បិណ្ឌត្រឡប់ទៅភូមិស្រុកកុំស្ពាយបំណុលទុកជូនឪពុកម្តាយនៅស្រុក !
ជិតដល់ភ្ជុំបិណ្ឌហើយបងប្អូនដូច្នេះពេលទៅស្រុកសប្បាយជួបជុំបងប្អូនសាច់ញាតិ កាប់មាន់កាប់ទា ហូបចុកសប្បាយៗចុះតែសូមមានព្រំដែន ហើយបើសិនជាមិនគិតបានគិតរឿងសុខភាពខ្លួនឯងទៀត ហើយជាពិសេសគឺសូមកុំនាំទុក្ខនាំទោស នាំបំណុលអោយឪពុកម្តាយនៅស្រុកភូមិ ។
បុណ្យឈប់សម្រាកភ្ជុំបិណ្ឌនៅពេលខាងមុខនេះពោលគឺនៅដើមខែតុលា ការសប្បាយរីករាយជួបជុំបងប្អូនរមែងមានការហូបចុកជុំគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការហូបចុកនេះគឺសូមទៅតាមលទ្ធភាព តាមស្ថានភាពគ្រួសារ ហើយកុំហ៊ឺហារ តែហ៊ឺហាផ្តេសផ្តាស់មិនត្រឹមតែចាយសល់ខែប៉ុណ្ណោះទេ គឺថែមទាំង អាចជំពាក់បំណុលរឿងគេរឿងការហូបចុកនេះផងដែរ ។
នៅក្នុងសង្គមយើងនៅពេលនេះ មានពលរដ្ឋមិនតិចទេ ដែលបង្ករបញ្ហាជូនឪពុកម្តាយពីព្រោះតែការហូប ចុកសប្បាយភ្លេចគិត ដោយអ្នកខ្លះបីថ្ងៃបីយប់ហូបចុកសំបកកំប៉ុងឡើងពេញក្រោមផ្ទះពេញដូចជាខ្លួនឯងនេះមានលុយមានកាក់ធំដុំមែនទែន ប៉ុន្តែរួចភ្ជុំធ្វើដំណើរមកបាត់ ទុកបំណុលស្រាបៀ ទុកបំណុលចំណីចំណុកហូបចុកសប្បាយនេះ ទុកឲ្យឪពុកម្តាយដោះស្រាយបន្ថែមទៀត ខណៈដែលខ្លួនឯងទៅលេងផ្ទះគឺគ្មានមានអ្វីជាដុំកំភួនជូនឪពុកម្តាយផង ក៏មានដែរ ។
ហូបចុកក៏ហូបចុះ ដោយសារតែឱកាសបែបនេះជាឱកាសកម្រ តែកុំភ្លេចកុំហូបចុកជ្រុលគ្រប់គ្រងខ្លួនឯងមិនបានបណ្តាលឲ្យមានរឿងមានបញ្ហាមានទុក្ខរាប់ចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសុខភាព រហូតដល់បំណុលជូនអ្នកផ្ទះនេះឯង ។ ការហូបចុកជួបជុំ គឺគួរតែមានកម្រិត ហើយកុំច្រើនពេក ហើយក៏កុំ ជោគជាំពេក ។ ហូបចុកគួល្មមៗបានហើយ បើហូបចុកច្រើន រឿងគួរបារម្ភគឺអស់ថវិការក៏ច្រើន ហើយ ក៏អស់កម្លាំងកាយកម្លាំងចិត្តអត់មានផលប្រយោជន៍អ្វីទាំងអស់ ។
ម្យ៉ាងវិញទៀតការហូបចុកនេះទៀតសោតប្រសិនបើអាចគឺគ្រាន់តែហូបចុកជួបជុំបងបន្អូនដោយអត់មាន គ្រឿងស្រវឹងក៏ម្យ៉ាងដែរ ហើយនេះគឺជាប្រកាសដែលយើងគួរតែយកចិត្តទុកដាក់ ហើយកាត់បានគួរតែកាត់ចោលនូវគ្រឿងស្រវឹង ជាពិសេសគឺសូមកុំលង់ហូបចុកគិតផ្សងសំណាងយករង្វាន់មួយខែ៣០០ ដុល្លារ នៅក្នុងមួយខែនារយៈពេល៣ឆ្នាំហើយក្រុមហ៊ុនខ្លះដល់ទៅ ១០០០ ដុល្លារនៅក្នុងរយៈពេល ដល់ទៅ១០ឆ្នាំ។ ទម្រាំបានរង្វាន់មិនដឹងយើងត្រូវបូជាសរីរាង្គយ៉ាងណានោះទេ ហើយត្រូវចាំថា បើក្រុមហ៊ុនគេអោយអំណោយគ្រប់តែគ្នា តើក្រុមហ៊ុនផលិតគ្រឿងស្រវឹងទាំងនោះ សុខចិត្តខាតឫអត់។
សរុបសេចក្តីទៅយើងអាចធ្វើម្ហូបហូបបាយជួបជុំបងប្អូន ហើយជួយគ្នាវេចនំ ធ្វើចង្ហាន់ដើម្បីយកទៅជូនឪពុកម្តាយ និង ញាតិមិត្តចាស់ៗនៅក្នុងភូមិទៅតាមសមត្ថភាពតាមធនធានក៏អាចមានសារៈសំខាន់ផងដែរ មិនចាំបាច់ដល់ទៅមានការផឹកស៊ីជាពិសេសគឺគ្រឿងស្រវឹង ។