ទៀតហើយ ! កាន់កាំភ្លើងមិនចំណេញឡើយ គឺមានតែទុក
អ្នកដែលនិយមកាន់កាំភ្លើងខ្វះសតិខ្វះការគ្រប់គ្រងចិត្តបានល្អ រមែងមានទុក្ខមានទោសដល់ខ្លួន ជាបន្តបន្ទាប់ប៉ុន្តែនៅតែមានអ្នកដែលកាន់ ដូច្នេះដើម្បីបញ្ជ្រាសទុកបញ្ជាទោសគួរកុំកាន់អីល្អជាង ពីព្រោះខ្លាច ថ្ងៃអារម្មណ៍អត់ល្អយើងមានបញ្ហាដោយសារវា ។
អស់ពីករណីមួយចូលមួយករណីមួយមិនចេះអស់មិនចេះហើយតែម្តងរឿងកាំភ្លើងនេះ ជាក់ស្តែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែដីម្នាក់ និងអ្នកបើកឡានម្នាក់ ពាក់ព័ន្ធនឹងករណីដកកាំភ្លើងបាញ់ឡើងលើនៅក្នុងក្លឹបរាត្រីមួយកន្លែង ធ្វើឱ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅព្រោងព្រាត ។
ករណីចាប់ចងពាក់ព័ន្ធនឹងពិរុទ្ធភាពដោយសារតែកាំភ្លើងជាដើមចមនេះត្រូវបានគេដឹងថាវាកើតមានឡើងនៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្លឹបកំសាន្ត Central.X ។
ករណីនេះកើតឡើងនៅក្នុងក្រុមផឹកស៊ីនៅក្លឹបកំសាន្តនោះ ដោយគេឃើញបុរសម្នាក់ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ ហើយក៏មានបាតុភាពខ្លះកើតឡើងរហូតផ្ទុះ ឡើងលើ០១គ្រាប់ រហូតសមត្ថកិច្ចចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួននិងសាកសួរនាំតាមបច្ចេកទេស ជនសង្ស័យទាំងពីរត្រូវបាន សមត្ថកិច្ច ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។
ឃើញទេនេះហើយគឺជាសក្ខីភាពថ្មីពាក់ពាក់និងទុក្ខហើយនិងទោសបណ្តាលមកពីកាន់អាវុធ ។ តើវាចាំបាច់ណាស់ទៅឫទៅណាមកណាត្រូវកាន់អាវុធឫដាក់អាវុធតាមខ្លួនតាមរថយន្ត ។ស្រុកយើងមានសន្តិភាពមកយូរហើយ រីឯបញ្ហាសន្តិសុខនិងសុវត្ថិភាពក៏កាន់តែប្រសើរ ចាំបាច់អីទៅកាន់អាវុធ ។
ទោះយើងមានប៉ុណ្ណាក៏ដោយ ហើយបើនិយាយអំពីបុណ្យស័ក្តិវិញធំប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅក្រៅរង្វង់ប្រតិតបត្តិការ ឫគ្មានបេសកម្មទេ គួរតែទុកអាវុធជាតិផ្ទុះទាំងនេះនៅកន្លែងធ្វើការវិញវាមានសុវត្ថិភាពជាង ដូច្នេះអស់លោក/លោកស្រីដែលមានអាវុធសូមបញ្ឈប់នាំគ្នាកាន់អាវុធក្រៅបទបញ្ជាទៅ ។
បើមានបញ្ហាមានអំពើហិង្សា សូមយកច្បាប់មកដោះស្រាយ កាលណាយើងយកអាវុធមកដោះស្រាយគឺយើងមានតែខាតបង់មានតែបរាជ័យប៉ុណ្ណោះ ពីព្រោះអាវុធមិនមែនចេះតែប្រើប្រាស់តាមចិត្តនោះបានឡើង ដោយឡែកសមត្ថកិច្ចក៏គួរតែបន្តរិតបន្តឹងការអនុវត្តច្បាប់ប្រើប្រាស់អាវុធផងដែរ មិនមែនមានលុយមានអំណាចចេះតែមានសិទ្ធិទិញវាយកមកប្រើប្រាស់ផ្តេសផ្តាសបែបនេះឡើយ ។