ជាយុវវ័យការចងក្រងគ្នាជួយសង្គមគឺ ពិតជាប្រសើរជាងចងគ្នាជាក្រុមបងធំ!

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះក្រុមយុវជននិងយុវនារីដែលចងក្រងគ្នាជាក្រុមជួយសង្គម ប៉ុន្តែប្រសិនបើពូកគេចង់ក្រងគ្នាជាក្រុមបងធំបង្កបញ្ហានៅក្នុងសង្គមគឺសមត្ថកិច្ចនឹងបង្រ្កាប ។
ថែ្លងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោតម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានលើកឡើងនិងបង្ហាញនូវការកោតសរសើរចំពោះក្រុមយុវវ័យខ្លះដែលបានចងក្រងគ្នាធ្វើសកម្មភាពវិជ្ជមាននានានៅក្នុងសង្គមដូចជាការប្រមូលសំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា ជួយអ្នកក្រីក្រ ជាដើម។
សម្តេចធិបតីបានលើកឡើងថា នេះជាសកម្មភាពដែលមានលក្ខណៈជាភាពស៊ីវិល័យរបស់យុវជននិងយុវនារីខ្មែរ ។ សម្តេចធិបតីបានបន្ថែមថា ភាពស៊ីវិល័យនៃសង្គមមិនមែនទាល់តែអ្នកនោះមានលុយនោះទេ មានសំភារៈទំនើបនោះទេ ប៉ុន្តែគឺជាឥរិយាបទដែលមានប្រយោជន៍និងមានតម្លៃសម្រាប់សង្គម ហើយ ជាឥរិយាបទប្រកបដោយតម្លៃនិងគុណធម៌ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានជំរុញឱ្យយុវវ័យជួយ កសាងសង្គមមួយដែលល្អ រួមគ្នាលុបបំបាត់ និងកែលម្អកំហុសឆ្គងកន្លងមក ហើយនាំគ្នាធ្វើការងារមនុស្សធម៌ ជួយការងារសង្គម គ្រួសារ ។
ក្រៅពីសរសើរក្រុមយុវវ័យគំរូមួយចំនួន សម្តេចធិបតីក៏បានព្រមានថា បើបែកឆ្វែងទៅចងក្រងគ្នាធ្វើជាក្រុមបងតូចបងធំ បង្កបញ្ហានៅក្នុងសង្គម សមត្ថកិច្ច នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់សកម្មភាពទាំងនេះ។
សម្តេចធិបតីបានលើកឡើងថា អ្វីដែលល្អគឺត្រូវតែ រួមគ្នាលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យធ្វើទៅ ពីព្រោះនោះគឺជាទិដ្ឋភាពដ៏វិជ្ជមានសម្រាប់សង្គមកម្ពុជា ។ សកម្មភាពស្ម័គ្រចិត្តផ្សេងៗរបស់ប្រជាពលរដ្ឋជាពិសេសយុវវ័យ ជាសញ្ញាបង្ហាញសង្គមស៊ីវីល័យ។
សរុបទៅសង្គមមួយដែលមានស៊ីវិល័យមិនមែនមានន័យថា គឺជាសង្គមដែលសំបូរពលរដ្ឋមានលុយមានអំណាចមានភាពហ៊ឺហារបង្អូតគេឯងនោះទេ ប៉ុន្តែគឺជាសង្គមមួយដែលសំបូរដោយប្រជាពលរដ្ឋដែលចេះរស់នៅក្នុងស្ថានភាព ថ្លៃថ្នូរ គោរពគ្នា ប្រកាន់សីលធម៌ គុណធម៌ ហើយសំខាន់គឺគោរពនិងអោយតម្លៃគ្នានៅក្នុងសង្គម ។
Daily Program
