សន្តអាសនៈកត់សំគាល់អំពីការបំភិតបំភ័យផ្នែកសេរីភាពសារព័ត៌មាន
មន្រ្តីកំពូលនៃសន្តអាសនៈបានថ្លែងកត់សំគាល់អំពីការបំភិតបំភ័យនិងសេរីភាពសារព័ត៌មាននៅលើពិភពលោក នៅពេលដែលចូលរួមកម្មវិធីស្តីពីសេរីភាពខាងសាសនានៅលើពិភពលោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
ដោយឆ្លុះបញ្ចាំងឱ្យកាន់តែទូលំទូលាយអំពីសេរីភាពសាសនា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទង្វើនៃការបំភិតបំភ័យនាពេលថ្មីៗនេះប្រឆាំងនឹងសេរីភាពសារព័ត៌មាន ។
លោកកាឌីណាល់បាននិយាយសំដៅទៅលើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍មុនលើអ្នកកាសែតអ៊ីតាលីម្នាក់ឈ្មោះ ស៊ីហ្វ្រីដូ រ៉ានូកស៊ី ( Sigfrido Ranucci ) ។ អ្នកសារព័ត៌មានរូបនោះ ជាអ្នករៀបចំកម្មវិធីស៊ើបអង្កេតផ្នែកព័ត៌មានដ៏ល្បីនៅអ៊ីតាលី ហើយក៏ជាអ្នកដែលត្រូវគេបង្កៃ គ្រឿងផ្ទុះមួយគ្រាប់នៅខាងក្រៅផ្ទះរបស់គាត់។
លោកកាឌីណាល់បានព្រមានថា យើងកាន់តែប្រឈមនឹងហានិភ័យនៃការរស់នៅក្នុងបរិយាកាសនៃការមិនអត់ឱនដែលសេរីភាពនៃការបញ្ចេញមតិមិនត្រូវបានគោរព។
លោកបានមានប្រសាសន៍ថា យើងចង់ឲ្យអ្នករាល់គ្នាអាចបញ្ចេញទស្សនៈដោយការគោរព ប៉ុន្តែយើងក៏ចង់ឲ្យមនុស្សមានសេរីភាពក្នុងការបញ្ចេញមតិដោយមិនរងការគំរាមកំហែងប្រភេទនេះដែរ៕