World Bank ផ្តល់ហិរញ្ញប្បទានថ្មីសម្រាប់ទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមប្រឹក្សានាយក​នៃ​ធនាគារពិភពលោក នា​ថ្ងៃទី២០ ខែមិថុនា បាន​អនុម័ត​លើ​កញ្ចប់​ឥណទាន​តម្លៃ​ ២៧៥​ លានដុល្លារអាមេរិក សម្រាប់​ជួយ​ទ្រ​ទ្រង់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា ក្នុងការ​​ជំរុញកំណើន និង​ភាព​ធន់​របស់​សេដ្ឋកិច្ច​ ក្នុង​រយៈពេល​វែងឆ្ងាយ​ទៅមុខ។

ហិរញ្ញប្បទាននេះ ដែល​មាន​ប្រភពមក​ពី​មូលនិធិ​មានអត្រា​ការ​ប្រាក់​ទាប​របស់​សមាគម​អភិវឌ្ឍន៍​អន្តរ​ជាតិ (IDA) សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ជំរុញ​កំណែទម្រង់ សំដៅ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​នៃ​ផ្នែក​ឯក​ជន, ពង្រឹងជំហរ​សារពើពន្ធ​របស់​ប្រទេស និង​ផ្តល់​ជំនួយ​ដល់​ក្រុម​ប្រ​ជា​ជន​ងាយ​រង​គ្រោះ​បំផុត។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ធនាគារពិភពលោក នៅ​ថ្ងៃទី​២១ ខែមិថុនានេះ។

ឥណទាននេះ​គឺសម្រាប់​គម្រោងដំណាក់កាលទី២ ស្តីពី​ ហិរញ្ញប្បទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និងការ​រៀបចំគោល​នយោបាយ​អភិវឌ្ឍន៍​មាន​ភាពធន់​ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​នៅ​រារាំង​កិច្ចខិតខំ​របស់​​កម្ពុជា​ក្នុង​ការ​រើ​បម្រះ​ខ្លួន​ចេញ​ពី​ឥទ្ធពល​ញាំញីរ៉ាំរ៉ៃមក​លើ​សេដ្ឋកិច្ច ពីសំណាក់​​ជំងឺ​រាតត្បាត​កូវីដ-១៩។

សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «​ឥណទាន​ថ្មី​នេះ​បន្ថែម​ពីលើឥណទាន​តម្លៃ ២៧៤ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បានផ្តល់​​ក្នុង​ឆ្នាំ​២០២២ សម្រាប់គម្រោង​ដដែលនេះ នៅ​ក្នុង​ដំណាក់​កាល​ទី១ (first Cambodia Growth and Resilience Development Policy Financing)»។​

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖ «បន្ទាប់​ពី​បាន​ស្តារខ្លួន​ចេញ​​ពី​ផលជះ​នៃជំងឺរាតត្បាត​កូវីដ-១៩ និង​ពីស្ថានការណ៍​អង្រួន​កន្ត្រាក់​​ក្រោយ​មក​ទៀត​ ពេលនេះ​កម្ពុជា​កំពុង​បង្វែរ​ការ​ផ្តោត​កិច្ច​ខិតខំ​របស់​ខ្លួន ឆ្ពោះទៅ​សម្រេច​ឱ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ថេរ​មាន​គុណភាពខ្ពស់​»។

លោកស្រី​ បាន​បន្ថែមទៀតថា ​ឥណទានថ្មីនេះ​នឹង​ជួយ​ជំរុញ​​ភាពប្រកួត​ប្រជែង​នៃ​ផ្នែកឯកជន, ពង្រឹ​ង​ជំហរ​សារពើពន្ធ​របស់​រដ្ឋា​ភិបាល និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ងាយ​រងគ្រោះ​បំផុត។​

ការ​រាតត្បាត​ជំងឺកូវីដ-១៩ បានធ្វើ​​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់​ចុះ​កំណើន​ជាលើក​ដំបូង ក្នុង​រយៈ២៥​ឆ្នាំ ហើយ​ការ​ធ្លាក់ចុះ​នេះ​មាន​សភាព​ធំធេង​គួរសម ​នៅ​ក្នុង​ចំណោម​តំបន់​អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ច​បាន​ស្តារ​ស្ថានភាពប្រសើរ​ឡើង​វិញហើយ ប៉ុន្តែ​កំណើន​របស់​វា​នៅ​តែមិន​ទាន់​អាច​វិលទៅ​រក​កម្រិត​នៅមុន​មាន​ការ​ផ្ទុះ​ជំងឺរាត​ត្បាត នៅឡើយ​ទេ។

 

ស្ថាន​ភាពនេះនៅកម្ពុជា ជា​ការឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក និង​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័ន្ធនៃបែបផែនកំណើន​របស់​ប្រទេស​នេះ។ បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​របស់​កម្ពុជា​រួមមាន ផលិតភាព​មាន​កំណើន​ខ្សោយ, ការ​អភិវឌ្ឍននៃ​​មូលធនមនុស្ស​នៅមាន​កម្រិត​ទាប, និង​ឧបសគ្គ​ដល់​ការ​បង្កើត និង​ការ​ប្រកួត​ប្រជែង​របស់​ធុរកិច្ច​ឯកជន។

សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើ​​ផលិតផល, ទីផ្សារនាំចេញ និង​ធនធាន​ហិរញ្ញប្បទាន ដែល​ជា​ហេតុ​ធ្វើ​ឱ្យមានការ​រង​ការ​ប៉ះទង្គិច​ពីសំណាក់​​ស្ថានការណ៍​អង្រួន​កន្ត្រាក់ណាស់។ ប្រទេស​នេះ​ក៏​ងាយ​រងគ្រោះ​ពី​ផល​ជះ​នៃ​ការ​ប្រែប្រួលអាកាស​ធាតុដែរ ជា​ពិសេស​ទឹកជំនន់ និង​ភាព​រាំង​ស្ងួត។​​

ឥណទានថ្មី​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ។ ជំនួយនេះ​នឹង​ជួយ​បង្កើត​បរិយា​កាសអំណាយ​ផល​ដល់​ការ​​បើកដំណើរការអាជីវកម្មរបស់​ក្រុម​ហ៊ុន​, បិទអាជីវកម្ម និង​​ការ​ប្រកួត​​ប្រជែង​ដោយ​ត្រឹម​ត្រូវ​យុត្តិធម៌។ ផ្នែក​ឯទៀត​នៃ​ឥណទាននេះ នឹង​ជួយ​ពង្រឹង​​ភាពធន់​នៃ​សារ​ពើពន្ធតាម​រយៈ​ការ​កែលម្អ​ភាពប្រសិទ្ធផល​នៃចំណាយ, សម្រាល​ហានិភ័យ​នៃ​ចំណាយ​មូលធន និង​បង្កើន​​ភាព​ជាដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ពង្រឹង​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន តាម​រយៈ​សញ្ញាបណ្ណ​ជាតិ។​

ឥណទានថ្មី​នឹងជួយ​សម្រួល​ផង​ដែរ ដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា ដល់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះឱ្យ​បាន​កាន់​តែទូលំទូលាយ​​ ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយធម្មជាតិ ឬ​ស្ថាន​ភាពអង្រួន​កន្ត្រាក់​សេដ្ឋកិច្ច, កែលម្អ​បទប្ប​ញ្ញត្តិ​បរិស្ថាន និង​លើក​កម្ពស់​ដល់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៕

Daily Program

Livesteam thumbnail