ត្រៀមខ្លួនហើយឬនៅប្អូនៗ និងអាណាព្យាបាល! លទ្ធផលប្រឡងនឹងចេញនៅថ្ងៃទី ២ ខែកញ្ញា ខាងមុខ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី ១០ និង ១១ ខែសីហា ឆ្នាំ២០២៦ នឹងចេញនៅថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ។ សូមត្រៀមខ្លួនទទួលយកលទ្ធផលដែលខ្លួនបានទទួល ហើយរៀបចំផែនការជីវិតបន្ត។ ជាការពិត កាលពីថ្ងៃទី ១០ និង ១១ ខែសីហា ឆ្នាំ២០២៦ ប្អូនៗសរុបប្រមាណជា ១៥១.២៣៨ នាក់ បានចូលរួមប្រឡងនេះក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងនោះបានប្រព្រឹត្តទៅយ៉ាងប្រក្រតី ហើយតាមការអះអាងរបស់ក្រសួង គឺអ្នកចេះនឹងជាប់។

ក្រោយការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជាបន្តបន្ទាប់ ដូច្នេះនៅពេលដែលលទ្ធផលប្រឡងចេញមក សូមប្រុងប្រៀបទទួលយកវា ហើយរៀបចំផែនការជីវិតទៅតាមលទ្ធផលនោះ។ លទ្ធផលនៃការប្រឡងមានទាំងជាប់និងធ្លាក់ គ្រាន់តែអ្នកជាប់មាននិទ្ទេសចាប់ពី E រហូតដល់ A ហើយអ្នកដែលជាប់នឹងរីករាយទៅតាមនោះ។ ចំណែកអ្នកធ្លាក់ក៏អាចនឹងទុក្ខសោកក្រៀមក្រំ ប៉ុន្តែកុំអស់សង្ឃឹម។

ក្រៅពីបេក្ខជនហើយនោះ សមាជិកគ្រួសារ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលក៏មានអារម្មណ៍ទៅតាមនោះដែរ ប៉ុន្តែប្រសិនបើបុត្រាបុត្រីអ្នកទាំងអស់គ្នាបរាជ័យ សូមកុំស្តីបន្ទោស គឺសូមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពួកគេ។ លទ្ធផលចេញមកហើយ ទោះស្តីបន្ទោសក៏មិនបានអ្វីមកវិញដែរ ហើយលទ្ធផលក៏មិនអាចប្រែជាជាប់វិញបានដែរ។ សូមកុំដាក់បន្ទុក និងនាំឱ្យគេកាន់តែអស់សង្ឃឹមថែមទៀត។

លទ្ធផលជាប់ធ្លាក់នៅថ្ងៃទី ២ ខែកញ្ញា នេះ គ្រាន់តែជាជោគជ័យមួយជំហានប៉ុណ្ណោះ។ នៅពេញមួយឆាកជីវិតនេះ មិនមែនមានន័យថាអ្នកដែលជាប់ចេះតែបានជោគជ័យក្នុងជីវិតរហូតទេ ហើយអ្នកដែលធ្លាក់ក៏មិនមែនមានន័យថាជីវិតបរាជ័យរហូតដែរ។ អ្វីដែលសំខាន់គឺការដាក់ផែនការ ការរៀបចំផែនការជីវិត និងការភ្ញាក់ខ្លួនប្រឹងប្រែងរៀបចំសកម្មភាពជីវិតនៅពេលអនាគតបន្តទៅមុខ។

ឆាកជីវិតមនុស្សវែងឆ្ងាយ ថ្ងៃនេះបរាជ័យ តែជោគជ័យនៅថ្ងៃមុខក៏មាន ប៉ុន្តែជោគជ័យបរាជ័យគឺវាសំខាន់អាស្រ័យលើការខំប្រឹងប្រែង ភ្ញាក់រលឹក ឧស្សាហ៍ព្យាយាម តស៊ូ ដួលកន្លែងណាងើបកន្លែងនោះ ហើយរៀបចំផែនការជីវិតបន្ត និងសំខាន់គឺការកែខ្លួន។

សរុបទៅ ឆាកជីវិតរបស់ប្អូនៗនៅដើរនិងឆ្លងកាត់វិថីនៃជីវិតដ៏វែងឆ្ងាយណាស់ សំខាន់គឺការតស៊ូជំនះរាល់ឧបសគ្គដែលនឹងមកដល់ចំពោះមុខ ហើយទាំងអ្នកធ្លាក់និងអ្នកជាប់ត្រូវតែមានស្មារតីតស៊ូខំប្រឹងបន្តទៀត។ ជីវិតនៅវែងឆ្ងាយ ហើយត្រូវឆ្លងកាត់ព្យុះភ្លៀងនិងឧបសគ្គរាប់ជំពូកទៀត។ អ្នកជោគជ័យកុំមានមោទនភាពជ្រុល ហើយអ្នកបរាជ័យក៏កុំទោមនស្សរហូតបាត់ការតស៊ូនិងភ្ញាក់រលឹក។

 

Daily Program

Livesteam thumbnail
khmer popup image