សម្តេចប៉ាបលើកទឹកចិត្តអ្នកស្ម័គ្រចិត្តនិងស្វាគមអ្នកគ្មានផ្ទះសម្បែង
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលទៅកាន់អ្នកស្ម័គ្រចិត្តនិងអ្នកដែលគ្មានផ្ទះសម្បែងថា យើងទាំងអស់គ្នាគឺជាមនុស្សជាតិដូចគ្នា អ្នកស្ម័គ្រចិត្តគឺជាអ្នកផ្តល់ ហើយអ្នកគ្មានផ្ទះសម្បែងនិងអ្នកក្រខ្សត់គឺជា អ្នកទទួល ដូច្នេះយើងគួររស់នៅជាមួយគ្នាដោយក្តីស្រលាញ់ ។
វ៉ាទីកងញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅក្នុងឱកាសដែលទ្រង់បានយាងជួប ជាមួយក្រុមអ្នកស្ម័គ្រចិត្តដែលមានមូលដ្ឋាននៅទីក្រុងវីយែន ដែលកំពុងតែជួយប្រជាជនដែលរស់នៅតាមដងផ្លូវ កាលពីចុងសប្តាហ៍កន្លងទៅ ។
សម្តេចប៉ាប បានលើកទឹកចិត្តក្រុម អ្នកស្ម័គ្រចិត្តនិងពលរដ្ឋងាយរងគ្រោះឲ្យបន្តការងារ ដើម្បីពង្រឹងគ្នាទៅវិញទៅមក តាមរយៈ "ស្នាមញញឹម កាយវិការនៃមិត្តភាព ឬការសម្លឹងមើលគ្នានៅក្នុងភាពជាបងប្អូន។
មានបន្ទូលទៅកាន់អ្នកស្ម័គ្រចិត្តនានា សម្តេចប៉ាបបានទទួលស្គាល់ថាក្រុមនេះបានប្រមូលផ្តុំមនុស្សមកពីប្រទេសផ្សេងៗគ្នា ហើយជាកម្មសិទ្ធិរបស់និកាយសាសនាផ្សេងៗគ្នា ជាមួយនឹងបទពិសោធន៍ជីវិតរបស់ពួកគេផ្ទាល់ ប៉ុន្តែ ទ្រង់បានមានប្រសាសន៍ថា រឿងមួយបង្រួបបង្រួមអ្នករាល់គ្នាគឺថា ៖ «យើងជាបងប្អូន ជាកូនរបស់ព្រះវរបិតាតែមួយ»។
សម្តេច បានពន្យល់ថា ការពិតនេះត្រូវបានពង្រឹងនៅពេលដែលសហគមន៍ ជួយគ្នាទៅវិញទៅមក និងចែករំលែកនូវអ្វីដែលម្នាក់ៗអាចផ្តល់ជូនគ្នា។
សម្តេចប៉ាបបានមានបន្ទូលថា មនុស្សទាំងអស់គឺត្រូវតែមានការទទួល និង ក៏ត្រូវតែមានការផ្តល់ ហើយ អន្តរកម្មនៃសកម្មភាពនេះគឺជា អន្តរកម្មរបស់មនុស្សគ្រប់រូប៕