លោកដូណាល់ ត្រាំសង្ឃឹមមានកិច្ចព្រមព្រៀងនៅសប្តាហ៍នេះរវាងទីក្រុងមូស្គូ និង ទីក្រុងគៀវ

បន្ទាប់ពីបានគំរាមបិទទ្វារកិច្ចចរចា ប្រធានាធិបតីទី៤៧ របស់អាម៉េរិក ប្រាថ្នាឃើញថា ប្រទេស​ទាំង​ពីរនឹងបញ្ចប់សង្រ្គាម ដែលលោកបានសន្យានឹងដោះស្រាយក្នុងរយៈពេល ២៤​ម៉ោង។

នៅលើសារខ្លី ដែលផ្សាយនៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ កាលពី ថ្ងៃអាទិត្យ បាននិយាយសង្ឃឹមថា មានកិច្ចព្រមព្រៀងនៅក្នុងសប្តាហ៍នេះ រវាងរុស្ស៊ី និង អ៊ុយក្រែន។ ប្រធានាធិបតីអាម៉េរិក បានសរសេរថា ៖ “គេត្រូវមានសង្ឃឹមថា រុស្ស៊ី និង អ៊ុយក្រែន​នឹងឈានទៅមានកិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។ បន្ទាប់មកប្រទេសទាំងពីរ​នឹង អាច​ធ្វើកិច្ចការល្អជាមួយសហរដ្ឋអាម៉េរិក ដែលកំពុងតែរុងរឿងខ្លាំង និងរកលុយបានច្រើន!”។

ទោះយ៉ាងណា កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ ធ្លាប់បានគំរាមដកខ្លួនចេញពីការចរចា ដោយសារតែមិនមានការរីកចម្រើនខ្លាំង​នៅក្នុងការពិភាក្សាដាច់ដោយឡែក ដែលលោក សន្យាថា ដោះស្រាយបានតាំងពីច្រើនសប្តាហ៍មុន ជាមួយទីក្រុងគៀវ និងទីក្រុងមូស្គូ។ 

លោកវ្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ក៏បាននិយាយថា ទីក្រុងមូស្គូនឹង វិភាគការផ្តល់ដោយ សម​ភាគីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក្នុងការបន្លាយពេលបទឈប់បាញ់ ៣០ថ្ងៃ សម្រាប់​ការវាយប្រហារដោយដ្រូន និងមីស៊ីល ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

នៅពីមុខសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ៖ “រឿងទាំងអស់នេះ សមនឹងយកមក សិក្សាដោយយកចិត្តទុកដាក់។ ដូច្នេះយើងនឹងវិភាគរឿងទាំងអស់នេះ និងធ្វើការសម្រេចចិត្ត ឲ្យបានសមរម្យ។” នៅក្នុងពេល​ជាមួយគ្នា លោកបានចោទប្រកាន់ទីក្រុងគៀវថាលាក់ គោលដៅយោធារបស់ខ្លួន​នៅពីក្រោយ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

សារព័ត៌មានវ៉ល ស្រ្តីត ជ័នណ័ល (Wall Street Journal, WSJ) កាលពីថ្ងៃទី២០ ខែមេសា បានរាយការណ៍ថា នៅសប្តាហ៍នេះ អ៊ុយក្រែនស្ថិតនៅក្រោមសម្ពាធឲ្យឆ្លើយតបនឹងសំណើ របស់អាម៉េរិកដែលសំដៅឲ្យបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ សំណើរនេះរួមបញ្ចូលលទ្ធភាព សម្រាប់ទីក្រុងវ៉ាស៊ីនតុនឲ្យទទួលស្គាល់​ការភ្ជាប់ជាឧបសម្ព័ន្ធនូវដែនដីគ្រីម៉េដោយទីក្រុងមូស្គូ នៅឆ្នាំ២០១៤ និងមិនបញ្ចូលអ៊ុយក្រែន​មកក្នុងអង្គការណាតូ។

កាលពីថ្ងៃទី២១ ខែមេសា មន្រ្តីអ៊ុយក្រែនបានថ្លែងឲ្យដឹងថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារ​ផ្លូវ​អាកាស​ឡើងវិញលើអ៊ុយក្រែនបន្ទាប់ពីការឈប់បាញ់ដ៏ផុយ​ស្រួយរយៈពេល ៣០ម៉ោង  ដែល​ចេញ​ក្រឹត្យដោយទីក្រុងមូស្គូ។ លោកសឺហ្គីអ៊ី លីសាក់ អភិបាលតំបន់ភាគខាងកើតមួយ​​របស់​អ៊ុយក្រែន​បានថ្លែងថា ៖ “យោធារុស្ស៊ីបានបាញ់ដ្រូននៅក្នុងតំបន់ ឌីនីប្រូប៉េត្រូវ។ ផ្ទះមួយ​ខ្នង​ត្រូវ​រងការខូចខាត ហើយ​អគ្គីភ័យមួយបានឆាបឆេះរោងចក្រចំណីអាហារ។

ចំណែកលោកវ៉ាតាលីអ៊ី គីម អភិបាលតំបន់មីកូឡៃ នៅភាគខាងត្បូងអ៊ុយក្រែនបានបង្ហាញថា ការវាយប្រហារផ្លូវអាកាសរុស្ស៊ីក៏បានចាប់ផ្តើមឡើងវិញនៅតំបន់នេះដែរ។

អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអាទិត្យថាបន្តការវាយប្រហារ​របស់​ពួកគេ ទោះបីជាមានបទឈប់បាញ់នៅថ្ងៃបុណ្យចម្លង ដែលប្រកាសមុនមួយថ្ងៃដោយ​លោក​វ្លាឌីមៀ ពូទីនក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលបានទទួលយកការឈប់បាញ់​ដែល​ប្រកាសដោយរុស្ស៊ី បានបញ្ជាក់ថា ទាហានរុស្ស៊ីបានរំលោភការឈប់បាញ់ ជាង ២០០០​ដង ចាប់តាំងពីពេលព្រឹក។ លោកបញ្ជាក់ថា ប៉ុន្តែមិនមានការវាយ​ប្រហារតាម​ផ្លូវអាកាសទេ។ នៅ​ថ្ងៃទី២១ មេសា អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ឲ្យដឹងថា ការវាយប្រហារ​របស់រុស្ស៊ី​បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣នាក់ និងធ្វើឲ្យរបួសយ៉ាងហោចណាស់ ៧​នាក់។

 

Daily Program

Livesteam thumbnail