សម្តេចប៉ាបបញ្ចេញការដកស្រង់សកម្មភាពមួយចំនួនរបស់ទ្រង់តាំងពីកុមារភាពរហូតឆ្នាំ២០២១
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្នុងថ្ងៃប្រារព្ធខួបកំណើតគម្រប់៨៨វង្សា លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមដែលជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចេញរូបភាពសកម្មភាពមួយចំនួនរបស់ទ្រង់តាំងពីកុមារភាពរហូតដល់ដំណើរនៃទស្សនកិច្ចរបស់ទ្រង់នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០២១។
ប្រភពដដែលបានបន្តថា នៅក្នុងឯកសារដែលចេញនៅថ្ងៃពិសេសគឺថ្ងៃខួបកំណើតរបស់ទ្រង់ ១៧ ខែធ្នូ ឆ្នាំ១៩៣៦-១៧ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃគម្រប់៨៨ ឆ្នាំ សម្តេចប៉ាប បានសង្កត់ធ្ងន់អំពីអត្ថន័យនៃជំនឿ។ សម្តេចប៉ាបនៅថ្ងៃពិសេសនោះ ទ្រង់បានមានបន្ទូលថា ជំនឿមិនមែនជាអាភៀនដែលធ្វើឲ្យមនុស្សញៀននឹងវានោះទេ ប៉ុន្តែគឺជាការបង្ហាញផ្លូវឲ្យមនុស្សរិះគិតហើយស្វែងរកអ្វីជាសេចក្តីពិត អ្វីដែលជាតម្រូវការខាងវិញាណ ហើយចែករំលែកតាមការប្រកាសដំណឹងល្អ។
តាមគម្រោងឯកសារដែលសម្តេចប៉ាបបានប្រកាសចេញនេះ នឹងត្រូវគេយកទៅចងក្រងហើយនឹងបោះពុម្ភផ្សាយហើយចែកចាយទៅ១០០ ប្រទេសនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ខាងមុខ។
សម្តេចប៉ាបបានចែករំលែកអំពីដំណើរជីវិតនិងសេចក្តីសង្ឃឹមតំាងពីកុមារភាពនៅក្រោយពេលដែលបានឃើញពីជីវិតនារីរកស៊ីផ្លូវភេទនៅតាមដងផ្លូវនៅទីក្រុង បូណូស អែរ៉េ (Buenos Aires) នៅប្រទេសអាហ្សង់ទីន ដោយហៅវាថាជារូបភាពនៃផ្នែកងងឹតបំផុត និងលំបាកបំផុតនៃជីវិត។
សម្តេចប៉ាបបានបន្តថា ក្រោយមក នៅពេលដែលលោកបានក្លាយជាបូជាចារ្យ និងជាអភិបាល នៅព្រះសហគមន៍ ទ្រង់តែងតែរៀបចំពិធី អភិបូជាដល់ស្ត្រីខ្លះក្នុងចំណោមស្ត្រីទាំងនេះ។
នៅក្នុងឯកសារនោះសម្តេចប៉ាបបានលើកឡើងនៃដំណើរជីវិតនិងបញ្ហាជាច្រើននៅក្នុងសង្គមដែលទ្រង់បានជួបទាំងនៅក្នុងគ្រួសារនិងនៅក្នុងកិច្ចការបម្រើគ្រិស្តបរិស័ទនិងព្រះសហគមន៍កាតូលិក៕