បើចង់ជួយឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ពីកម្ពុជា យើងជាលរដ្ឋត្រូវជួយ
បើចង់ជួយឲ្យភ្ញៀវទេសចរបរទេសវិលត្រឡប់ហើយកាន់តែចាប់អារម្មណ៍នៅក្នុងដំណើរកំសាន្តមកកម្ពុជាកាន់តែច្រើន យើងទាំងអស់គ្នាគួរតែចូលរួមជួយគ្នាទាំងអស់គ្នា ពីព្រោះនៅពេលនេះ យើងមានធនធានច្រើនដែលយើងអាចជួយបាន។
សម័យមុនយើងមានបញ្ហាច្រើនតាំងពីសង្រ្គាម គ្មានផ្លូវគមនាគមន៍ ទៅណាមកណាដេកផ្លូវ គ្មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ ដោយរួមទាំងសេវាកម្មសមរម្យទទួលភ្ញៀវ ប៉ុន្តែពេលនេះយើងមានភាគច្រើន តែហេតុអ្វីបានជាយើងមិនជួយគ្នា។
សង្រ្គាមលែងមាន សន្តិសុខក៏ពង្រឹង ផ្លូវគមនាគមន៍ក៏មានខ្វាត់ខ្វែង ហើយសណ្ឋាគារ ភោជនីដ្ឋាន ក៏ដូចជាសេវាកម្ម រួមទាំងសមត្ថភាពបដិសណ្ឋារកិច្ចនៅក្នុងប្រទេសយើងក៏មានសំបូរបែប និងមានការទទួលខុសត្រូវ ដូច្នេះយើងគិតថា វាគឺជាសក្តានុពលមួយ ដែលយើងត្រូវតែជំនះការលំបាកនានាអោយបាន។
នៅពេលសព្វថ្ងៃនេះ និយាយអំពីធនធានគឺយើងមិនខ្វះនឹងផ្តល់អោយភ្ញៀវទេសចរនូវជម្រើសជាច្រើន ប៉ុន្តែទោះត្រង់ថា យើងម្នាក់ៗមិនចូលរួមទាល់តែសោះ ។ នៅលើបណ្តាញសង្គម អ្នកខ្លះមិនមែនមិនត្រឹមតែរិះគិតស្ថាបនាទេ គឺរិះគន់ដល់ថ្នាក់ជាន់ពន្លិច ដោយមើលមកសង្គមខ្មែរយើងគ្មានចំណុចល្អ ខណៈដែលមកដល់ពេលនេះ ជីវភាពនិងកម្រិតស្ថានភាពរស់នៅ ព្រមទាំងស្តង់ដាជីវភាពកាន់តែប្រសើរ។
ការដែលយើងចេះតែនាំគ្នានិយាយអាក្រក់នេះហើយដែលជាបច្ច័យអវិជ្ជមានមួយ ដែលនាំអោយបរទេសមើលឃើញនិងអាចយល់ច្រឡំពីកម្ពុជា ។
ឧទាហរណ៍នៅក្នុងករណីយើងចង់អោយភ្ញៀវមកលេងផ្ទះយើង ហើយចង់អោយគេស្គាល់យើង តែបើយើងនៅក្នុងផ្ទះមិនត្រូវគ្នា ចេះតែនិយាយបង្កាច់បង្ខូចតែពីគ្នាឯងតើឲ្យភ្ញៀវគេមកលេងផ្ទះហើយម៉េចកើត ។
វិស័យទេសចរណ៍ក៏ដូចគ្នា! សាកយើងទាំងអស់គ្នាស្រុះស្រួលគ្នានិយាយតែអំពីចំណុចល្អ និយាយតែចំណុចស្រស់ស្អាត កន្លែងទាក់ទាញ ពោលយើងព្យាយាមបង្ហាញអំពីស្ថានភាពល្អនៅក្នុងស្រុកយើង នោះភ្ញៀវទេសចរនឹងចាប់អារម្មណ៍ពីយើងមិនខាន។
សូមកុំគិតថា យើងសរសេរយើងនិយាយជាភាសាយើងនូវអ្វីដែលអាក្រក់ ភ្ញៀវទេសចរគេមិនដឹងណា ពីព្រោះនៅលើបណ្តាញសង្គមឥឡូវនេះ គេអាចយល់បាន ដោយសារតែមានកន្លែងបកប្រែសូម្បីតែភាសានិយាយក៏មានសម្រួលរឿងភាសានេះដែរ៕