រយៈពេល៨ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ រកចំណូលបានជាង៣១លានដុល្លារពីការលក់សំបុត្រ
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ទទួលបានជាង៣១លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦៥១ ៨៥៧ នាក់ ធៀបរយៈពេលដូចគ្នា ២០២៣ មានការកើនឡើង៣០,៧៦% ខណៈ ចំណូលសរុប ៣០ ៣៣៤ ២២៩ ដុល្លារ ធៀបរយៈពេលដូចគ្នា ២០២៣ កើនឡើង ៣១, ៣៦ %។
ចំណែក ការលក់លក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ៨ខែ ឆ្នាំ២០២៤ មានចំនួន ១៣ ១៧៤នាក់ ដែលមានចំណូលចំនួន ១៩៧ ៦១០ដុល្លារ។ ចំណែក សរុបចំណូលលក់សំបុត្រទូកនៅកំពង់ផែចុងឃ្លៀស រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៥១៧ ៣០១ដុល្លារ។
សំរាប់ក្នុងខែសីហា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦៧ ៤៨២ នាក់ ប្រៀបធៀបខែ សីហា ២០២៣ កើនឡើង១៤,០៩% និងចំណូលចំនួន ៣ ១៥៦ ៧៩៩ ដុល្លារ ប្រៀបធៀបខែ សីហា ២០២៣ កើនឡើង១៣,៧៨%៕