លោកឪពុក អ៊ុន សុន រំឭកគ្រីស្តបរិស័ទឲ្យប្រុងស្មារតី និងរក្សាក្តីសង្ឃឹម ក្នុងឱកាសរដូវរង់ចាំ
ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផង បានចូលមកដល់ថ្ងៃអាទិត្យទី១ នៃរដូវរង់ចាំ ដែលជាថ្ងៃចាប់ផ្តើមឆ្នាំថ្មីតាមប្រតិទិនពិធីបុណ្យរបស់ព្រះសហគមន៍។ ក្នុងធម្មទេសនានាឱកាសដ៏វិសេសនេះ លោកឪពុក អ៊ុន សុន បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ភ្នំពេញថ្មី បានអំពាវនាវឲ្យគ្រីស្តបរិស័ទគ្រប់រូបរស់នៅដោយប្រុងស្មារតី កុំបណ្តោយឲ្យភាពរវល់ និងការភ័យខ្លាចក្នុងលោកធ្វើឲ្យភ្លេចព្រះជាម្ចាស់ ព្រមទាំងត្រូវរក្សាពន្លឺនៃក្តីសង្ឃឹមជានិច្ច។
ក្នុងឱកាសឈានចូលឆ្នាំថ្មីនៃប្រតិទិនពិធីបុណ្យ លោកឪពុក អ៊ុន សុន បានលើកឡើងថា ព្រះយេស៊ូតែងតែអប់រំ និងណែនាំឲ្យមនុស្សមានសតិ និងប្រុងប្រយ័ត្នក្នុងការរស់នៅ ដើម្បីកុំឲ្យកិច្ចការរវល់រាប់ពាន់ជំពូកនាំឲ្យភ្លេចចាប់អារម្មណ៍ព្រះជាម្ចាស់។ លោកឪពុកបានដកស្រង់ពាក្យរបស់សន្តអូគូស្ទីនមករំឭកថា៖ «ខ្ញុំខ្លាចថា ព្រះយេស៊ូនឹងយាងកាត់មុខខ្ញុំ ដោយខ្ញុំមិនបានសម្គាល់ឃើញព្រះអង្គ»។
លោកបូជាចារ្យក៏បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គម និងក្រុមគ្រួសារបច្ចុប្បន្ន ដែលមនុស្សជាច្រើនងប់ងុលនឹងទូរសព្ទដៃ រហូតភ្លេចយកចិត្តទុកដាក់អ្នកនៅក្បែរខ្លួន។ លោកបានកត់សម្គាល់ថា ទោះបីជួបជុំអង្គុយបរិភោគអាហារជាមួយគ្នាក៏ដោយ ក៏ម្នាក់ៗបែរជាអង្គុយចុចទូរសព្ទរៀងៗខ្លួន មិនសូវនិយាយស្តី ឬសួរសុខទុក្ខគ្នាឡើយ។ លោកឪពុកបានផ្តាំផ្ញើជាពិសេសដល់ឪពុកម្តាយថា ពេលកូនៗត្រឡប់មកពីសាលារៀន គួរតែឆ្លៀតពេលសួរនាំពីការសិក្សា និងកិច្ចការផ្ទះរបស់ពួកគេ ហើយត្រូវធ្វើជាគំរូល្អ ដោយលោកបានសង្កត់ធ្ងន់ថា៖ «បើយើងជាគំរូដែលជាប់នឹងទូរសព្ទ កុំឆ្ងល់ថាកូនក៏ជាប់នឹងទូរសព្ទដែរ»។ ក្រៅពីភាពរវល់ប្រចាំថ្ងៃ លោកឪពុក អ៊ុន សុន បានលើកឡើងពីវិបត្តិសកលជាច្រើន រួមមានបញ្ហាសេដ្ឋកិច្ច និងសង្គ្រាមនៅតាមតំបន់នានា និងជម្លោះផ្សេងៗទៀត ការបំផ្លិចបំផ្លាញ ក្រុមគ្រួសារដែលស្រឡាញ់គ្នាត្រូវបាក់បែកគ្នា។ល។
លោកបានបន្តថា ប្រសិនបើមនុស្សផ្តោតតែលើការភ័យខ្លាច និងការខ្វល់ខ្វាយទាំងនោះ ដួងចិត្តនឹងមិនអាចមើលឃើញព្រះជាម្ចាស់ឡើយ។ ក្នុងពិធីអុជទៀនទី១ នៃរដូវរង់ចាំ ដែលតំណាងឲ្យ «ទៀននៃក្តីសង្ឃឹម» លោកឪពុកបានលើកទឹកចិត្តគ្រីស្តបរិស័ទកុំឲ្យបាក់ទឹកចិត្ត ព្រោះព្រះយេស៊ូជាពន្លឺដែលយាងមកឆ្លងភាពងងឹតដើម្បីបំភ្លឺជីវិត និងដួងចិត្តរបស់មនុស្ស។ លោកបានមានប្រសាសន៍ថា៖ «ការដែលឲ្យយើងរង់ចាំ មានន័យថាយើងមិនអនុញ្ញាតឲ្យភាពអស់សង្ឃឹមឈ្នះលើយើងឡើយ ផ្ទុយទៅវិញ គឺការរស់នៅក្នុងសេចក្តីសង្ឃឹម»។
ជាចុងក្រោយ លោកឪពុកបានអំពាវនាវឲ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍ តាមរយៈការអធិដ្ឋានជូនគ្នា និងការចេះជួយគ្នាទៅវិញទៅមក ដើម្បីឲ្យព្រះគ្រីស្តសោយរាជ្យក្នុងដួងចិត្ត និងជីវិតជានិច្ច។ រដូវរង់ចាំ គឺជារយៈពេលបួនសប្តាហ៍មុនពិធីបុណ្យព្រះយេស៊ូប្រសូត (បុណ្យណូអែល) និងជាការបើកទំព័រឆ្នាំថ្មីតាមប្រតិទិនពិធីបុណ្យរបស់ព្រះសហគមន៍កាតូលិក។ រដូវកាលនេះគឺជាពេលវេលាដ៏ពិសិដ្ឋសម្រាប់គ្រីស្តបរិស័ទក្នុងការត្រៀមដួងចិត្ត ការកែប្រែជីវិត និងការអធិដ្ឋានប្រកបដោយអំណរ ដើម្បីរំឭកដល់ការយាងមកចាប់កំណើតរបស់ព្រះយេស៊ូគ្រីស្តផង និងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអង្គផង។ នៅរៀងរាល់ថ្ងៃអាទិត្យទាំងបួននៃរដូវរង់ចាំ ព្រះសហគមន៍តែងប្រារព្ធពិធីអុជទៀនម្តងមួយដើមជាបន្តបន្ទាប់ ដែលផ្តើមចេញពីទៀនទី១ នៃក្តីសង្ឃឹម ដើម្បីដាស់តឿនស្មារតីឲ្យត្រៀមខ្លួនទទួលពន្លឺរបស់ព្រះគ្រីស្ត។
