កញ្ញា ទាវ ជាស៊ីញ ទទួលបាននិទ្ទេស A មិនមែនជាសំណាងទេ តែជាសមត្ថភាព
ឆ្នាំសិក្សា២០២៣-២០២៤ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗ ហើយការប្រឡងមធ្យមសិក្សាទុតិយភូមិក៏ទើបតែប្រកាសលទ្ធផលកាលពីពេលថ្មីៗនេះផងដែរ។ ក្នុងចំណោមសិស្សឆ្នើមនិទ្ទេសA ទាំង២ ២១៦នាក់ នៅទូទាំងប្រទេស វិទ្យាល័យចម្រើនវិជ្ជា ដែលជាវិទ្យាល័យរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា មានសិស្សឆ្នើមម្នាក់ដែលមានរបាយពិន្ទុខ្ពស់បំផុត ៩៩.៩៩៨ភាគរយ នោះគឺកញ្ញា ទាវ ជាស៊ីញ។
កញ្ញា ទាវ ជាស៊ីញ មានស្រុកកំណើតនៅ ភូមិបាបោង ឃុំបាបោង ស្រុកពាមរ ខេត្តព្រៃវែង ជាសិស្សឆ្នើមដែលទើបតែប្រឡងបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ បានប្រាប់ដឹងថា លទ្ធផលនេះកើតចេញពីការខិតខំរៀន តាំងតែពីចូលរៀននៅដើមឆ្នាំសិក្សា ដោយមិនដែលភ្លេចខ្លួនមួយគ្រាណាឡើយ។
កញ្ញា ជាស៊ីញ ប្រាប់ថា ៖ «និទ្ទេស A មិនមែនជាសំណាងទេ តែជាសមត្ថភាព។ ឪពុកម្តាយខ្ញុំទូន្មានកុំអោយមោទនៈ ទើប ជោគជ័យ បានយូរ។ ខ្ញុំឆ្លងកាត់នូវការរៀនក្រោមពន្លឺភ្លើងទៀន ភ្លើងចង្កៀង និងពិលជាដើម។ ក្នុងនាមជាកូនស្រីច្បង ខ្ញុំត្រូវខំរៀនដើម្បីលើកកិត្តិយសគ្រួសារ និងត្រូវមានវិន័យខ្លួនឯង ទើបក្លាយជាសិស្សពូកែ។ បើមិនប្រឹងខ្លួនឯង គ្មាននរណាជួយយើងទេ»។
ចាប់តាំងពីអនុវិទ្យាល័យមក យុវសិស្សរូបនេះពូកែខាងមុខវិជ្ជាគណិតវិទ្យា ហើយនៅពេលដែលចូលសិក្សានៅវិទ្យាល័យចម្រើនវិជ្ជានេះ ក្នុងថ្នាក់ទី១០ ដែលតម្រូវអោយសិស្សចាប់យកមុខវិជ្ជាគណិតវិទ្យា គឺនាងគិតថាខ្លួនឯងពូកែមុខវិជ្ជានេះតាំងពីពេលនោះមក។
ជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៣នាក់ កញ្ញា ទាវ ជាស៊ីញ ជាមនុស្សស្រីម្នាក់ស្លូតបូត ឧស្សាហ៍ព្យាយាមប្រឹងប្រែងរៀនសូត្រ មិនទំនេរ និងជាមនុស្សចូលចិត្ត និងមាននិស្ស័យជួយអ្នកដទៃ ដែលជាសិស្សដូចគ្នាជាមួយរូបនាង។ នេះជាការថ្លែងបញ្ជាក់ឱ្យដឹងពីសំណាក់ បងស្រី អាង សង្វាត ជាក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យចម្រើនវិជ្ជា។
បងស្រី អាង សង្វាត បានប្រាប់RVA Khmer ថា ៖ «បងស្រីបានចុះទៅមើលគ្រួសារនោះ (ប្អូនស្រី ទាវ ជាស៊ីញ) ដោយសារឆ្នាំនេះគាត់មានប្អូនស្រីម្នាក់ទៀតសុំចូលមណ្ឌល ហើយបងស្រីឃើញថា ប្អូនស្រីគាត់ក៏ប្រឡងជាប់ចូលវិទ្យាល័យយើងថ្នាក់ទី១០ ណឹងទៀត។ អ៊ីចឹងបងស្រីបានចុះទៅផ្ទះគាត់ ដើម្បីពិនិត្យមើលស្ថានភាពគ្រួសារ គ្រួសារក្រីក្រ គាត់ជាកូនល្អដែរ បងស្រីឃើញគ្រួសារគាត់រស់នៅជនបទ ប៉ុន្តែគាត់ជាអ្នកឧស្សាហ៍ព្យាយាម»។
បងស្រី អាង សង្វាត បន្តថា កញ្ញា ទាវ ជាស៊ីញ ជាមនុស្សមានបញ្ញា ឆ្លាតវៀងវៃ ហើយកើតក្នុងត្រកូលកសិករសុទ្ធសាធ ដែលបានតស៊ូរៀនសូត្ររហូតទទួលបាន ជោគជ័យលើវិថីនៃការសិក្សាមួយនេះ។
ចំណែកលោកស្រី កែម ផារី ជាអ្នកទទួលខុសត្រូវផ្ទាល់ បានអោយដឹងដែរថា ស្ថិតក្នុស្ថានភាពគ្រួសារមួយដែលមានការលំបាក ហើយវិទ្យាល័យចម្រើនវិជ្ជា ក៏ជាសាលារៀនមួយដែលជ្រើសរើស យកតែសិស្សដែលមានជីវភាពខ្វះខាត ដើម្បីបណ្តុះបណ្តាលពួកគេអោយក្លាយជាជនមានសមត្ថភាព និងជាធនធានមនុស្សនៅពេលអនាគត។
លោកស្រី កែម ផារី បន្ថែមថា ៖ «គាត់ជាក្មេងល្អណាស់ ហើយគាត់ព្យាយាមប្រឹងប្រែង ជាក្មេងអត់ខ្ជិល និយាយរួមគាត់ប្រឹងប្រែងព្យាយាមរៀនសូត្រណាស់។ ការចូលរួម ការសហការអី ពួកគាត់មានការចូលរួមគ្នា មានការចែករំលែក ហើយសាលារបស់យើង មានក្លិបសិក្សា ហើយគាត់ចេះជួយគ្នាទៅវិញទៅមក»។
កញ្ញា ទាវ ជាស៊ីញ បានប្រាប់បន្ថែមផងដែរថា ៖«ក្នុងនាមជាសិស្សនិទ្ទេស A ម្នាក់ ខ្ញុំសូមអរគុណ ម៉ែនិងប៉ា បើគ្មានគាត់ទាំងពីរ ក៏គ្មានខ្ញុំនៅថ្ងៃនេះដែរ។ ខ្ញុំជោគជ័យនៅថ្ងៃនេះ ដោយសារតែពួកគាត់ ខ្ញុំនិយាយអរគុណក៏មិនត្រូវ គាត់មានគុណថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ហើយខ្ញុំសូមអរគុណដល់ខាងសាលា លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀននាងខ្ញុំរហូតជោគជ័យដល់ថ្ងៃនេះ ហើយពួកគាត់បានណែនាំប្រៀនប្រដៅគ្រប់បែបយ៉ាង»។
វិទ្យាល័យចម្រើនវិជ្ជា គឺជាស្ថាប័នអប់រំឯកជនមួយបង្កើតឡើងសម្រាប់ជួយដល់កូនខ្មែរទូទៅឱ្យទទួលបានការរៀនសូត្រដោយឥតគិតថ្លៃ ដែលមានបួនសាខាដូចជា សាខាគោលស្ថិតនៅក្នុងខេត្តព្រៃវែង សាខាទី២និងទី៣ស្ថិតនៅខេត្តត្បូងឃ្មុំ និងសាខាទី៤ស្ថិតនៅទីរួមខេត្តកំពង់ចាម។
វិទ្យាល័យចម្រើនវិជ្ជា ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៨ ដោយលោកបូជាចារ្យ អាល់ប៊ែរតូ កាការ៉ូ។ វិទ្យាល័យនេះ មានទីតាំងនៅភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង ប៉ុន្តែសព្វថ្ងៃរដ្ឋបាលខេត្តព្រៃវែងបានចាត់តំបន់នេះចូលទៅក្នុងរដ្ឋបាលក្រុង គឺភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ស្រុកកំពង់លាវ ក្រុងព្រៃវែង។
ការបង្រៀន សាលារៀនចម្រើនវិជ្ជា ជាសាលាឯកជនមួយដែលមានកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សាជាតិ ហើយអនុវត្តមុខវិជ្ជាសិក្សាដូចទៅនឹងសាលារដ្ឋដែរ។ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់សាលារៀនចម្រើនវិជ្ជាមានភាពខុសពីសាលារដ្ឋគឺ កូនសិស្សដែលបានចូលមកសិក្សានៅសាលានេះមិនតម្រូវឱ្បបង់លុយ ឬរៀនគួរបន្ថែមឡើយ។ ផ្ទុយទៅវិញសាលាបានបន្ថែមចំនួនម៉ោងទៅលើមុខវិជ្ជសំខាន់ៗដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរជាដើម។
សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕