បើយើងរស់នៅក្នុងមជ្ឈដ្ឋានដែលមានគុណភាពខ្យល់ទាប! តើយើងគួររស់នៅរបៀបណា?

គុណភាពខ្យល់នៅកម្ពុជាយើងនៅកន្លែងខ្លះចាប់ផ្តើមធ្លាក់ចុះហើយ ដូច្នេះយើងគប្បីត្រូវតែដឹងអំពីរបៀបរស់នៅឲ្យសុវត្ថិភាពនៅក្នុងការប្រឈមមុខនឹងបរិយាកាសបែបនេះ ។​

គុណភាពខ្យល់នៅកម្ពុជាដូចជានៅរាជធានីភ្នំពេញផ្ទាល់ ខេត្តបន្ទាយមានជ័យ កោះកុង និង​សៀមរាប មានសេចក្តីរាយការណ៍ថា មានគុណភាពទាបដែលអាចប្រឈមមុខនឹងបញ្ហាសុខភាព​កាលពីចុងសប្តាហ៍មុន ។

គុណភាពនេះវាមិនទៀងទាត់ឡើយគឺវាអាស្រ័យដោយស្ថានភាពទូទៅផ្សេងៗដែលពាក់ព័ន្ធ ពេលខ្លះក៏ប្រែប្រួលទៅជាល្អ ពេលខ្លះក៏អាក្រក់ ដូច្នេះយើងចាំបាច់ត្រូវតែដឹងវិធីខ្លះៗដើម្បីព្យាយាមបន្សំានិងបរិយាកាសបែបនេះ ​។​

ការរស់រានមានជីវិតក្នុងតំបន់ដែលមានគុណភាពខ្យល់មិនល្អទាមទារការយកចិត្តទុកដាក់នៅលើការ កា​រពារខ្លួន និងសកម្មភាពនានារួមទាំងការងារប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវិត។

នៅក្នុងស្ថានភាពបែបនេះ យើងគួរតាមដានដំណើរវិវត្តន៍ជាប្រចាំនៃការប្រែប្រួលបរិយាកាស ។ នៅក្នុងករណីដែលបរិយាកាសត្រូវបានអ្នកជំនាញរាយការណ៍ពីការធ្លាក់ចុះ គឺគួរតែព្យាយាមរក្សាខ្លួននៅតាមអគារ ពីព្រោះវាអាចជួយបញ្ចុះនិងច្រោះកម្រិតកខ្វក់បានមួយចំណែក ។

សម្រាប់អ្នកដែលមានអាចទិញម៉ាស៊ីនបន្សុតខ្យល់ ប៉ុន្តែបើមិនមានមធ្យោបាយទេ គឺអាចព្យាយាមធ្វើការ ងារនៅក្នុងអគារក៏ជួយបានច្រើនដែរ ។ អ្នកត្រូវបិទបង្អូច និង ទ្វារ ការពារខ្យល់មិនល្អចូល ហើយកុំបំពុល បរិកាសនៅក្នុងអគារតាមរយៈការជក់បារីឫសកម្មភាពបង្កើតផ្សែងឫហុយដោយមិនចាំបាច់ ។

នៅក្នុងករណីមានកិច្ចការចាំបាច់ ទៅក្រៅ ដូចជាកម្មករសំណង់អី គឺចាំបាច់ត្រូវពាក់អាវឲ្យជិតល្អ ហើយពាក់ម៉ាសដើម្បីច្រោះយកភាគល្អិតចេញពីខ្យល់ពុលដែលយើងកំពុងតែស្ថិតនៅ ។  នៅក្នុងករណីហប់ អាចព្យាយាមចូលក្នុងទីតាំងអគារសម្រាកដកដង្ហើមឲ្យស្រួលបួលចាំបន្តការងារបន្ត ។

អស់លោក/លោកស្រីដែលចូលចិត្តហាត់ប្រាណគឺអាចកាត់បន្ថយសកម្មភាពនៅខាងក្រៅមួយរយៈ រងច់ាំគុណភាពខ្យល់ប្រសើរឡើងវិញសិន ។ នៅក្នុងផ្ទះអាចហាត់លំហាត់ប្រាណណាងាយៗមិនហត់ខ្លាំង ដើម្បីកុំអោយរាងកាយយើងត្រូវការស៊ីខ្យល់ច្រើនពេក ។

នៅក្នុងផ្ទះឫអគារគួរស្វែងរកពូជរុក្ខជាតិណាដែលអាចជួយបន្សុតខ្យល់បានល្អប្រសើរ ហើយយើងទាំងអស់គ្នាក៏គួរតែព្យាយាមកាត់បន្ថយការបំពុលដូចជាយានយន្តច្រើន ការដុតការអាំងអីគួរកាត់បន្ថយ ដើម្បីកុំអោយវារួមចំណែកបំពុលគុណភាពខ្យល់បន្ថែម ។ អាហារវិញគឺគួរតែរកអាហារណាដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាពពួកបន្លែ ស្លឹកបៃតង និងគ្រាប់ធុញជាតអាចជួយឱ្យរាងកាយរបស់អ្នកទប់ទល់នឹងភាពតានតឹងអុកស៊ីតកម្មដែលបណ្តាលមកពីការបំពុលបរិយាកាស។ ព្យាយាមរក្សាតុល្យភាពជាតិទឹកនៅក្នុងខ្លួនឲ្យបានច្រើន ។

សរុបទៅ រឿងគុណភាពខ្យល់នេះគឺគ្រប់គ្នាសុទ្ធតែត្រូវរងផលប៉ះពាល់ប៉ុន្តែអ្នកដែលគួរប្រុងប្រយ័ត្នគឺទារក និង មនុស្សចាស់ ព្រមទាំងអ្នកដែលមានបញ្ហាផ្នែកប្រព័ន្ធដង្ហើម ។ កុំបន្ទោសនរណារឿងបំពុលខ្យល់នេះ គឺយើងគ្រប់គ្នាសុទ្ធតែមានចំណែកដូច្នេះគប្បីចូលរួមសិក្សាកាត់បន្ថយ និង ត្រៀមខ្លួនរស់នៅជាមួយនឹងវាឲ្យហើយ ។

 

Daily Program

Livesteam thumbnail