របៀបដែលអ៊ីរ៉ង់វាយប្រហារលើ «ចំណុចខ្សោយស្តុកអាវុធ» របស់សហរដ្ឋអាម៉េរិក
ការប្រឈមមុខដាក់គ្នានៅមជ្ឈិមបូព៌ាបានឈានចូលដល់ដំណាក់កាលថ្មីមួយដែលលែងត្រឹមតែជាការវាស់ស្ទង់កម្លាំងបច្ចេកវិទ្យាយោធា ប៉ុន្តែជា «សង្គ្រាមបង្ហិនបង្ហោចស្តុកគ្រាប់»។
ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៉កដានីកាលពីថ្ងៃទី១៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានទទួលស្គាល់ថា ៖ «យើង បានបាញ់ទម្លាក់មីស៊ីលស្ទើរតែទាំងអស់ មានតែមួយគ្រាប់ប៉ុណ្ណោះដែលធ្លាយឆ្លងផុត»។
ទោះជាយ៉ាងណាពាក្យថា «ស្ទើរតែ» នេះបានបន្សល់ទុកនូវចម្ងល់ពីការចំណាយយ៉ាងធំធេងផងដែរ។ យោងតាមសារព័ត៌មានញូយ៉ក ថែមស៍ (New York Times) បានឲ្យដឹងថា មីស៊ីលតែមួយគ្រាប់ដែលធ្លាយនោះ បានធ្លាក់ចំទីស្នាក់នៅចល័ត សម្លាប់ទាហានអាមេរិក ៣នាក់ និង ធ្វើឱ្យរបួសជាង ១០០នាក់។ នេះបញ្ជាក់ថា ក្នុងការការពារដែនអាកាស ការស្ទាក់ចាប់បាន ៩៩% នៅតែមិនទាន់គ្រប់គ្រាន់ឡើយ ខណៈការចំណាយលើមីស៊ីលស្ទាក់ចាប់ប៉ាទ្រីយ៉ូត (Patriot) ដែលមានតម្លៃប្រមាណ ៤លានដុល្លារក្នុងមួយគ្រាប់ កំពុងជម្រុញឱ្យអាម៉េរិកខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ធៀបនឹងដ្រូន ឬមីស៊ីលអ៊ីរ៉ង់ដែលមានតម្លៃថោកជាងឆ្ងាយ។
អ៊ីរ៉ង់លែងបាញ់ប្រហារបែបធម្មតាទៀតហើយ។ ដោយសិក្សាពីយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអ៊ុយក្រែន កងកម្លាំងអ៊ីរ៉ង់បានផ្លាស់ប្តូរការមកប្រើ «ការវាយប្រហារបន្សំ»។ ការបាញ់ជារលក គឺបញ្ជូនដ្រូន និងមីស៊ីលបាលីស្ទីកបណ្តែត ក្នុងពេលតែមួយ និងចេញពីទិសដៅច្រើន។ជាមួយបច្ចេកវិទ្យាប្រែប្រួលគន្លង មីស៊ីលមួយចំនួនអាចប្តូរទិសដៅភ្លាមៗនៅលើអាកាសដើម្បីធ្វើឱ្យប្រព័ន្ធរ៉ាដា និងការស្ទាក់ចាប់របស់អាម៉េរិកមានការភាន់ច្រឡំ។ ការសហការក្នុងតំបន់ គឺ មានការចូលរួមវាយប្រហារពីទិសច្រើន ដូចជា ពីសំណាក់ក្រុមហ៊ូធីនៅយេម៉េន និងកងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់ជាដើម។
លើសពីនេះ សមត្ថភាពច្បាស់លាស់នៃដ្រូនអ៊ីរ៉ង់ត្រូវបានបង្ហាញយ៉ាងរន្ធត់កាលពីខែមេសា នៅពេលដែលយន្តហោះចម្បាំងអេហ្វ-១៥អ៊ី (F-15E) របស់អាម៉េរិកត្រូវបាញ់ទម្លាក់ ដោយសារដ្រូនអ៊ីរ៉ង់ដែលបានបញ្ជូនកូអរដោនេជីភីអេស (GPS) អំពីល្បឿន និងទិសដៅហោះហើររបស់យន្តហោះចម្បាំងនោះទៅកាន់មីស៊ីលដីអាកាសស្ពាយលើស្មា រហូតធ្វើឱ្យពីឡុតទទួលបានសញ្ញាអាសន្នត្រឹមតែ «ពាក់កណ្តាលវិនាទី» ប៉ុណ្ណោះមុនការផ្ទុះខ្ទេច។
បញ្ហាប្រឈមធំបំផុតរបស់មន្ទីរប៉ង់តាហ្គូននៅពេលនេះ គឺ ល្បឿននៃការប្រើប្រាស់លឿនជាងល្បឿនផលិត។ ចាប់តាំងពីដើមសង្គ្រាម អាម៉េរិកបានបាញ់មីស៊ីលប៉ាទ្រីយ៉ូត (Patriot) ស្ទាក់ចាប់អស់ជាង ១៥០០គ្រឿង។ ស្តុកដែលនៅសល់សរុប មានមិនដល់ ១៧០០គ្រឿង ឡើយ ខណៈសមត្ថភាពផលិតរបស់អាម៉េរិកក្នុងឆ្នាំ២០២៥ មានត្រឹមតែប្រមាណ ៦០០ គ្រឿង ប៉ុណ្ណោះ។
របាយការណ៍បង្ហាញថា យោធាអាម៉េរិកបានប្រើប្រាស់អស់ប្រមាណ ៦៥% នៃស្តុកគ្រាប់ ប៉ាទ្រីយ៉ូត របស់ខ្លួនចន្លោះពីខែកុម្ភៈ ដល់ខែកក្កដា។
ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកនាំពាក្យយោធា លោក សៀន ប៉ាកណេល ចេញមុខបដិសេធ ដោយអះអាងថាអាម៉េរិកមានគ្រាប់រំសេវគ្រប់គ្រាន់ និងចាត់ទុកព័ត៌មានខ្វះខាតស្តុកនេះថាជា «រឿងក្លែងក្លាយ» ក៏ដោយ ប៉ុន្តែសភាពការណ៍នៅលើសមរភូមិបានស្តែងបង្ហាញឱ្យឃើញផ្ទុយពីនេះ។ អាម៉េរិកបានប្រកាស «ផ្អាក» ប្រតិបត្តិការមួយរយៈ និងបានដកថយ ផ្លាស់ទីកងកម្លាំងពីគុយវ៉ែត បារ៉ែន កាតា និងអារ៉ាប់រួម អេមីរ៉េត ទៅកាន់ទីតាំងឆ្ងាយជាងមុនក្នុងប្រទេសហ្ស៉កដានី ដើម្បីកាត់បន្ថយហានិភ័យពីការវាយប្រហារ។
ជាសរុប យុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់នៅពេលនេះ មិនមែនជាការយកឈ្នះអាម៉េរិកដោយកម្លាំងប្រហារផ្ទាល់ទាំងស្រុងនោះទេ ប៉ុន្តែជា«សង្គ្រាមស៊ីដាច់ស្តុក» តាមរយៈការបង្ខំឱ្យអាម៉េរិកបាញ់គ្រាប់ស្ទាក់ចាប់តម្លៃលានៗដុល្លារជាបន្តបន្ទាប់ ប្រឆាំងនឹងអាវុធតម្លៃថោករបស់ខ្លួន។ អ៊ីរ៉ង់កំពុងជម្រុញឱ្យមហាអំណាចមួយនេះប្រឈមមុខនឹងជម្រើសដ៏លំបាក គឺរវាងការអស់ស្តុកការពារខ្លួន ឬការទទួលរងការខូចខាតកាន់តែធ្ងន់ធ្ងរនៅលើសមរភូមិ។
