ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង អ្នកធ្វើដំណើរពីអឺរ៉ុបឆ្លងកាត់ប្រទេសថៃមកកម្ពុជា ទទួលរងការត្រួតពិនិត្យហួសហេតុ និងមិនអាចទទួលយកបាន
ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើដំណើរសម្រាប់ អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដែលឆ្លងកាត់ប្រទេសថៃ ដោយបញ្ជាក់ថា “អ្នកដំណើរអឺរ៉ុបដែលកំពុងធ្វើដំណើរត្រូវបានទទួលរងនូវការត្រួតពិនិត្យហួសហេតុ និងមិនអាចទទួលយកបាន”។
សេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានឱ្យដឹងថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។
បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕