ទោះលំបាកយ៉ាងណា ក៏ប្រាក់ខែអប្បបរមារបស់កម្មការនីរោងចក្រកាត់ដេរនៅតែបន្តឡើង !
ដោយសារតែវិបត្តិនានា ស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ទាបជាងពីមុនទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏បងប្អូនកម្មករនិងកម្មការនីរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង និង ផលិតផលធ្វើដំណើរនានានៅតែមានឱកាសទទួលការតម្លើងប្រាក់ខែដែលគេហៅថា ប្រាក់ឈ្នួលអប្បបរមាប្រចាំខែដែរ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាបានកំណត់ជាផ្លូវការនូវប្រាក់ឈ្នួលអប្បបរមាប្រចាំខែថ្មីចំនួន ២១២ ដុល្លារ សម្រាប់បងប្អូនកម្មករនិងកម្មការនីនៅរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ ២០២៧។
អត្រាថ្មីនេះបង្ហាញពីការកើនឡើង ២ ដុល្លារ បើធៀបនឹងកម្រិតមូលដ្ឋានបច្ចុប្បន្នគឺ ២១០ ដុល្លារនៅក្នុងឆ្នាំ២០២៦នេះ ។
ក្រៅពីប្រាក់ឈ្នួលមូលដ្ឋាន កម្មករនិងកម្មការនីនឹងបន្តទទួលបានប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែតាមស្តង់ដារ។ ប្រាក់ឧបត្ថម្ភទាំងនេះរួមមាន ប្រាក់រង្វាន់សម្រាប់ការមកធ្វើការទៀងទាត់ ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃផ្ទះ និងការធ្វើដំណើរ។ ដូច្នេះប្រាក់ចំណូលសរុបដែលកម្មករទទួលបាន ក៏មានការគាំទ្របន្ថែមផងដែរតាមរយៈការដំឡើងប្រាក់ឧបត្ថម្ភការធ្វើដំណើរចំនួន ២,៥ ដុល្លារក្នុងមួយខែ ដែលត្រូវបានអនុវត្តកាលពីដើមឆ្នាំនេះ ដើម្បីជួយសម្រាលបន្ទុកកម្មករចំពោះការកើនឡើងនៃថ្លៃដឹកជញ្ជូន ។
សរុបទៅ ប្រាក់ឈ្នួលមូលដ្ឋានសម្រាប់ឆ្នាំ ២០២៧ ដែលរួមបញ្ចូលទាំងប្រាក់ឈ្នួលអប្បបរមា និងប្រាក់ឧបត្ថម្ភបន្ថែមដែលកម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរទទួលបាននោះ នឹងមានចន្លោះពី ២៣១,៥ ដុល្លារ ទៅ ២៤២,៥ ដុល្លារក្នុងមួយខែ។
ជាការពិតការសម្រេចតម្លើងនេះសម្រាប់បងប្អូនកម្មករនិងកម្មការនីម្នាក់ៗប្រាក់២ដុល្លារនេះមិនច្រើនទេ ប៉ុន្តែកុំភ្លេចថា វាច្រើនសម្រាប់អ្នកដែលទទួលខុសត្រូវ ។
តាមទិន្នន័យពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាវិស័យនេះមានរោងចក្រ និងសាខារោងចក្រជាង ១.៨០០ ដែលផ្តល់ការងារដល់កម្មករប្រហែល ១,១ លាននាក់ ដូច្នេះគុណមើលទៅតើអ្នកទទួលខុសត្រូវ ត្រូវរ៉ាប់រងមួយខែៗប៉ុន្មានជាសរុបបន្ថែម ។
ជារួមមកនៅក្នុងស្ថានភាពដ៏លំបាកបែបនេះ យើងសង្ឃឹមថា បងប្អូនកូនក្មួយជាកម្មករនិងកម្មការនីរោងចក្រកាត់ដេរ វាយនភណ្ឌ ស្បែកជើង និង ផលិតផលធ្វើដំណើរនានា នឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ជំនាញនិងការខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវដើម្បីអភិវឌ្ឈន៍អាជីពរបស់យើង ។ ហើយកុំភ្លេចក្រៅពីទទួលខុសត្រូវការងារក៏ខំពុះពារបន្តនិងពង្រីកចំណេះជំនាញដើម្បីបង្កើនប្រសិទ្ធភាពនិងកាន់តែរីកចំរើននៅក្នុងអាជីពបន្តទៀត ។
