ពលរដ្ឋបារម្ភចំពោះករណីក្មេងទំនើង !

ទោះបីជាសមត្ថកិច្ចបានដុតដៃដុតជើងបង្រ្កាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ ប៉ុន្តែសាធារណៈជនបានមើលឃើញថា ក្រុមក្មេងទំនើងហាក់មិនថមថយសោះ ផ្ទុយទៅវិញពួកគេហាក់ផ្គើននឹងសមត្ថកិច្ច។

បញ្ហានេះត្រូវបានមហាជនកត់សំគាល់នៅក្រោយពេលដែលក្រុមក្មេងទំនើងជាច្រើនាក់បានបង្កបាតុភាពយ៉ាងអនាធិបតេយ្យកាលពីអំឡុងពេលអាធ្រាត្រ ថ្ងៃសៅរ៍ទី៤ ខែមេសា ឆ្នាំ២០២៦ នៅកណ្តាលរាជធានីភ្នំពេញតែម្តង។

តាមសារព័ត៌មាននានាបានឲ្យដឹងថា នៅពេលនោះក្រុមក្មេងទំនើងជាច្រើននាក់បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា នៅម្តុំស្ថានីយចាក់ប្រេងកាល់តិច ស្តុបពេទ្យចិន ដោយគ្មានខ្លាចក្រែងច្បាប់ទម្លាប់អ្វីឡើយ។​

ជាមួយនឹងទិដ្ឋភាពនេះ មហាជនបានត្អូញត្អែរនៅលើបណ្តាញសង្គមផងដែរថា ពួកគេក្រៅពីបង្កអំពើហិង្សានៅក្នុងក្រុមទំនាស់ ក៏មានក្រុមយុវជនខ្លះព្រួតគ្នាធ្វើសកម្មភាពវាយប្លន់ អ្នកដទៃតាមរូបភាពជាជម្លោះហិង្សាផងដែរ។

ក្រៅពីនៅរាជធានីភ្នំពេញ នៅលើបណ្តាញសង្គមក៏មានការត្អូញត្អែរថា ក្រុមក្មេងទំនើងនេះវាហាក់ដូចជា កើនឡើងច្រើនកន្លែង សូម្បីតែនៅតាមខេត្តខ្លះក៏មានដែរ រហូតដល់អ្នកឃ្លាំមើលសង្គមមួយចំនួនបានស្នើឲ្យអាជ្ញាធរពិនិត្យវិធីសាស្ត្រនៃការដោះស្រាយបញ្ហាក្មេងទំនើងនេះឡើងវិញ។

អ្នកឃ្លាំមើលសង្គមខ្លះទៀតបានបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គម និងវប្បធម៌និទណ្ឌភាព ដែលជាកត្តារួមផ្សំនាំឲ្យកើតមានក្មេងទំនើង។

ជាការពិតក្មេងទំនើងនេះមិនមែនជាតួនាទីតែសមត្ថកិច្ចមួយមុខនោះទេ សង្គមទាំងមូលគួរតែចូលរួម នៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ។

ក្រៅពីសមត្ថកិច្ច អាជ្ញាធរដែនដី ក្រុមគ្រួសារ ក៏៏ដូចជាអាណាព្យាបាល និង សហគមន៍ក៏អាចនាំគ្នាចូលរួម ប្រុយុទ្ធប្រឆាំងនឹងក្រុមនេះផងដែរ។

ប្រឈមមុខនឹងស្ថានភាពបែបនេះ យើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចនិងសហការជាមួយនឹងស្ថាប័ននានា បន្តធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមនេះឲ្យបានសកម្មជាងមុនបន្ថែមទៀត។ ក្រៅពីនោះ អ្នកពាក់ព័ន្ធដូចជាអាណាព្យាបាល ចាស់ទុំនៅក្នុងគ្រួសារគួរតែណែនាំពង្រឹងនិងព្យាយាមអប់រំយុវជនយើងកុំប្រពឹ្រត្តិអំពើនេះ។ ក្រៅពីនោះសមត្ថកិច្ចក៏ត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាពនិងកាន់តែ សកម្មបន្ថែមទៀត៕

Daily Program

Livesteam thumbnail