លោកកាឌីណាល់ម្នាក់ថា គ្រីស្តបរិស័ទនៅដែនដីពិសិដ្ឋកំពុងតែត្រូវការជំនួយ

លោកកាឌីណាល់ ក្លូឌីអូ ហ្គូជេរ៉ូតទី (Claudio Gugerotti) អ្នកទទួលខុសត្រូវក្រសួងទទួលបន្ទុកព្រះវិហារនៅបូព៌ា បានអំពាវនាវទៅកាន់គ្រីស្តបរិស័ទថា គ្រប់គ្នាគួរ បញ្ចេញសំឡេងដើម្បីឲ្យមានការសន្ទនារកផ្លូវឆ្ពោះទៅរកសន្តិភាពនៅមជ្ឈឹមបូព៌ា។
នៅក្នុងពេលព្រះសហគមន៍កាតូលិកកំពុងតែត្រៀមរៀបចំពិធីបុណ្យថ្ងៃសុក្រពិសិដ្ឋនោះ លោកកាឌីណាល់ បានមានប្រសាសន៍ថា គ្រប់គ្នាគួរតែជួយគិតពីសម្រែកនៃទុក្ខវេទនា ការឈឺចាប់ ការអស់សង្ឃឹម និងការបំផ្លិចបំផ្លាញ ដោយសារអំពើហិង្សា និងជម្លោះនៅតំបន់មជ្ឈឹមបូព៌ា។
លោកក៏បានលើកទឹកចិត្តឲ្យគ្រប់គ្នា ជួយជំរុញឲ្យមានការសន្ទនាគ្នាឡើងវិញដើម្បីបញ្ចប់សង្រ្គាមបើកផ្លូវទៅរកសន្តិភាព តាមគំរូរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ។
លោកកាឌីណាល់បានបន្ថែមថា ការសន្ទនាជួនកាលពិតជាពិបាកខ្លាំងមែនទែន ប៉ុន្តែវាជួយសង្គ្រោះជីវិតមនុស្ស ដូច្នេះសូមរិះគិត ហើយលក្ខខណ្ឌតែមួយគត់សម្រាប់ការសន្ទនាគឺ “ការគោរពគ្នាទៅវិញទៅមក"។
លោកបានសង្កត់ធ្ងន់ថា សន្តិភាពមិនអាចសម្រេចបានតាមរយៈកម្លាំងយោធា ដែលបម្រើតែផលប្រយោជន៍របស់មនុស្សមួយចំនួននោះទេ៕
Daily Program
