​អគ្គិសនីកម្ពុជា ស្នើឱ្យអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងអំឡុងពេល​អាកាសធាតុក្តៅហួតហែង

អគ្គិសនីកម្ពុជា​ បានស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុង​អំឡុងចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំងដែលចាប់ពីដើមខែមេសានេះ ​បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រ​មាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។

នេះបើយោងតាម​ ​សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៤។

អគ្គិសនីកម្ពុជាបាន​លើកឡើងថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។

ប្រភពដដែល​បានបន្តថា ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំ​ណាយថ្លៃដើមខ្ពស់ខ្លាំង។

ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថា​មពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រ​យោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមដូចខាងក្រោម៖

១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះ ចំពោះ បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម

២. បិទ/ផ្ដាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់

៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ

៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថា​មពលអគ្គិសនីតិច។

អគ្គិសនីកម្ពុជា បាន​លើកឡើងថា ការជួយសន្សំសំចៃថាមពលអគ្គិសនី​មិនត្រឹមតែបានកាត់ប​ន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំ​ណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។

អគ្គិសនីកម្ពុជា សង្ឃឹមលើស្មារតីសហការរបស់អតិថិជន និងសាធារណៈជនទាំងអស់ ក្នុងការចូ​លរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនីឱ្យអស់លទ្ធភា​ពនៅក្នុងចុងរដូវប្រាំងនេះ៕

Daily Program

Livesteam thumbnail