វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ព្រះមហាក្សត្រនៃកម្ពុជា មានហឫទ័យសោមនស្សរីករាយជាអនេក ដោយបានចូលរួមជា ព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ដ៏ល្អវិចិត្រ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង។

ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលចាត់ទុក វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។

ព្រះអង្គមានព្រះរាជបន្ទូលថា «កាលពីឆ្នាំ២០២៣កន្លងទៅ ព្រះរាជាណាចក្រកម្ពុជានៃយើង បាន
ប្រារព្ធពិធីអបអរសាទរខួប៣០ឆ្នាំ ដ៏អធិកអធមជាប្រវត្តិសាស្ត្រ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថាប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង»។

អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេលមួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមានវិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹងនូវគុណបំណាច់របស់ ឥស្សរជនសេ្នហាជាតិ ជាស្ថាបនិកនិងជាប្រតិបត្តិករ នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានគោរពចំពោះវិញ្ញាណក្ខន្ធរបស់ឥស្សរជន ដែលបានខិតខំរួបរួមគ្នាយ៉ាងស្វិតស្វាញ កសាងរដ្ឋធម្មនុញ្ញចាប់ពីឆ្នាំ១៩៩៣ មក ហើយដែលបានទទួលមរណភាព ទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធឥស្សរជនទាំងនោះបានប្រកបដោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព្រះមហាក្សត្រនៃកម្ពុជា មានហឫទ័យរំភើបជាអនេក ពេលបានឃើញវិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្របែបនេះ។ ផ្អែកតាមខ្លឹមសារនៃរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ យើងអាចសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយគ្នានេះ ព្រះអង្គសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំបានឧបត្ថម្ភ គាំទ្រដល់កិច្ចកសាងវិមាននេះរហូតសម្រេចជាស្ថាពរ។

ព្រះអង្គសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ កិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តួចផ្តើមគំនិត, បង្កើតទស្សនាទាន, និងដឹកនាំការកសាងវិមានរដ្ឋធម្មនុញ្ញ ដ៏ពិសិដ្ឋនេះឡើង នៅលើទីតាំងប្រកបដោយជយភូមិ ដែលជាសំណង់បេតិកភណ្ឌជាតិ
ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញអំពីតំណភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងអតីតកាលដ៏ថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ ដែលធ្លាប់មានអរិយធម៌ឧត្តុង្គឧត្តម, កិត្យានុភាពខ្ពង់ខ្ពស់ តាំងពីបុរាណកាលរៀងមក។

ព្រះអង្គក៏បានសូមកោតសរសើរបណ្ឌិតជាស្ថាបត្យករ, នីតិបញ្ញវន្ត, វរសិល្បករ និងក្រុមជាងគ្រប់ផ្នែកទាំងឡាយ ដែលបានរួមចំណែកក្នុងដំណើរការកសាង វិមានរដ្ឋធម្មនុញ្ញនេះ រហូតទទួលបានសមិទ្ធផលដ៏ល្អស្កឹមស្កៃនេះឡើង។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី បានឯកភាពលើគំនូសប្លង់ និងបានអនុញ្ញាតឱ្យសាងសង់វិមានរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន ២.២៣៨.៨៤៧ ដុល្លារអាមេរិក។ ពិធីក្រុងពាលីបញ្ចុះបឋមសិលា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមង្គលបឋមកិច្ចនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។

វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត៕

Daily Program

Livesteam thumbnail