ឥស្សរជនកំពូលៗបានសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីជាបងប្អូនរបស់ព្រះសហគមន៍នៅអាស៊ី
បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមឆ្នាំ ២០២៥ បានបើកសម្ពោធកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដោយបានប្រមូលផ្តុំមេដឹកនាំព្រះសហគមន៍ជាង ២០០០ នាក់ រួមមាន កាឌីណាល់ ១០រូប, លោកអភិបាល១០៤រូប បូជាចារ្យ១៥៥រូប ដូនជី៧៤រូប ឧបដ្ឋាក៨រូប ព្រមទាំងមេដឹកនាំគ្រហស្ថជិត ៤២២ នាក់ សមាជិកក្រុមអ្នករៀបចំ៣២នាក់ និងអ្នកស្ម័គ្រចិត្តជាង៩០នាក់មកពី៣២ ប្រទេស។
នៅក្នុងសារបើកសម្ពោធរបស់លោក កាឌីណាល់ សេបាស្ទៀន ហ្វ្រាន់ស៊ីស ហ្វ្រាន់ស៊ីស អភិបាលនៃក្រុងប៉េណាំង បានស្វាគមន៍អ្នកចូលរួមមកកាន់អ្វីដែលលោកហៅថា «រដូវផ្ការីកនៃក្តីសង្ឃឹមពិត» សម្រាប់ព្រះសហគមន៍នៅអាស៊ី។
ដោយដកស្រង់ប្រធានបទនៃបូជនីយចរ៖ «ធ្វើដំណើររួមគ្នាជាប្រជាជនអាស៊ី... ហើយពួកគេបានទៅតាមផ្លូវផ្សេង» (ម៉ាថាយ ២:១២) កាឌីណាល់ បានរំឭកអង្គប្រជុំថា ដូចជាពួកហោរាចារ្យដែរ ព្រះសហគមន៍ត្រូវបានអំពាវនាវ «ឱ្យដើររួមគ្នាក្នុងរបៀបស៊ីណូដាលីធី (Synodality) ដោយទទួលយកមាគ៌ាថ្មីនៃការធ្វើជាព្រះសហគមន៍នៅអាស៊ី ដែលចាក់ឫសក្នុងភាពជាបងប្អូន(Fraternity)»។
លោកបានគូសបញ្ជាក់ថា ជំនួបនេះបានកើតឡើងជាប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍ ស្របពេលដែលព្រះសហគមន៍ត្រៀមបិទបញ្ចប់ ឆ្នាំមហាករុណាទិគុណ២០២៥ ដោយទន្ទឹងរង់ចាំ ទិវាយុវជនពិភពលោក នៅទីក្រុងសេអ៊ូល ឆ្នាំ២០២៧ និងដំណាក់កាលចុងក្រោយនៃ ស៊ីណូដស្តីពីស៊ីណូដាលីធី នៅឆ្នាំ២០២៨។
កាឌីណាល់ ហ្វ្រាន់ស៊ីស បានបន្ថែមថា៖ «យើងដែលជាជនជាតិអាស៊ី គឺជាអ្នកនិទានរឿងចេញពីចិត្ត។ ហើយរឿងដ៏អស្ចារ្យបំផុតដែលធ្លាប់បាននិទាន គឺរឿងរបស់ព្រះយេស៊ូគ្រីស្ត នៅតែបន្តនៅក្នុងយើងសព្វថ្ងៃនេះ តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ»។
ឯកឧត្តមដាទុក អារ៉ន់ អាហ្គោ ដាហ្គាង (Datuk Aaron Ago Dagang) រដ្ឋមន្ត្រីក្រសួងឯកភាពជាតិម៉ាឡេស៊ី ក៏បានថ្លែងទៅកាន់បូជនីយេសក៍ ដោយកោតសរសើរដល់ព្រះសហគមន៍កាតូលិក ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងការសន្ទនាគ្នា។
លោកបានសង្កត់ធ្ងន់លើគោលការណ៍ជាតិរបស់ប្រទេសម៉ាឡេស៊ីថា៖ «ឯកភាពគឺជាកម្លាំង» ដោយមានប្រសាសន៍ថា៖ «ភាពចម្រុះមិនមែនជាឧបសគ្គទេ ប៉ុន្តែជាប្រភពនៃកម្លាំង។ ភាពសុខដុមរមនាជំរុញឱ្យមានការទុកចិត្ត ជំរុញភាពអាណិតអាសូរ និងជួយយើងឱ្យមើលឃើញគ្នាទៅវិញទៅមក មិនមែនជាជនចម្លែកនោះទេ ប៉ុន្តែជាដៃគូក្នុងការកសាងជាតិ»។
រដ្ឋមន្ត្រីរូបនេះក៏បានពន្យល់ពីវិធីសាស្រ្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការរក្សាសន្តិភាព តាមរយៈកិច្ចសហការអន្តរសាសនា ការចូលរួមរបស់សហគមន៍ និងការសម្របសម្រួលនៅថ្នាក់មូលដ្ឋាន ដោយកត់សម្គាល់ថា ទីកន្លែងគោរពបូជាត្រូវតែជា «មជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ មិនមែនជាទីកន្លែងឯកោទេ»។ លោកបានជំរុញឱ្យសហគមន៍ទាំងអស់ «យល់ដឹង គោរព ទទួលយក និងអបអរសាទរ» គ្នាទៅវិញទៅមក ជាតម្លៃដែលលោកហៅថា ចាំបាច់សម្រាប់សង្គមអាស៊ី។
លោកអភិបាលចច ប៉ាលីពប៉ារ៉ាប៊ីល (George Pallipparambil), SDB ប្រធានការិយាល័យប្រកាសដំណឹងល្អនៃសភាលោកអភិបាលអាស៊ី (FABC-OE) បានដាក់ព្រឹត្តិការណ៍នេះនៅក្នុងបរិបទដ៏ទូលំទូលាយនៃបេតិកភណ្ឌវប្បធម៌ និងសាសនាដ៏សម្បូរបែបរបស់អាស៊ី។ លោកបានរំឭកដល់អ្នកចូលរួមថា៖ «អាស៊ីគឺជាទីកំណើតនៃសាសនាធំៗទាំងអស់របស់ពិភពលោក និងជាលំនៅដ្ឋាននៃភាពចម្រុះដ៏អស្ចារ្យ» ប៉ុន្តែនៅតែមានភាពរួបរួមដោយតម្លៃរួមដូចជា ការគោរពចំពោះមនុស្សចាស់ ជីវិតសហគមន៍ ការអប់រំ និងភាពស៊ីជម្រៅខាងវិញ្ញាណ។
ថ្លែងអំពីសារៈសំខាន់នៃបូជនីយចរនេះ លោកបានមានប្រសាសន៍ថា៖ «ជំនួបរបស់យើងគឺជាបូជនីយចរនៃឆ្នាំមហាករុណាទិគុណ ដែលយើងអរព្រះគុណព្រះជាម្ចាស់ចំពោះជំនឿ និងវប្បធម៌របស់យើង។ យើងប្តេជ្ញាធ្វើជាអំបិល ជាមេដំបែ និងជាពន្លឺ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដែលជួយបង្កើតពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែង»។
លោកអភិបាលរូបនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ភូមិភាគប៉េណាំង រដ្ឋាភិបាល រដ្ឋ និងសហព័ន្ធនៃប្រទេសម៉ាឡេស៊ី ព្រមទាំងអ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះអាចកើតឡើងបាន។
កាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានបើកសម្ពោធ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ ដោយការអុជទៀន។
បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម នឹងបន្តទៅមុខទៀតក្នុងរយៈពេលបីថ្ងៃបន្ទាប់ ដោយមានការអធិស្ឋាន ការផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលា និងការពិភាក្សាអំពីការថែរក្សាព្រះសហគមន៍ ដែលមានគោលបំណងពង្រឹងកិច្ចការបម្រើរបស់ព្រះសហគមន៍នៅទូទាំងទ្វីបអាស៊ី៕