សមាគម អង្គការ សហជីព នឹងជួបជុំគ្នារំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ខួបលើកទី៨ នាថ្ងៃស្អែកនេះ
សមាគម អង្គការ សហជីព ដែលធ្វើការនៅក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងយុវជន នឹងជួបជុំគ្នាធ្វើពិធីរំលឹកខួបលើកទី៨ រំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី នៅវេលាម៉ោង៨.០០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៨ ខែកក្កដា បានលើកឡើងថា ៖ «យើងខ្ញុំនឹងជួបជុំគ្នានៅចំណុចស្តុបបូកគោ ទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់យ៉ាងសាហាវយង់ខ្នង កណ្ដាលទីក្រុងភ្នំពេញ មកលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ នយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦»។
ការជួបជុំនេះធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងអហិង្សា ដើម្បីជាការរលឹកដឹងគុណចំពោះវីរភាពដ៏ អង់អាចក្លាហានរបស់លោកបណ្ឌិត កែម ឡី ក្នុងបេសកកម្មនិយាយការពិត និងលើកស្ទួយឱ្យប្រជាពលរដ្ឋខ្មែរ មានភាពសកម្មចូលរួមតាមដានក្នុងកិច្ចការងារសង្គម នយោបាយ តាមរយៈការចូលរួមស្តាប់ រៀនវិភាគថ្លឹងថ្លែង ព្រមទាំងអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕