សម្តេចប៉ាបគាំទ្រ​ក្រុមលោកអភិបាល​អាមេរិកអំពីជនចំណាកស្រុក

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានចេញនូវសារលិខិតមួយច្បាប់ផ្ញើជូនទៅកាន់ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកសហរដ្ឋអាមេរិក ដោយបង្ហាញពីការគាំទ្ររបស់ទ្រង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនចំណាកស្រុក។

វ៉ាទីកង់ញូវ បានឲ្យដឹងថា នៅក្នុងលិខិតមួយចុះថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ ២០២៥ ទ្រង់បានមានបន្ទូលទូលទៅកាន់បងប្អូន គ្រីស្តបរិស័ទនៅទីនោះថា ទ្រង់បានទទួលស្គាល់ការងាររបស់បក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកនៅសហរដ្ឋអាមេរិកអំពី​ជនចំណាកស្រុក និងជនភៀសខ្លួន។

សម្តេចប៉ាបបានបង្ហាញការគាំទ្រចំពោះការខិតខំប្រឹងប្រែងដើម្បីលើកតម្កើងសេចក្តីថ្លៃថ្នូរជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ហើយទ្រង់ក៏បានលើកឡើងពីសារៈសំខាន់និងតួនាទីរបស់គ្រូអប់រំជំនឿជាដើម។ល។

នៅក្នុងលិខិតនោះសម្តេចប៉ាប រំលឹកពីស្ថានការណ៍ជនភៀសខ្លួននៅប្រទេសអេហ្ស៊ីបនិងបាតុភូត ចំណាកស្រុក​នាពេលបច្ចុប្បន្ននេះ។

សម្តេចប៉ាបក៏បានគូសបញ្ជាក់ពីតម្លៃនៃ​ធម្មនុញ្ញដែលកំណត់ដោយសម្តេចប៉ាបពីយ៉ូស​ទី​១២ (Pius XII) ស្តីពីការថែទាំជនចំណាកស្រុក ដោយពិពណ៌នាអំពីគ្រួសារដ៏វិសុទ្ធថា ជាគំរូសម្រាប់មនុស្សជាតិទាំងអស់ដែលត្រូវបានចាកចេញពីមាតុភូមិដើម្បីស្វែងរកសុវត្ថិភាព និងស្ថិរភាព។

សម្តេចប៉ាបក៏បានសរសេរថា «ការងាររបស់អ្នក ក្នុងការការពារជនចំណាកស្រុកគឺបានកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងបេសកកម្មរបស់ព្រះគ្រីស្ត និងប្រវត្តិសាស្រ្តនៃព្រះសហគមន៍»

សម្ដេចប៉ាបក៏បានបញ្ជាក់និងសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមលោកអភិបាលដោយសង្កត់ធ្ងន់ថា សេចក្ដីស្រឡាញ់របស់គ្រីស្តបរិស័ទទាមទារ​ការទទួលស្គាល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងអស់ ដោយមិនគិតពីស្ថានភាពផ្លូវច្បាប់៕

Daily Program

Livesteam thumbnail