លោកបូជាចារ្យអាមេរិក និយាយថា អ្នកស្លាប់ដោយភ្នាក់ងារអនុវត្តច្បាប់ឥន្តោប្រវេសជាមនុស្សស្លូតត្រង់
លោកបូជាចារ្យដែលធ្វើការជាមួយ លោក អេឡិច ព្រីតធី ( Alex Pretti ) ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារអនុវត្តច្បាប់ឥន្តោប្រវេសអាមេរិកថ្មីៗនេះ និយាយថា ជនរងគ្រោះ ជាបុរសស្លូតត្រង់ម្នាក់។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា តាមការបញ្ជាក់របស់លោកបូជាចារ្យ ដែលធ្វើការជាមួយនឹងបុរសម្នាក់នេះបានហៅគាត់ថា ជាបុរសប្រកបដោយ«សេចក្តីសប្បុរស»។
លោកត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅពេលមានការប្រតាយប្រតប់គ្នា ក្រោយពេលដែលលោកបានជួយអន្តរាគមន៍សមត្ថកិច្ចចាប់ជនឥន្តោប្រវេសន៍ខុសច្បាប់ម្នាក់នៅរដ្ឋមីនេសូតា (Minnesota)នៅសហរដ្ឋអាមេរិក។
លោកត្រូវបានគេដឹងថា គឺជាគិលានុបដ្ឋាកផ្នែកសង្រ្គោះបន្ទាន់ ត្រូវបានបាញ់សម្លាប់ពេលកំពុងថតវីដេអូមន្ត្រីសហព័ន្ធនៅលើផ្លូវមួយក្នុងទីក្រុងមីនាប៉ូលីស (Minneapolis) កាលពីថ្ងៃទី ២៤ ខែមករា ប៉ុន្តែរបាយការណ៍ខ្លះថា លោកកាន់កាំភ្លើង។
លោកបូជាចារ្យ ហារី តាស្តូ ( Harry Tasto ) ជាអ្នកធ្វើការជាមួយជនរងគ្រោះអស់រយៈពេល១០ឆ្នាំ នៅមន្ទីរពេទ្យកិច្ចការអតីតយុទ្ធជនក្នុងទីក្រុងមីនាប៉ូលីស បាននិយាយថា លោកស្លូតបូត មិនដូចអ្វីដែលគេនិយាយនោះទេ។
ការស្លាប់របស់លោកបានបណ្តាលឲ្យផ្ទុះការតវ៉ានៅទីក្រុងនេះ៕