សង្រ្គាមពាណិជ្ចកម្ម ប្រទេសចិនឆ្លើយតបច្បាប់ពន្ធគយអាម៉េរិក

ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ ថាចិននឹងដាក់ច្បាប់ពន្ធគយលើផលិតផលអាម៉េរិកជាច្រើន មានជាអាទិ៍ការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ។
កណ្តាប់ដៃដែកពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតុន គឺនៅខណៈដែលសហរដ្ឋ អាម៉េរិកបានដាក់ការបង្កើន ១០% នៃច្បាប់ពន្ធគយលើផលិតផលទាំងអស់ដែលនាំចូលមកពីប្រទេសចិន។ ប្រទេសចិន កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ បានឆ្លើយតបដោយដាក់ច្បាប់ពន្ធគយលើផលិតផលអាម៉េរិកជាច្រើន។
ក្រសួងហិរញ្ញវត្ថុចិន បានបន្ថែមថា ទីក្រុងប៉េកាំងបានប្រកាសថា ទីក្រុងប៉េកាំងនឹងដាក់ច្បាប់ពន្ធគយ ១៥% លើការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (GNL) របស់អាម៉េរិក។ ម្យ៉ាងវិញទៀត ពន្ធគយ ១០% ក៏នឹងត្រូវដាក់លើកការនាំចូលប្រេងរបស់អាម៉េរិក និងទំនិញដទៃៗ ទៀតដែលមកពីសហរដ្ឋអាម៉េរិក មានម៉ាស៊ីនកសិកម្ម រថយន្តកីឡាដែលមានស៊ីឡាំងធំ និងរថយន្តកាំមីញុង។ ក្រសួងបានថ្លែងថា ច្បាប់ពន្ធគយថ្មីទាំងនេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ការប្រកាសរបស់ទីក្រុងប៉េកាំងគឺជាឆ្លើយតបភ្លាម ចំពោះច្បាប់ដែលចូលជាធរមាននៅវ៉ាស៊ីនតុនអំពីច្បាប់ពន្ធគយអាម៉េរិកបង្កើនលើផលិតផលទាំងអស់ដែលនាំចូលពីប្រទេសចិន។
ក្រសួងហិរញ្ញវត្ថុចិន បានទទូចថាពន្ធគយរបស់អាម៉េរិកដែលប្រកាសឲ្យប្រើដោយលោកដូណាល់ ត្រាំ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏មិនបានការអ្វីដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អាម៉េរិក ហើយក៏ធ្វើឲ្យវិបប្លាសដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមធម្មតារវាងប្រទេសទាំងពីរ។
ម្យ៉ាងទៀត ប្រទេសចិនក៏បានប្រកាស ដាក់ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការរំលោភច្បាប់ពន្ធគយរបស់អាម៉េរិក។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ៖ “ប្រទេសចិន ដើម្បីការពារសិទ្ធស្របច្បាប់របស់ខ្លួន នឹងដាក់ប្តឹងអំពីច្បាប់ពន្ធគយអាម៉េរិកនៅពីមុខយន្តការនៃការដោះស្រាយភាពផ្ទុយគ្នានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។”
សេចក្តីប្រកាសរបស់ទីក្រុងប៉េកាំង កើតមានឡើងមុនពេលលទ្ធភាពនៃកិច្ចពិភាក្សាដែលអាចកើតមានឡើងរវាងប្រធានាធិបតីចិន លោកស៊ី ជីនពីង និងសមភាគីអាម៉េរិករបស់លោកលោកដូណាល់ ត្រាំ ដែលត្រូវបានប្រកាសដោយអ្នកនាំពាក្យនៃសេតវិមាន លោកការ៉ូលីន លៀវីត។
ទន្ទឹមពេលគ្នានេះដែរ ទីក្រុងប៉េកាំងដ៏បានប្រកាសបើកការស៊ើបអង្កេតលើក្រុមហ៊ុនមហាយក្សបច្ចេកវិទ្យា Google ដែលចិននិយាយថា សង្ស័យក្រុមហ៊ុននេះរំលោភច្បាប់ប្រឆាំងនឹងការរកស៊ីផ្តាច់មុខ។
នៅក្នុងសេចក្តីប្រកាសមួយ អង្គការរដ្ឋាភិបាលថ្លែងថា Google ត្រូវបានសង្ស័យថាបានរំលោភច្បាប់ប្រឆាំងនឹងការរកស៊ីផ្តាច់មុខនៃសាធារណរដ្ឋប្រជាមានិតចិន។ ទីភ្នាក់ងាររដ្ឋសម្រាប់ការក្រិតច្បាប់ទីផ្សារ បានដាក់ចេញនូវការស៊ើបអង្កេតមួយលើក្រុមហ៊ុនអាម៉េរិក ឲ្យស្របតាមច្បាប់។
នៅក្នុងពេលជាមួយគ្នា ប្រទេសចិនបានប្រកាសបន្ថែមសាជីវកម្មអាម៉េរិក ដែលអាចនឹងត្រូវបានស៊ើបអង្កេត រួមមានក្រុមហ៊ុន Tommy Hilfiger និង Calvin Klein និងក្រុមហ៊ុនមហាយក្សខាងបច្ចេកវិទ្យាជីវសាស្រ្ត Illimina ដោយដាក់ទៅក្នុងបញ្ចីក្រុមហ៊ុន ដែលមានការគួរឲ្យទុក្ខចិត្តខ្សោយ។
នៅក្នុងសេចក្តីប្រកាសមួយក្រសួងពាណិជ្ជកម្មចិន បញ្ជាក់ថា ៖ “វិធានការទាំងនេះសំដៅការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍លើការអភិវឌ្ឍ”។
Daily Program
