ខែវិច្ឆិកានេះ សំបូរព្រឹត្តិការណ៍ណាស់ជួយឃោសនាពីស្រុកទេសយើងផង
នៅក្នុងខែវិច្ឆិកានេះជាខែមួយដែលសំបូរទៅដោយព្រឹត្តិការណ៍ជាតិ និងវប្បធម៌ ក៏ដូចជាប្រវត្តិសាស្រ្ត ហើយនឹងសាសនា ដូច្នេះសូមជួយរួបរួមគ្នាផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពីព្រឹត្តិការណ៍ទាំងនោះនិងភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ធំៗដែលនឹងកើតមាននៅក្នុងខែវិច្ឆិកានេះគឺរួមមានពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលពលរដ្ឋកម្ពុជាមិនត្រូវមើលរំលង។ នៅក្នុងព្រឹត្តិការណ៍នេះ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានាសុទ្ធតែមានរៀបចំពិធីរំលឹកនូវព្រឹត្តិការណ៍នេះ ហើយក៏នឹងមានការបាញ់កាំជ្រួចផងដែរ។
ក្រៅពីនេះកម្ពុជាក៏នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រារព្ធឡើង នៅ ២៦ ដល់ ២៨ ខែ វិច្ឆិកា នៅរាជធានីភ្នំពេញ ដោយពិធីនេះ មានទិដ្ឋភាពស្រស់ស្អាតជាច្រើន នៅរាជធានីជាពិសេសនៅតាមដងទន្លេចតុមុខ ដោយមានការអុំទូក ស្តង់ពាណិជ្ជកម្ម ការសំដែងតន្រ្តី ការបាញ់កាំជ្រួញ នានា។
នៅក្នុងព្រះបរមរាជវាំង និង នៅតាមវត្តអារ៉ាមនានា គឺមានពិធីសាសនា ដែលគេរៀបចំឡើងជាច្រើនទៀតសុទ្ធសឹងតែបញ្ជាក់អំពីឫសគល់និងប្រពៃណីដ៏មានតម្លៃដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់កម្ពុជា ។
ក្រៅពីពិធីទាំងនេះនៅមានពិធីសាសនាមួយទៀតដែលគេហៅថា ពិធីបុណ្យកឋិនទានដែលពិធីនេះ កំពុងតែរៀបចំពោលតាំងពីចុងខែតុលារហូតដល់ជិតដំណាច់ខែវិច្ឆិកា តែម្តង ។ ពិធីនេះជាពិធីតាមបែបព្រះពុទ្ធសាសនា ប៉ុន្តវាសុទ្ធតែជាពិធីដ៏មានអត្ថន័យនិងអត្ថរសសម្រាប់ពលរដ្ឋ ដែលអាចនឹងយកជាទុនដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្ពុជាយើងផងដែរ ។
នៅពេលនេះទេសចរណ៍នៅក្នុងសុ្រកយើងថ្វីត្បិតតែមានចំនួនកើនឡើងមែន ប៉ុន្តែកំណើននេះនៅមិនទាន់រឹងមាំ នៅឡើយទេ ដូច្នេះមានតែយើងទាំងអស់គ្នាជួយម្នាក់បន្តិចបន្ថែមទៀត ។
ការជួយរបស់យើងទាំងអស់គ្នា គឺមិនលំបាកឡើយ គឺគ្រាន់តែជួយផ្សព្វផ្សាយពីចំណុចវិជ្ជមាន អំពីភាពស្រស់ស្អាត អំពីសន្តិភាព អំពីការអភិវឌ្ឈន៍ អំពីជីវភាពរស់នៅ អំពីព្រឹត្តិការណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដែលកើតឡើងនៅក្នុងខែវិច្ឆិកានេះក៏បានផងដែរ។
សរុបមកវិញសូមចូលរួមបង្ហាញពីភាពស្រស់ស្អាតនៅក្នុងស្រុកយើង ហើយនៅពេលដែលគេឃើញស្រុកយើងស្រស់ស្អាត ស្រុកយើងមានភាពសំបូរបែប សំបូរសប្បាយ នោះអ្នកទេសចរបរទេសគេនឹងមកចូលរួមជាមួយនឹងយើងហើយ។ ដូច្នេះភ្ញៀវទេសចរនឹងមានកំណើន ហើយនៅពេលដែលភ្ញៀវកើន សេវាកម្ម និង ចរន្តនៃសេដ្ឋកិច្ចក៏នឹងកម្រើកឡើងបន្ថែមទៀតសម្រាប់យើងទាំងអស់គ្នា៕