បើកបរគោរពគន្លង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់!
ការបើកបររាល់ថ្ងៃនៅលើផ្លូវ នានា ប្រសិនបើអ្នកបើកបរគោរពគន្លងច្បាស់លាស់ ហើយមើលសញ្ញាបញ្ជាចរាចរណ៍ព្រមទាំងគោរពល្បឿនបើកបរវាពិតជារួមចំណែកនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ច្រើនណាស់ ។
នៅកម្ពុជាគ្រោះថ្នាក់ចរាចរណ៍គឺពិតជាខ្ពស់ដោយមួយថ្ងៃវាអាចសម្លាប់មនុស្សជាមធ្យមរហូតដល់ទៅ៥,៤ នាក់ឯណោះ ពោលគឺខ្ពស់ណាស់ ដូច្នេះរាល់ការបើកបរគួរតែលើកកំពស់ការប្រុងប្រយ័ត្នជាពិសេសគឺត្រូវតែគោរពគន្លង ប្រកាន់ស្តាំ ប្រុងប្រយ័ត្ន គោរពល្បឿន មើលស្លាកបញ្ជាចរាចរណ៍ គោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍ ហើយសំខាន់បំផុតនោះគឺសូមបើកបរដោយការទទួលខុសត្រូវ ។
ការបើកបរដោយការទទួលខុសត្រូវគឺជាការបើកបរដែលមិនប្រើប្រាស់គ្រឿងស្រវឹង បើកបរនៅក្នុងស្ថានភាពដែលចេះយោគយល់អធ្យាស្រ័យ ហើយបើកបរត្រូវចេះគោរពច្បាប់ចរាចរណ៍ ដោយរាល់ការបង្កើនល្បឿន ឫបន្ថយល្បឿន គឺត្រូវមើលឆ្វេងស្តាំ ឲ្យបានច្បាស់លាស់ ។
រាល់ពេលបើកបរសូមតាំងចិត្តឲ្យធ្ងន់កុំឆេវឆាវ ពេលវ៉ាឫជែងត្រូវមើលគំនូសនិងពិនិត្យស្ថានភាពឲ្យច្បាស់លាស់ ។
ប្រសិនបើម្នាក់ៗយើងទាំងអស់គ្នាអាចចូលរួមប្រកាន់និងអនុវត្តការបើកបរប្រកបដោយការទទួលខុសត្រូវទាំងអស់គ្នា ដោយគ្មានការប្រមាថ គ្មានការអាង នោះយើងទាំងអស់គ្នានឹងមានសេចក្តីសុខ ហើយគ្រោះថ្នាក់ក៏វានឹងថយចុះផងដែរ ប៉ុន្តែប្រសិនបើយើងនៅតែមានចរិតអត្មានិយមនៅក្នុងពេលបើកបរ នោះគ្រោះថ្នាក់គឺពិតជាពិបាកនឹងកាត់បន្ថយណាស់ ។
ច្បាប់យើងមាន តែនៅពេលណាដែលយើងខ្វះការទទួលខុសត្រូវខ្វះការចូលរួម ខ្វះការរគោរព និង ខ្វះការប្រុងប្រយ័ត្ន ហើយបន្តនាំគ្នាប្រើប្រាស់ផ្លូវដូចនៅក្នុងស្ថានភាពសព្វថ្ងៃនេះ ទោះជាច្បាប់ល្អប៉ុណ្ណា ក៏ស្ថានភាពគ្រោះថ្នាក់និងសណ្តាប់ធ្នាប់ចរាចរណ៍នៅក្នុងស្រុកយើងគឺវានៅដដែលជាដដែល ។
ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានស្ថានភាពប្រសើរខ្លាំង គឺនៅពេលដែលប្រទេសមានបញ្ហាកូវីដ១៩ ដែលស្ថានភាពចរាចរណ៍ធូរស្រាល ពលរដ្ឋមិនសូវធ្វើដំណើរច្រើន ប៉ុន្តែចាប់តាំងពីកូវីដ១៩ស្ងាត់កំណើននៃគ្រោះថ្នាក់ក៏ហាក់មានស្ថានភាពកើនឡើងឡើងវិញ ដូច្នេះសូមលើកកំពស់ការចូលរួមហើយនាំគ្នាគោរព ។ យើងគោរព គេគោរព នោះគ្រោះថ្នាក់នឹងកាត់បន្ថយឯង តែបើយើងគោរពគេមិនគោរពវាដូចជាដដែល ដូច្នេះគប្បីយើងទាំងអស់គ្នាគោរពនិងប្រើប្រាស់ផ្លូវក៏ដូចជាការបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ ។