សវនាការលើសំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់របស់លោកកឹម សុខា នឹងបន្តធ្វើនៅថ្ងៃទី៦ ខែមិថុនាខាងមុខទៀត
លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា បានប្រាប់ឱ្យដឹងថា សវនាការលើសំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់របស់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលជាសវនាការលើកទី១០របស់លោកកឹម សុខាផងដែរ។
លោកបានថ្លែងថា ៖ «ឯកឧត្តមកឹម សុខា នៅតែប្រកាន់គោលការណ៍ថាគាត់មិនបានក្បត់ជាតិ មិនបាននាំបរទេសមកឈ្លានពាន ឬកាត់ដីឱ្យបរទេស ឬផ្តល់ជាមធ្យោបាយដែលជាសព្វាវុធ ឬជាព័ត៌មានចារកម្មឱ្យទៅបរទេសទេ»។
លោក ផែង ហេង បានបន្តថា ៖ «គាត់ជាអ្នកស្រលាញ់ជាតិ ស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់ព្រះមហាក្សត្រ និងផលប្រយោជន៍ខ្មែរ ហើយគាត់តែងតែថាគាត់ចង់ឃើញការដឹកនាំមួយដែលមានការគោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងការផ្សះផ្សាជាតិ»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការ លីកាដូ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី២៣ ខែឧសភា ដែរថា នៅថ្ងៃនេះ គ្រាន់តែការអានលើកំណត់ហេតុច្រើន ហើយសវនាការលើកទី១០ដែលនឹងធ្វើនៅដើមខែក្រោយនេះក៏នៅតែបន្តការអានរបាយការណ៍ដដែលដែរ។
លោកថា លោក កឹម សុខាមិនមានថ្លែងអ្វីច្រើននោះទេ ដោយគ្រាន់តែលោកបានបង្ហាញចំណាប់អារម្មណ៍យល់ស្របតាមការស្នើសុំរបស់មេធាវីរបស់លោកដោយឱ្យកោះហៅមន្រ្តីនគរបាលយុត្តិធម៌មកធ្វើការបំភ្លឺ តែចុងក្រោយតុលាការបានបដិសេធលើចំណុចនេះ។
ទាក់ទងនឹងសំណើនៃការកោះហៅមន្រ្តីនគរបាលយុត្តិធម៌នេះដែរ លោកស្រី ម៉េង សុភារី មេធាវីរបស់លោកកឹម សុខា ក៏បានប្រាប់ដែរថា ការស្នើនេះព្រោះសហមេធាវីយល់ឃើញថាវាមានភាពចាំបាច់នៅក្នុងការស្វែងរកយុត្តិធម៌ជូនលោក កឹម សុខា ទើបសហមេធាវីដាក់ពាក្យស្នើសុំឱ្យកោះហៅមន្រ្តីនគរបាលយុត្តិធម៌នេះ។
លោកស្រីបញ្ជាក់ថា ៖ «មូលហេតុនៃការស្នើនេះ ព្រោះយើងមើលលើឯកសារពីដំបូងឡើយដែលជាដើមចមនាំឱ្យមានការចាប់ខ្លួនឯកឧត្តមកឹម សុខាគឺលើវីដេអូឃ្លីបដែលមានរយៈពេល១៣នាទី ដែលវីដេអូនោះមានការកាត់តមកភ្ជាប់គ្នា ចឹងហើយដែលធ្វើឱ្យមានបាត់ខ្លឹមសារសំខាន់ៗមួយចំនួនក្នុងវីដេអូនោះ»។
ចំណែក លោកមេធាវី អាង ឧត្តម បានលើកឡើងដែរថា វាគឺជារឿងដែលហួសចិត្ត និងចម្លែកជាទីបំផុត ដោយលោកបញ្ជាក់ថា ក្នុងសំណុំរឿងចោទលោកកឹម សុខាលើរឿងបាតុកម្ម ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែនៅក្នុងក្រមនិយាយពីរឿងប្រទូសរាយ ឈ្លានពានប្រឆាំងនឹងកម្ពុជា។
លោកថា ៖ «ចឹង យើងនឹងបង្ហាញតុលាការយ៉ាងម៉េចបានជាមួយឆ្វេង មួយស្តាំបែបនេះ ខុសគ្នាដាច់»។
អ្នកគាំទ្រលោកកឹម សុខាមកពីខេត្តកំពង់ឆ្នាំងដែលមករងចាំទទួលព័ត៌មានពីសវនាការរបស់សាលាឧទ្ធរណ៍នាថ្ងៃទី២៣ ខែឧសភា លោក ចាន់ សុផាត បានប្រាប់ថា លោកចង់ឱ្យតុលាការបញ្ចប់ករណីលោកកឹម សុខា ដោយសុំឱ្យតុលាការលើកលែងទោស និងការចោទប្រកាន់លោក កឹម សុខា។
លោកថា លោកមកគាំទ្រនេះគឺមកដោយខ្លួនឯង មិនមានអ្នកណាបង្ខំ ឬជួលឱ្យលោកមកគាំទ្រលោកកឹម សុខានោះទេ។
លោក ចាន់ សុផាត ថា ៖ «លោកកឹម សុខាជាមនុស្សល្អ ស្មោះត្រង់ ដែលអាចទុកចិត្តបាន ទើបធ្វើឱ្យខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិរបស់ខ្ញុំហ្នឹងទុកចិត្តលើគាត់បាន ទើបពួកខ្ញុំគាំទ្រលោកកឹម សុខា»។
រីឯអ្នកគាំទ្រមួយរូបទៀតដែលធ្វើដំណើរមកពីខេត្តកំពង់ចាម គឺលោក ចេង សុខុន បានលើកឡើងដែរថា តាមការតាមដាន និងការលោកយល់ឃើញគឺលោកមិនមានឃើញមានការទំនាក់ទំនងរវាងលោកកឹម សុខា និងពួកបរទេសនោះទេ ដែលការចោទនេះគឺអយុត្តិធម៌សម្រាប់លោក កឹម សុខា។
លោកថា ៖ «ខ្ញុំចង់ឱ្យតុលាការដោះលែងគាត់ ហើយត្រូវរ៉ូវគ្នាវិញ នោះខ្មែរយើងនឹងមានសុខសន្តិភាពហើយ ឈប់បែកបាក់គ្នាទៀត»។
សូមរម្លឹកថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕