កុំអង្គុយបន្ទោសគ្នា ! សំខាន់គួរបង្កើនសកម្មភាពទាំងអស់គ្នាដើម្បីទាក់ទាញទេសចរមកវិញ

រឿងធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសតាំងពីឆ្នាំ២០២៥ រហូតដល់៥ខែនៃឆ្នាំ២០២៦កន្លងទៅនេះ បានអូសនិងទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦គួរឲ្យកត់សំគាល់ ដូច្នេះសូមកុំអង្គុយបន្ទោសគ្នា យើងគួរតែរិះរកវិធីសាស្រ្តទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកាន់មាតុប្រទេសយើងវិញ ទើបបានប្រសើរ ។

តាមការព្យាករណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានអះអាងថា នៅក្នុងឆ្នាំ២០២៦នេះកំណើនសេដ្ឋកិច្ចកម្ពូជាអាចនឹងសម្រេចបានត្រឹមតែ ៣ភាគរយតែប៉ុណ្ណោះ ហើយហេតុផលនៃការធ្លាក់ចុះបែបនេះមួយជ្រុងគឺដោយសារតែការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស ។

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ធ្លាក់ចុះជិត១៧ភាគរយ ហើយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់ធ្លាក់ចុះរិតតែច្រើនពោលគឺរហូតដល់ទៅជិត៤៨ភាគរយ ។ បញ្ហានេះគឺវាបណ្តាលមកពីកត្ថារួមផ្សំជាច្រើនគឺតាំងពីបញ្ហាអរិភាពព្រំដែនជាមួយនឹងថៃ បញ្ហាសេដ្ឋកិច្ចនៅលើសាកលលោក បញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ វិបត្តិថាមពល ...។ល។

ដោយសារតែការធ្លាក់ចុះនេះក្រសួងទេសចរណ៍នៅក្នុងនាមជាសាម៉ីក្រសួងគ្រប់គ្រងលើវិស័យនេះបានដាក់ចេញនូវវិធានការមួយចំនួន ដោយនៅក្នុងនោះ ក៏មានការដាក់ចេញនូវអភិក្រម «នាំកង្កែបចេញពីអណ្ដូង»រហូតដល់មានការរិះគន់និងការបញ្ចេញមតិឡើងផ្អើលពេញបណ្តាញសង្គម ។

ពាក់ព័ន្ធនឹងការប្រកាសនេះក្រសួងទេសចរណ៍ បានប្រកាសទទួលយកមតិពីមហាជន ហើយនឹងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្ដូង»  ដើម្បីឱ្យបានកាន់តែសមស្រប និង មានភាពគ្រប់ជ្រុងជ្រោយជាងមុន។ ការប្រកាសនេះ ធ្វើឡើងក្រោយពីក្រសួងមើលឃើញថា អភិក្រម នេះបានបង្កឱ្យមានការចាប់អារម្មណ៍ និង ការបកស្រាយខុសៗគ្នាពីសំណាក់សាធារណជន។

ជាមួយគ្នានោះ ក្រសួងបានថ្លែងអំណរគុណ និង សូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់ អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន ហើយការកែលម្អនេះ នឹងឆ្លុះបញ្ចាំង អំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើក កម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាឱ្យ បានកាន់តែច្រើនឡើងថែមទៀត។

ជាការពិតនេះគឺជាផ្នែកមួយដែលក្រសួងដាក់ចេញដើម្បីជុំរុញវិស័យទេសចរណ៍ឡើងវិញ ប៉ុន្តែមិនមែនក្រសួងប្រឹងម្នាក់ឯងនោះទេ គឺគ្រប់ស្ថាប័នទាំងអស់ជាពិសេសគឺប្រជាពលរដ្ឋយើងទាំងអស់គ្នាជារួម គួរតែចូលរួមទាំងអស់គ្នា ។ សូមកុំរវល់តែរិះគន់ តែសូមប្រើសតិបញ្ញា ក៏ដូចជាបទពិសោធន៍យ៉ាងណាបង្ហាញពីការពិតនៅក្នុងប្រទេសកម្ពូជា ហើយអូសទាញពូកគេឲ្យមកលេងនៅក្នុងប្រទេសកម្ពុជាឡើងវិញ ។ យើងទាំងអស់គ្នាសុទ្ធតែជាបច្ច័យសំខាន់ដែលមិនអាចខ្វះបានសម្រាប់ ការីកចំរើនទៅមុខនៃសង្គមកម្ពុជាយើង ។

Daily Program

Livesteam thumbnail