អង្គការអភិរក្ស និងវិស័យឯកជនរួមគ្នា ដើម្បីអភិរក្សសត្វក្រៀលដែលនៅសេសសល់ចុងក្រោយនិងបង្កើនជីវភាពសហគមន៍
សត្វក្រៀល (Antigone antigone sharpii) ដែលមានវត្តមាននៅតំបន់ឥណ្ឌូចិនត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ សត្វក្រៀលតែ១៨០ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។ ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឳ្យព្រួយបារម្ភដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់របស់សត្វក្រៀល។
យោងសេចក្តីប្រកាសព័ត៌មានរបស់ the NatureLife Cambodia នៅរសៀលនេះ បានអោយដឹងថា កត្តាគំរាមកំហែងផ្សេងៗទៀតដែលកើតមានចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការពងកូន កត្តាបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដនៃទឹក និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម។
តំបន់អន្លង់ព្រីងមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់នេះ គឺជាតំបន់ដីសើមដ៏មានសារៈសំខាន់មួយ សម្រាប់ជួយទ្រទ្រង់ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥% នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ ចាប់ពីខែធ្នូ ដល់ឧសភា ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា សត្វក្រៀលដែលមករកចំណីនៅក្នុងនិងជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងនេះ នៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបម្លែងទីជម្រក កង្វះចំណី និងកត្តាបំពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងកត្តាប្រឈមទាំងនេះ ក្រសួងបរិស្ថាននិង អង្គការជីវិតធម្មជាតិនៅកម្ពុជាបានផ្តួចផ្តើមបង្កើតគម្រោងស្រូវមិត្តក្រៀលក្នុងឆ្នាំ២០១៩ឡើង។
ក្នុងនោះមានលក្ខខណ្ឌចំនួន១២ ត្រូវបានកំណត់យកក្នុងការចង្អុលបង្ហាញគម្រោងស្រូវមិត្តក្រៀលដែលធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួមរបស់កសិករមូលដ្ឋានដែលមានដីស្រែជាប់តំបន់អន្លង់ព្រីងក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពប្រជាជនក្នុងសហគមន៍ទៀតសោត។ គម្រោងនេះ ជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់និង ប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើប្រាស់ថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្មឡើយ។ កសិករគម្រោងស្រូវមិត្តក្រៀលយល់ព្រមក្នុងការរក្សាទុកស្រូវពី៥% ទៅ៥០% ក្នុងស្រែរបស់ពួកគាត់ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលនារដូវដែលវាមករកចំណីនៅតំបន់នេះ។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឲ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។
«ស្រូវមិត្តក្រៀលគឺជាគំនិតផ្តួចផ្តើមដំណោះស្រាយដោយេពឹងផ្អែកលើធម្មជាតិដែលបង្កើតឡើងជាពិសេសសម្រាប់ការចូលរួមអភិរក្សសត្វក្រៀលកុំឱ្យផុតពូជ តាមរយ:ការជំរុញការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សហគមន៍" ប្រសាសន៍របស់លោក ប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា។ លោកបានបន្ថែមទៀតថា “ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ចំនួនកសិករស្រូវមិត្តក្រៀលបានកើនឡើងពីចំនួន ៤០ ទៅ ១២0 គ្រួសារ ហើយទីជម្រកដែលមានសុវត្ថិភាពសម្រាប់សត្វក្រៀលត្រូវបានពង្រីកបន្ថែមពីផ្ទៃដី ២១៩ ហិកតាទៅ ៣៨៦ ហិកតា។ ការកើនឡើងប្រចាំឆ្នាំនៃទិន្នផលស្រូវមិត្តក្រៀលគឺជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញពីភាពជោគជ័យរបស់គម្រោង។ កាន់តែពិសេស ថ្ងៃនេះដែរយើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ផ្ដើមការសហការជាមួយក្រុមហ៊ុនដាវ៉ាន់ក្នុងការពង្រីកទីផ្សារអង្ករមិត្តក្រៀលនៅថ្នាក់ជាតិតាមរយៈការចុះអនុស្សរណៈយោគយល់»។
«សត្វក្រៀល គឺជានិមិត្តរូបនៃមោទនភាពរបស់ប្រជាជាតិយើង ហើយអង្ករមិត្តក្រៀលទៀតសោតគឺតំណាងនៃគំរូអាជីវកម្ម ដែលផ្សាភ្ជាប់ជាមួយបេសកកម្មក្នុងការអភិរក្សប្រភេទសត្វដ៏កម្រមួយនេះ។ កាលពីរយៈពេលបួនឆ្នាំមុន វាគ្រាន់តែជាក្តីសង្ឃឹមមួយប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ យើងមានមោទនភាពចំពោះការសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ក្នុងរយៈពេលមួយរយឆ្នាំទៅមុខ យើងចង់ឱ្យកូនចៅជំនាន់ក្រោយមានមោទនភាពចំពោះវត្តមានរបស់សត្វក្រៀល ដូចដែលយើងកំពុងមាននាថ្ងៃនេះដូចគ្នា។ អង្ករមិត្តក្រៀលគឺជាអង្ករម្លិះក្រហមដែលមានគុណភាពល្អនិងផ្តល់ផលប្រយោជន៍ដល់អ្នកបរិភោគ កសិករ និងធម្មជាតិ ពោលគឺជាផលិតផលដែលស្របតាមគោលការណ៍គ្រឹះទាំងបីរបស់ក្រុមហ៊ុនដាវ៉ាន់" ប្រសាសន៍របស់លោកឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់»។
«ដោយមានការគាំទ្រពីហាងដាវ៉ាន់ យើងសង្ឃឹមថានឹងមានអ្នកគាំទ្រអង្ករមិត្តក្រៀលកាន់តែច្រើន”ប្រសាសន៍ លោកស្រី ឆេង សុវណ្ណា ប្រធានក្រុមកសិករស្រូវមិត្តក្រៀល។ លោកស្រីបានបន្ថែមថា "អ្នកភូមិរបស់យើងប្តេជ្ញាថានឹងអនុវត្តបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សត្វក្រៀល ពីព្រោះក្រៀលនាំមកនូវមោទនភាពដ៏អស្ចារ្យសម្រាប់សហគមន៍របស់យើង។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រអង្ករមិត្តក្រៀលទាំងអស់។ ការគាំទ្ររបស់លោក លោកស្រីមិនត្រឹមតែជួយទ្រទ្រង់ដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យជីវភាពរស់នៅរបស់សហគមន៍យើងប្រសើរឡើង និងការពារដល់សត្វក្រៀលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»៕