ចងចិត្ត​ភ្ញៀវទេសចរណ៍ សេវាកម្មល្អ ភាពស្មោះត្រង់ ផលិតផល​ត្រូវ​មាន

ចង់ទាក់ទាញភ្ញៀវទេសចរបរទេសមក មិនថាភ្ញៀវទេសចរណានោះទេ សំខាន់គឺត្រូវតែធ្វើយ៉ាងណាធានាការពង្រឹងសេវាកម្មក៏ដូចជាភាពស្មោះត្រង់ ហើយត្រូវយកចិត្តទុកដាក់បង្កើនផលិតផលផ្សេងៗដែលទាក់ទាញហើយប្លែកៗ។

កាលពីឆ្នាំ២០២៤កន្លងទៅ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសរុប ចំនួនជាង ៦,៧ លាននាក់ នៅក្នុងនោះភ្ញៀវមកច្រើនជាងគេគឺថៃ វៀតណាម ចិន។

នៅក្នុងចំណោមភ្ញៀវទេសចរទាំងនោះភ្ញៀវថៃមានជាង ២ លាននាក់ វៀតណាម ១,៣ លាននាក់ ហើយចិន មានប្រមាណជា ៨៤ ម៉ឺននាក់ ប៉ុន្តែភ្ញៀវចិនមានកំណើនកើនឡើងច្រើនជាងគេ ពោលគឺដល់ទៅ ៥៥ ភាគរយ ដោយឡែកភ្ញៀវថៃកើនជិន ១៨ភាគរយ វៀតណាម៣១,៥ ភាគរយ។

ក្រៅពីភ្ញៀវទេសចរបរទេសទាំងនេះ ភ្ញៀវទេសចរមកពីឡាវថយ១០ភាគរយ អាមេរិកកើន១៦ ភាគរយ កូរ៉ខាងត្បូវកើន ១៣ ភាគរយ ឥណ្ឌូនេស៊ីកើន ៣១ ភាគរយ បារាំងកើនជាង ២៣ភាគរយ អង់គ្លេសកើន ជិត ១៩ ភាគរយ ហើយ ជប៉ុនកើនជាង ៣០ ភាគរយ។​

ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាឃើញថា កើន ប៉ុន្តែធៀបនិងថៃនិងវៀតណាមគឺនៅខុសគ្នាឆ្ងាយ ដោយសារតែប្រទេសគេធំ ហើយផលិតផលគេក៏មានច្រើន។ សំខាន់ គេក៏បានធ្វើទីផ្សារសកម្មជាងយើងផងដែរ។

យើងចង់ឲ្យភ្ញៀវទេសចរមកច្រើន គឺយើងក៏អាចធ្វើបានដែរ តែយើងត្រូវតែយកចិត្តទុកដាក់លើការពង្រឹងភាពស្មោះត្រង់ លើកកំពស់កម្រិតសេវាកម្ម ហើយ​ការបង្កើតផលិតផលថ្មីក៏ចាំបាច់។ ក្រៅពីនោះគឺត្រូវតែធ្វើទីផ្សារឲ្យកាន់តែទូលំទូលាយ។

គេមានលុយ កាលណាគោលដៅណាទាក់ទាញជាង គេទៅគោលដៅនោះហើយ។ ម្យ៉ាងវិញទៀត មានផលិតផលច្រើន គេក៏ចាយលុយលើផលិតផលនៅកន្លែងដែលមានច្រើនដែរ ខណៈដែលយើងមានគុណភាពសេវាកម្មមិនសូវល្អ ហើយផលិតផលមិនសូវសំបូរ ភ្ញៀវទេសចរណ៍ទាំងនោះរឹតត្បិតការចំណាយផងដែរ។

សូមលើកកំពស់គោលនយោបាយទាក់ទាញទេសចរណ៍ ពីព្រោះ​ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ មិនមែនអភិវឌ្ឈរីកចម្រើនតែទេសចរណ៍ប៉ុណ្ណោះទេ សេវាកម្មផ្សេងៗក៏រីក ហើយវាក៏នឹងបង្កើនសកម្មភាព បង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀតផងដែរ។

សរុបទៅទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ ចូរយើងយកចិត្តទុកដាក់លើវាឲ្យកាន់តែសកម្ម៕​

 

Daily Program

Livesteam thumbnail