អ៊ីស្រាអែលគ្រោងបើកច្រកឆ្លងកាត់រ៉ាហ្វា
មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលកំពុងរៀបចំបើកច្រកឆ្លងកាត់រ៉ាហ្វា ដើម្បីអនុញ្ញាតឱ្យប្រជាជនហ្គាហ្សាចូលទៅក្នុងប្រទេសអេហ្ស៊ីប។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការសម្រេចបើកនេះ មិនទាន់ប្រកាសពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែការបើកនេះត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យធ្វើដំណើរសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងគោលបំណងផ្សេងៗទៀត។ មន្ត្រីបាននិយាយថា ចលនានេះមានបំណងបង្ហាញពីវឌ្ឍនភាពលើកិច្ចព្រមព្រៀងឈប់បាញ់។
នៅក្នុងការវិវឌ្ឍផ្សេងទៀត មន្ត្រីអង្គការសហប្រជាជាតិម្នាក់និយាយថា ស្តុកជំនួយយ៉ាងច្រើននៅតែត្រូវបានរារាំងមិនឱ្យចូលទៅក្នុងហ្គាហ្សា។
លោក អេដណាន់ អាប៊ូ ហាស្នា ( Adnan Abu Hasna) ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា ទីភ្នាក់ងារនេះមានស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈជម្រករដូវរងារ រួមទាំងតង់រាប់រយ ភួយ និងសម្លៀកបំពាក់ ប៉ុន្តែការរឹតបន្តឹងរបស់អ៊ីស្រាអែលបានរារាំងការដឹកជញ្ជូន។
លោកបាននិយាយថា តង់ជាច្រើនដែលកំពុងប្រើប្រាស់ឥឡូវនេះត្រូវបានចាស់ទ្រុឌទ្រោម ដូចនេះពលរដ្ឋរងគ្រោះពិតជាត្រូវការវា។
លោកបានមានប្រសាសន៍ថា ស្ថានភាពនៅតែជាមហន្តរាយ ដោយកុមារប្រហែល៩.៤០០នាក់រងគ្រោះដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ប្រព័ន្ធសុខាភិបាលដួលរលំ និងប្រភពទឹកដែលមានមេរោគ ឥឡូវនេះកាន់តែអាក្រក់ទៅៗដោយសារភ្លៀងរដូវរងា និងទឹកជំនន់៕