លោកបូជាចារ្យមីយ៉ាន់ម៉ាម្នាក់ត្រូវបានគេធ្វើឃាតដ៏រន្ធត់នៅមេនដាឡេ

ព្រះសហគមន៍កាតូលិកនៅមីយ៉ាន់ម៉ា ជាពិសេសគឺនៅភូមិភាគមេនដាឡេបានកំពុងតែកាន់ទុក្ខដោយបាត់បង់លោកបូជាចារ្យ ដូណាល់ ម៉ាទីន យី ណាង វិន (Donald Martin Ye Naing Win) អាយុ​៤៤​ឆ្នាំ ដែលត្រូវបានគេសម្លាប់យ៉ាងឃោរឃៅកាលពីថ្ងៃសុក្រ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ពេលកំពុងបំពេញ​បេសកកម្ម​​នៅ​ព្រះសហគមន៍របស់​លោក​​។​

សព​របស់លោកពោរពេញ​ដោយ​ស្នាម​របួស​ និង​ត្រូវ​បាន​គ្រីស្ត​បរិស័ទ​រក​ឃើញនៅម៉ោង​ប្រហែល​៦​ព្រឹកម៉ោង​នៅ​មីយ៉ាន់ម៉ា នៅ​ជាន់​ក្រោម​នៃ​ព្រះសហគមន៍​​ព្រះនាងម៉ារី​នៃក្រុង​លូដ៍។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ហ្វីដេ​។ ​

លោកបូជាចារ្យ​ កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨១ហើយត្រូវបានតែងតាំងជាលោកបូជាចារ្យ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ នៅព្រះវិហារ អាសាមសិន ( Assumption)​ក្នុង ទីក្រុង ភ្ជីន​អូ ល្វិន ( Pyin Oo Lwin)​។

លោកត្រូវបានគេដឹងថា គឺជាបូជាចារ្យ​ដែលបានលះបង់ជីវិតបម្រើ​ព្រះសហគមន៍និងគ្រីស្តបរិស័ទ​អស់រយៈពេល ៧ ឆ្នាំមកហើយ​។​

ពាក់ព័ន្ធនឹងការធ្វើឃាតដ៏ព្រៃផ្សៃចំពោះលោកបូជាចារ្យ ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសមីយ៉ាន់ម៉ា បានសម្តែងនូវទុក្ខសោកយ៉ាងជ្រាលជ្រៅដោយបញ្ជាក់ថា លោកបូជាចារ្យ បានបង្ហូរឈាម និងពលីជីវិតដើម្បី ប្រជាជនស្លូតត្រង់ជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសនេះ​។

ក្រុមលោកអភិបាលបានបន្តទៀតថា យើងសូមអំពាវនាវដោយស្មោះអស់ពីដួងចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យក្រោកឡើង និងបញ្ចប់អំពើហិង្សា ហើយអធិដ្ឋានរកយុត្តិធម៌ និង អ្នកទទួលខុសត្រូវទទួលខុសត្រូវទាំងស្រុង និងធានាថាសោកនាដកម្មបែបនេះមិនកើតឡើងម្តងទៀតទេ៕

Daily Program

Livesteam thumbnail