នៅថ្ងៃបុណ្យអុំទូកខាងមុខ សូមមកលេងភ្នំពេញអោយបានកុះករ
បន្ទាប់ពីខកខានរៀបចំព្រឹត្តិការណ៍ក៏ដូចជាពិធីនានានៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ជាបន្តបន្ទាប់ដោយសារកូវីដ១៩ តែឆ្នាំនេះពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ខាងមុខនេះ រាជធានីភ្នំពេញនឹងរៀបចំពិធីនេះជាថ្មី ដូច្នេះសូមមកលេងនៅរាជធានីភ្នំពេញអោយបានកុះករ ។
តាមដែលសម្តេចធិបតី នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រពៃណីសប្តាហ៍ខាងមុខនេះ នឹងរៀបចំឡើងយ៉ាងអធិកអធម ដោយសម្តេចបានណែនាំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អោយពង្រឹងលើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពចលាចលក្នុងសង្គមនៅក្នុង ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខាងមុខនេះឲ្យបានម៉ឺងម៉ាត់។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំ ដល់អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធអោយ ត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកឱ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះហើយផងដែរ។
ហើយក្រៅពីនេះដើម្បីអោយឱកាសបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែខាងមុខនេះកាន់តែអធិកអធមស្រស់ស្អាត មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារយ៉ាងសកម្ម ទៅលើការតុបតែង ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង។ ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យជាដើម បន្ថែមពីនេះ មន្ទីរនូវបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសម្រាមនៅលើសួនច្បារថែមទៀត។
នៅពេលនេះព្រះរាជពិធីនេះនៅមិនទាន់រៀបចំទេ ប៉ុន្តែសម្រស់ និងសន្តិសុខនៅក្នុងរាជធានីកំពុងតែពង្រឹង និងរៀបចំយ៉ាងស្រស់ស្អាត ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលបងប្អូន និងអ្នកទេសចរមកមើលការប្រណាំងទូក បណ្តែតប្រទីប ដែលឆ្នាំនេះចំនួនប្រទីបគឺមានដល់ទៅជាង ៣០ មានកម្មវិធីប្រគុំតន្រ្តី មានកម្មវិធីនេះកម្មវិធីនោះជាច្រើន ដោយរួមទាំងការបាញកាំជ្រួញជាច្រើនថែមទៀត ដូច្នេះសូមកុំភ្លេចមកលេង។
សរុបមកវិញពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ គឺជាព្រះរាជពិធីពិសេសមួយ ដែលគេរៀបចំតែនៅរាជធានីភ្នំពេញ ដែលខុសពីបុណ្យនានា ហើយគាប់ជួនយើងអាក់ខានប៉ុន្មានឆ្នាំ ដូច្នេះកម្មវិធីសប្បាយៗ និង មានអត្ថន័យជាច្រើននៅរង់ចាំយើងមកទស្សនា កំសាន្ត ហើយក៏ឆ្លៀតពេលនេះមកមើលការការរីកចម្រើនជាក់ស្តែងរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសកម្ពុជាផងដែរ៕