បុរស បើអាចចូលចង្រ្កានជាមួយភរិយា ឬគ្រួសារកាន់តែកក់ក្តៅ
ថ្វីត្បិតតែបុរសកាន់តែច្រើនចាប់ផ្តើមយល់ និងជួយហើយក៏ដូចជាប្រឡូកនៅក្នុងកិច្ចការផ្ទះជាមួយនឹងស្រ្តីជាភរិយា ឬជាមួយនឹងម្តាយកាន់តែច្រើន ប៉ុន្តែក៏នៅតែមានក្រុមបុរសដែលមានគំនិតអភិរក្សនិយមនៅច្រើនដែរ។
មកដល់សម័យនេះរវាងបុរស និងស្រ្តីគឺមានសិទ្ធិស្មើតែគ្នាទេ ហើយនៅក្នុងគ្រួសារជាច្រើនដើម្បីរកចំណូលទប់ជីវភាពគ្រួសារគឺតម្រូវឲ្យបុរស និងស្រ្តីត្រូវចេញទៅធ្វើការដូចគ្នា ប៉ុន្តែក៏នៅមានគ្រួសារខ្លះស្រ្តីត្រូវបង្ខំចិត្តនៅផ្ទះ ឬបើករបរបន្តិចបន្តួចដើម្បីបានថែទាំកូន ដោយសារតែភាពទាល់ដៃទាល់ជើងមិនមានអ្នកណាមើលថែទាំកូន ។
នៅក្នុងស្ថានភាពបែបនេះបុរសជាច្រើនបានចាប់ផ្តើមយល់ពីការលំបាករបស់ស្រ្តីហើយនៅពេលដែលចេញពីធ្វើការគឺក៏នាំគ្នាជួយគ្នាមួយដៃមួយជើងនៅចង្រ្កាន ហើយក៏មិនប្រកាន់ខ្លួននឹងកិច្ចការផ្ទះជាច្រើនរាប់តាំងពីបោកសម្លៀកបំពាក លាងចាន ជូតផ្ទះ ងូតទឹកអោយកូន និង ធ្វើនេះធ្វើនោះនៅក្នុងផ្ទហ ប៉ុន្តែក៏មានបុរសមួយចំនួននៅតែប្រកាន់ទស្សនៈមិនប៉ះកិច្ចការផ្ទះ ហើយចាត់ទុកការប្រឡូកប្រឡាកនឹងកិច្ចការផ្ទះជាការអប់កិត្តិយសទៅវិញ។
កិច្ចការផ្ទះមិនមែនជាកិច្ចការថោកទាបឡើយ ហើយវាមិនមែនជាកិច្ចការដែលត្រូវប្រកាន់រវាងបុរសនិងស្រ្តីនោះទេ អ្វីដែលសំខាន់គឺជួយគ្នា ហើយការជួយគ្នាសម្រាលបន្ទុកគ្នានេះហើយទើបជាស្នូលនៃសុភមង្គលនៅក្នុងគ្រួសារ ហើយវាក៏ជាការឆ្លុះបញ្ចាំងនិងបង្រៀនមេរៀនជីវិត ចែករំលែកដល់បុត្រធិតានៅក្នុងគ្រួសារ។
សម្រាប់គូរស្វាមីដែលធ្វើការក្រៅដូចគ្នាគឺសុទ្ធតែហត់ដូចគ្នា ដូច្នេះនៅពេលដែលយើងមកពីហត់នៅក្រៅហើយមកចែករំលែកការហត់នៅក្នុងគ្រួសារក៏ជារឿងមួយសក្តិសមដែរ ប៉ុន្តែបើយើងទាំងពីហត់ដូចគ្នាមកដល់ផ្ទះមួយហត់មួយសម្រាកលំហែរការមើលបំណាំនឹងកើតមាននៅពេលនោះនឹងមានជម្លោះដូច្នេះតើភាពកក់ក្តៅនៅឯណា ។ នៅក្នុងករណីស្វាមីធ្វើការប្រពន្ធនៅផ្ទះយើងក៏មិនត្រូវមើលរំលងដែរ ពីព្រោះការងារផ្ទះថ្វីត្បិតតែអត់ចំណូល ប៉ុន្តែគឺរវល់តាំងពីព្រលឹមទល់ព្រលប់ ដូច្នេះពេលដែលយើងមកផ្ទះយើងអាចជួយសម្រាលនេះសម្រាលនោះភរិយាក៏ជាការបង្ហាញនូវអារម្មណ៍ចែករំលេកសុខទុក្ខជាមួយគ្នាដែរ។
សរុបមកវិញ ការងារខាងក្រៅក៏សំខាន់ហើយការងារផ្ទះក៏សំខាន់និងមានតម្លៃស្មើរគ្នា ដូច្នេះបុរសនិងនារីគួរតែជួយធ្វើការនិងចែករំលែកការហត់នឿយនឹងគ្នាទៅវិញទៅមក ។ ការងារផ្ទះមិនមែនជាការងារកំណត់ភេទឡើយ ការជួយគ្នាគឺជាមូលដ្ឋាននៃការចែករំលែកសុខទុក្ខ ជាការសម្រាន្តបន្ទុក ដូច្នេះប្រសិនបើលោកអ្នកមិនមើលបំណាំ ចេះជួយគ្នាគឺពិតជាប្រពៃណាស់សម្រាប់គ្រួសារ៕