តោះដាក់គោលដៅដើរលេងនៅប្រទេសកម្ពុជាយើងឱ្យបានច្រើនកន្លែង!

ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ដែលកំពុងតែធ្លាក់ចុះ យើងទាំងអស់គ្នាគួរតែនាំគ្នាដាក់គោលដៅដើរលេងនៅក្នុងប្រទេសឱ្យបានច្រើនកន្លែង ក្នុងករណីដែលយើងមានធនធាន។ មកដល់ពេលនេះ ភ្ញៀវទេសចរបរទេសធ្លាក់ចុះច្រើន ដូច្នេះអស់លោក លោកស្រីដែលមានធនធាន មិនគួរគប្បីនាំគ្នាវេចលុយទៅលេងនៅក្រៅប្រទេសឡើយ គួរតែបង្កើតកម្មវិធី និងដើរលេងកម្សាន្តនៅក្នុងប្រទេសឱ្យបានច្រើនកន្លែង ពីព្រោះនៅពេលនេះ សេវាកម្មទេសចរណ៍នៅក្នុងស្រុកយើងក៏គ្រាន់បើដែរ ហើយរមណីដ្ឋាននានាក៏កំពុងតែកែលម្អទាំងសោភ័ណភាព និងសេវាកម្មប្រហើរ ដែលកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

ករណីដូចជានៅខេត្តសៀមរាបជាដើម សេវាកម្មទេសចរណ៍នៅទីនោះ រាប់តាំងពីកន្លែងស្នាក់នៅ ស្ប៉ា សូណា និងភោជនីយដ្ឋានជាដើម គឺកំពុងតែស្ថិតនៅក្នុងកម្មវិធីបញ្ចុះតម្លៃចាប់ពី ១០ភាគរយ រហូតដល់ ៥០ភាគរយឯណោះ។ នេះគឺជាឱកាសដ៏ល្អ ដោយនៅរដូវកាលនេះ ថ្វីត្បិតតែវាអាចមានភ្លៀងធ្លាក់ច្រើន ប្រដេញគ្នា ឬរំខានបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដូវកាលនេះទេសភាពគឺបៃតងស្រស់ ហើយខ្យល់អាកាសក៏ត្រជាក់អំណោយផលស្រួលផងដែរ។

នៅក្នុងស្ថានភាពបែបនេះ យើងគួរតែឆ្លៀតពេលវេលាសម្រាកចុងសប្តាហ៍ បង្កើតកម្មវិធីដើរលេងកម្សាន្ត ភ្លក់ម្ហូបអាហារប្លែកៗនៅតាមគោលដៅនានា និងសាកល្បងសេវាកម្មដែលគេកំពុងតែប្រឹងប្រែងកែសម្រួល។ មកដល់ពេលនេះ នៅសៀមរាបព្រៃព្រឹក្សា ប្រាសាទបុរាណ ព្រលឹងដូនតាយើង កំពុងតែរង់ចាំយើងទៅលេង ទៅសួរសុខទុក្ខ និងទៅស្វែងយល់ពីឫសគល់នៃវប្បធម៌ និងអរិយធម៌របស់យើងបន្ថែម។ ប្រាសាទបុរាណនៅទីនោះមានជាច្រើនកន្លែង ហើយសេវាកម្មទេសចរណ៍ទំនើបក៏មានដែរ ដូចជានៅតំបន់ផាប់ស្រ្ទីត (Pub Street) ជាដើម។

ក្រៅពីសៀមរាប ភូមិភាគឦសានក៏មិនអន់ដែរ ទីនោះមានព្រៃព្រឹក្សា ទឹកធ្លាក់ ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច និងអាហារប្លែកៗជាច្រើនដែលគេកំពុងតែផ្សព្វផ្សាយ មានទាំងសត្វផ្សោតដែលជាសត្វថនិកសត្វក្នុងទឹកដ៏កម្រ និងសត្វព្រៃកម្រៗជាច្រើនទៀត។ រីឯនៅតំបន់ឆ្នេរក៏មិនអន់ដែរ ហើយកំពុងតែมีអ្នកទេសចរដើរលេងស្រាប់ ទីនោះមានរមណីដ្ឋាន និងសកម្មភាពកម្សាន្តប្លែកៗជាច្រើន ដែលសេវាករបាននិងកំពុងប្រឹងកែច្នៃដើម្បីផ្គាប់ចិត្តយើងទាំងអស់គ្នា។

សរុបមក ការដើរលេងក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការសម្រាកលំហែកាយ និងស្វែងរកបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការគាំទ្រដល់វិស័យទេសចរណ៍ និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។ កម្ពុជាយើងមានសម្បត្តិធម្មជាតិ ប្រាសាទបុរាណ វប្បធម៌ ប្រពៃណី ម្ហូបអាហារ និងតំបន់ទេសចរណ៍ជាច្រើនដែលមានភាពស្រស់ស្អាត និងមានតម្លៃមិនចាញ់ប្រទេសដទៃឡើយ។ ដូច្នេះ ក្នុងឱកាសដែលវិស័យទេសចរណ៍កំពុងត្រូវការការគាំទ្រ យើងគួរចាប់ផ្តើមពីខ្លួនយើង ដោយជ្រើសរើសដំណើរកម្សាន្តក្នុងស្រុក ស្វែងយល់ពីតំបន់ថ្មីៗ និងគាំទ្រអាជីវកម្ម សេវាកម្ម និងផលិតផលក្នុងសហគមន៍។ ការដើរលេងក្នុងស្រុកថ្ងៃនេះ គឺជាការចូលរួមជួយសេដ្ឋកិច្ចជាតិ លើកស្ទួយទេសចរណ៍ និងបង្ហាញពីក្តីស្រឡាញ់ចំពោះមាតុភូមិកម្ពុជារបស់យើង។

 

Daily Program

Livesteam thumbnail
khmer popup image