជាសំណាងជាថ្មីម្តងទៀតដែលមិនបានទទួលផលប៉ះពាល់ដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា និង ថៃ ប៉ុន្តែនៅក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ក៏គួរតែជួយគ្នាតាមលទ្ធភាព។​

សម្រាប់អ្វីដែលកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺភាគរយដែលមានពលរដ្ឋខ្មែររងគ្រោះគឺតិចណាស់ ប៉ុន្តែសម្រាប់នៅថៃ វាអាចនឹងមានពលរដ្ឋកម្ពុជាក្លាយជាជនរងគ្រោះនៅទីនោះដែរ តែមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយជាផ្លូវការថា មានពលរដ្ឋកម្ពុជារងគ្រោះនៅឡើយទេ។  

មកដល់ពេលនេះស្ថាប័នជំនាញពាក់ព័ន្ធបានកំពុង​ធ្វើការជាមួយនឹងប្រទេសថៃ និង មីយ៉ាន់ម៉ា​លើកម្មវិធីមនុស្សធម៌តាមយន្តការទ្វេភាគី និងតំបន់ ជាពិសេសគឺអាស៊ាន  ដោយបង្កើនការងារជាមួយនឹងអាជ្ញាធរថៃ ដើម្បីឲ្យបា្រកដថា ពលរដ្ឋយើងជាជនរងគ្រោះឬអត់។​

សម្រាប់ថៃគឺមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ប្រជាជននិងប្រជាជនគឺខ្លាំង។ ទីនោះគឺមានពលរដ្ឋកម្ពុជាតាំងពីអ្នកមានរហូតដល់អ្នកក្រីក្រ។ ក្រុមប្រជាពលរដ្ឋដែលមានជីវភាពធូរធារ គឺអាចមានអ្នកទេសចរ អ្នកជួញដូរ អ្នកទៅព្យាបាលជំងឺ ហើយក្រៅពីនោះគឺជាបងប្អូនកម្មករឥន្តោប្រវេសន៍ ដែលនៅទៅនោះមានរាប់ពាន់នាក់ ហើយកំពុងតែធ្វើការសឹងតែទូទាំងប្រទេសថៃ លើវិស័យសំណង់ កសិកម្ម អាជីវកម្មលក់រាយ អាហារ។ល។​

នៅក្នុងករណីដែលមានបងប្អូនប្រជាពលរដ្ឋយើង ជាជនរងគ្រោះនៅទីនោះ គឺត្រូវតែប្រាកដថា ពួកគេអាចទទួលបាននូវសេវាកម្មសង្រ្គោះ និង អាចជួយរៀបចំបែបបទ សម្រាប់ពូកគេអាចមកមាតុប្រទេសវិញបាន​។

នៅក្នុងករណីមានអ្នកស្លាប់ក៏ត្រូវតែជួយធ្វើយ៉ាងណាអាចទទួលបានសាកសព និង ជំនួយខ្លះៗដល់ក្រុមគ្រួសាររបស់ពួកគេ ដើម្បី​អាចធ្វើបុណ្យតាមប្រពៃណី តាមជំនឿរៀងៗខ្លួន។

រឿងនេះគឺជារឿងគ្រោះធម្មជាតិ គ្មាននរណាដឹងជាមុនឡើយ ដូច្នេះសូមយោគយល់ ហើយកុំបន្ទោសគ្នាករណីនេះ ហើយសូម្បីតែនៅមីយ៉ាន់ម៉ា ភាគីទំនាស់ក៏បានប្រកាសបទឈប់បាញ់នៅតាមតំបន់រងគ្រោះដែរ  ដើម្បីសម្របសម្រួលគ្នាជួយជនរងគ្រោះ។​

សរុបទៅនេះគឺជាគ្រោះធម្មជាតិ ដូច្នេះ​សូម​កុំសើចកុំយំ សម្រាប់អ្នកដែលស្គាល់គ្នាគួរតែផ្ញើសារសួរសុខទុក្ខគ្នា​ ជូនពរគ្នា ដើម្បីសម្រួលអារម្មណ៍ ហើយសម្រាប់បងប្អូនដែលមានសាច់ញាតិចេញទៅធ្វើការនៅថៃគួរតែស្វះស្វែងសួររកដំណឹងពួកគេ ដើម្បីប្រាកដថា គ្រប់គ្នាមានសុវត្ថិភាព៕

Daily Program

Livesteam thumbnail