សម្រាប់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ទីក្រុងគៀវមិនមានសិទ្ធតាមផ្លូវច្បាប់ និង ទាំងសីលធម៌​ក្នុងការប្រគល់ដីទៅឲ្យទីក្រុងមូស្គូ

ទឹកដីស្ថិតនៅជាបញ្ហាធំបំផុតក្នុងការចរចាដែលសំដៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទីក្រុង​មូស្គូ ទាមទារការដកទ័ពរបស់ទីក្រុងគៀវពីផ្នែកនៃតំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន។

ប៉ុន្តែកាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ លោកវ៉ូឡូឌីមៀ​ ហ្សេឡេនស្គី បានបញ្ជាក់ថា ទីក្រុងគៀវ​មិនមាន​សិទ្ធ​​តាមផ្លូវច្បាប់ និងទាំងសីលធម៌​ក្នុងការធ្វើសម្បទានដីអ៊ុយក្រែនទៅឲ្យរុស្ស៊ីនោះទេ។ បញ្ហា​ទឹក​​ដី​គឺជាចំនុចកណ្តាលនៃកិច្ចចរចាដែលកំពុងបន្តនៅលើផែនការសន្តិភាពក្រោមការសម្រប​សម្រួលរបស់អាម៉េរិក។

ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ៖ “តើយើងនឹងសន្យាប្រគល់ដីដែរឬទេ? យើងមិនមាន​ច្បាប់ណាមួយក្នុងការធ្វើរឿងនេះ ក្នុងគុណធម៌នៃច្បាប់អ៊ុយក្រែន ទាំងក្នុងធម្មនុញ្ញរបស់យើង និងតាមច្បាប់អន្តរជាតិ។ ហើយយើងក៏មិនមានសិទ្ធខាងសីលធម៌​ក្នុងការធ្វើរឿងនេះដែរ។”លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបន្ថែមថា ៖ “រុស្ស៊ីទទូចឲ្យយើងប្រគល់ទឹកដី ប៉ុន្តែយើង​មិន​ចង់ប្រគល់ទឹកដីទាល់តែសោះ។ យើងប្រយុទ្ធដើម្បីថែទឹកដីហ្នឹង ដូចដែលអ្នករាល់គ្នាដឹងយ៉ាង​ច្បាស់។ លោកហ្សេឡេនស្គី បញ្ជាក់ដែរថា សហរដ្ឋអាម៉េរិកព្យាយាមស្វែងរកការ​សម្រុះ សម្រួល​លើចំនុចនេះ។ ប៉ុន្តែវាមានបញ្ហាលំបាកពាក់​ព័ន្ធនឹងរឿងទឹកដី និងគ្មានការព្រមព្រៀង​ណា​មួយ​ត្រូវបានរកឃើញនោះទេ។

មន្រ្តីជាន់ខ្ពស់ម្នាក់នៃសំណុំរឿងនៃកិច្ចចរចា បានរៀបរាប់ថា រឿងទឹកដីនៅតែស្ថិតនៅជាបញ្ហា​ធំ​បំផុត​នៅក្នុងកិច្ចចរចាដែលសំដៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។​ ទីក្រុងមូស្គូទាមទារ​ការ​ដក​កងទ័ព​របស់ទីក្រុងគៀវពីផ្នែកនៃតំបន់ក្រោមការគ្រប់​គ្រងរ​បស់ពួកគេ។ មន្រ្តីរូបនេះ ដែល​ផ្តល់​ពត៌មានអំពីជុំចុងក្រោយនៃកិច្ចចរចារវាងអ៊ុយក្រែន និងអាម៉េរិក បានថ្លែងថា ការសុំនេះនៅ​តែ​នៅ​មាន និងគឺជារឿងដែលមានបញ្ហាបំផុត។ លោកបញ្ជាក់ថា លោកវ្លាឌីមៀ ពូទីន មិនចង់​សម្រេច​កិច្ចព្រមព្រៀង​ដោយអ៊ុយក្រែនមិនផ្តល់ទឹកដីនៅតំបន់​​ដុនបាសដែល​ជា​តំបន់​នៅភាគ​ខាង​កើតអ៊ុយក្រែននោះឡើយ។

យោងតាមមន្រ្តីជាន់ខ្ពស់​មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតុន​ជម្រុញ​​ឲ្យអ៊ុយក្រែន​ទទួលយកឲ្យបានលឿនបំផុតនូវផែនការមួយដើម្បីបញ្ចប់សង្រ្គាម។ យោង​តាមប្រភពនេះដែរ បានឲ្យដឹងថា អាម៉េរិកធ្វើការដាក់សំពាធ​ដូចថា លឿនឡើងៗ ប៉ុន្តែ ភាគីអ៊ុយក្រែនមិនអាចទទួលយកដោយមិនបានពិនិត្យមើលសេចក្តីលំអិតនៃផែនការ​ទាំង​នោះ​ឡើយ។

មន្រ្តីដដែលនេះក៏បានលើកឡើងថា អ៊ុយក្រែនក៏បានពន្យល់ទៅកាន់អ្នកចរចាអាម៉េរិក លោក​ស្តេវ វីតកូហ្វ និងលោកចារ៉េដ គូស្នើ អំពីការងារដែលសកម្មជាងនេះ និងការស្វែង​រកគំនិត​គឺ​ជា​រឿងចាំបាច់។

ចំណែកកិច្ចប្រជុំមួយរវាង លោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោកខេ ស្តាមើ នាយករដ្ឋមន្រ្តីអង់គ្លេស លោកហ្វ្រ៊ីឌ្រីដ មឺហ្ស អធិការបតីអាឡឺម៉ោង ជាមួយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃចន្ទ ក៏បានអនុញ្ញាតឲ្យបន្តការងាររួម​​គ្នាលើ​ផែនការរបស់អាម៉េរិកសម្រាប់សន្តិភាពនៅអ៊ុយក្រែន ក្នុងគោលដៅបំពេញទៅក្នុងផែនការ​នេះ​​ជាមួយ​ការចូលរួមរបស់អឺរ៉ុបក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងគៀវ។

យោងតាមវិមានអេលីហ្ស៉េ ក៏បានឲ្យដឹងថា ការងារនេះគឺស្ថិតនៅផ្លូវនៃការបញ្ចប់​ដោយក្រុម​ទីប្រឹក្សា​សន្តិសុខជាតិ ក្នុងគោលដៅផ្លាស់ប្តូរ​បទពិសោធន៍ និងការពិភាក្សារវាងអឺរ៉ុប អាម៉េរិក និងអ៊ុយក្រែន ដែលត្រូវអនុញ្ញាតឲ្យមានការពង្រីកភាពត្រូវរ៉ូវគ្នានៅប៉ុន្មានថ្ងៃខាងមុខ។ ប្រភព​នេះ បានបន្ថែមថា ទន្ទឹមគ្នានេះ ការងារត្រូវតែធ្វើឲ្យស៊ីជម្រៅដើម្បី​ផ្តល់ឲ្យអ៊ុយក្រែននូវ​ការ​ធានា​​សន្តិសុខរឹងម៉ាំ ព្រមទាំងត្រៀមវិធានការដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញផងដែរ។

 

Daily Program

Livesteam thumbnail