ប្រឡងបាក់ឌុបជិតមកដល់ហើយ សូមយកចិត្តទុកដាក់បំប៉នសុខភាព និងពង្រឹងស្មារតី!
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលយើងនិយមហៅថា បាក់ឌុប ជិតមកដល់ហើយ ដូច្នេះប្អូនៗជាបេក្ខជន និងគ្រួសារគួរយកចិត្តទុកដាក់បំប៉នសុខភាព និងពង្រឹងស្មារតី ហើយក៏ត្រូវតែត្រៀមចិត្តទទួលយកលទ្ធផលនៃការប្រឡងផងដែរ។ ការប្រឡងនេះនឹងមកដល់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ហើយពីពេលនេះតទៅគឺវានៅសេសសល់ពេលតិចណាស់ ដូច្នេះការបង្ខំរៀនខ្លាំងពេកនៅពេលដែលកៀកបែបនេះ វាមានតែប៉ះពាល់ដល់សុខភាពទេ។
នេះមិនមែនជាពេលវេលាត្រូវបង្ខំឡើយ ប៉ុន្តែបើការរំលឹកមេរៀន មើលរូបមន្ត ឬមើលចំណុចខ្វះខាតដើម្បីបំពេញបន្ថែម គឺជារឿងគួរធ្វើ។ ក្រៅពីនោះ ប្អូនៗ និងក្រុមគ្រួសារ ជាពិសេសគឺឪពុកម្តាយ គួរតែយកចិត្តទុកដាក់រឿងម្ហូបអាហារ ព្រមទាំងយកចិត្តទុកដាក់បំប៉ន់ស្មារតី ដោយណែនាំឱ្យពួកគេសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីសុខភាពល្អ។ ពេលកៀកបែបនេះ ការដាក់សម្ពាធដល់ពូកគេលែងមានប្រសិទ្ធភាពហើយ ដូច្នេះមានតែថ្នមអារម្មណ៍ និងត្រៀមចិត្តត្រៀមកាយទទួលយកលទ្ធផលដែលកូនអាចធ្វើបាន។
ពេលនេះគឺជាពេលវេលាលើកទឹកចិត្ត ណែនាំ និងត្រៀមខ្លួនទទួលយកលទ្ធផល សូមកុំបង្កើតបរិយាកាសតានតឹងផ្លូវចិត្តដល់ប្អូនៗ។ រៀនដោយបង្ខំនៅពេលនេះមិនសាន់សំខាន់ទេ សំខាន់គឺណែនាំ និងរង់ចាំលទ្ធផលនៅពេលដែលប្រឡងបញ្ចប់ បើបង្ខំនៅពេលនេះ សម្ពាធផ្លូវចិត្តអាចកាន់តែប៉ះពាល់ដល់ពួកគេ។
នៅពេលដែលលទ្ធផលចេញមកយ៉ាងណាក៏ដោយ សូមណែនាំ និងតាំងចិត្តឱ្យរូបគេទទួលយកលទ្ធផលនោះ ហើយសូមផ្តាំថា លទ្ធផលគឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពក្រោយពេលដែលបានសិក្សាមកអស់ ១២ឆ្នាំ ប៉ុន្តែលទ្ធផលនេះមិនកំណត់អំពីអនាគតបានឡើយ។ អនាគត និងភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺវាត្រូវការពេលវេលា ត្រូវការបទពិសោធន៍ជីវិត ត្រូវការការភ្ញាក់រលឹក ត្រូវការការតស៊ូ និងអត់ធ្មត់ ក៏ដូចជារបៀបនៃការខំប្រឹងប្រែងរបស់មនុស្សរៀងៗខ្លួនបន្តថែមទៀត។
អ្នកដែលជាប់ គឺជាលទ្ធផលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងគ្រួសារ ហើយត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ចំណែកឯអ្នកដែលធ្លាក់វិញ ប្អូនៗត្រូវពង្រឹងស្មារតី និងទទួលស្គាល់ការខកខានរបស់ខ្លួន ប៉ុន្តែកុំអស់សង្ឃឹម គឺត្រូវតែប្រឹងប្រែងទៅមុខបន្ថែមទៀត។ បរាជ័យម្តងមិនមែនជាបរាជ័យមួយជីវិតនោះទេ វានៅមានឱកាស និងភាពជោគជ័យត្រូវរង់ចាំយើងជាច្រើនទៀត។
សរុបទៅ ទាំងអ្នកជាប់ និងអ្នកធ្លាក់ ដាច់ខាតបើសិនជាចង់ជោគជ័យនៅក្នុងជីវិត គឺត្រូវពង្រឹងការខំប្រឹងប្រែង ភាពអំណត់ និងការតស៊ូ។ ជីវិតជោគជ័យគឺមិនមែនជាវិថីដែលងាយស្រួលដើរនោះទេ ទាំងអ្នកជាប់ និងអ្នកធ្លាក់នៅតែបន្តប្រឈមមុខ ឆ្លងកាត់វិថីលំបាកលំបិន និងជួបប្រទះបញ្ហា ឬឱកាសជាច្រើនទៀត។ សូមខំប្រឹងប្រែង ហើយត្រូវចាំថា គ្មានភាពជោគជ័យណាមួយអាចមកដល់ដៃយើងបានដោយគ្មានការតស៊ូ និងការខំប្រឹងប្រែងនោះឡើយ។
