សម្តេចប៉ាបឡេអូទី១៤ទទួលស្វាគមន៍រាជវង្សានុវង្សនៃប្រទេសលុចសំបួរ
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីសប្តាហ៍មុននេះសម្តេចប៉ាបឡេអូទី១៤បានយាងទទួលស្វាគមន៍ព្រះរាជវង្សានុវង្សនៃព្រះមហាក្សត្រ នៃប្រទេសលុចសំបួរ នៅបុរីវ៉ាទីកង់ ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា នៅក្នុងអំឡុងពេលនោះ ព្រះរាជវង្សានុវង្សនៃប្រទេសនេះក៏បានយាង ជួបពិភាក្សាជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ និង រដ្ឋមន្រ្តី ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ គឺលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ។
ក្នុងអំឡុងពេលពិភាក្សាយ៉ាងស្និទ្ធស្នាលនៅលេខាធិការដ្ឋានបុរីវ៉ាទីកង់ ភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងការទូតដ៏ល្អរវាង សន្តអាសនៈនិងលុចសំបួរ ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែលមានផលប្រយោជន៍រួម ដូចជាការរួបរួមគ្នាក្នុងសង្គម ការអប់រំយុវជន និងការការពារសេចក្តីថ្លៃថ្នូរនៃជីវិត និងតម្លៃនៃមនុស្សជាតិ។
ភាគីទាំងពីរក៏មានការផ្លាស់ប្តូរទស្សនៈលើបញ្ហាទាក់ទងនឹងកិច្ចការអន្តរជាតិបច្ចុប្បន្ន ជាពិសេសការយកចិត្តទុកដាក់ចំពោះបរិបទអឺរ៉ុប៕