របៀបដែលទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល ត្រៀមខ្លួនប្រឈមនឹង​ការ គំរាម​កំហែង ពី ទីក្រុងព្យុងយ៉ាង

សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានបើកលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំ ដែលជាសំខាន់​សំដៅទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។

ការបាញ់ស្ទាក់មីស៊ីល ការវាយប្រហារតាមផ្លូវអាកាស ឬក៏ជាការបាញ់គ្រាប់ពិត កាលពីដើម សប្តាហ៍ ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល បានចាប់ផ្តើមលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំ​របស់​ពួកគេ នៅក្នុងក្របខណ្ឌនៃកម្មវិធី Ulchi Freedom Guardian ដែលបានផ្តួចផ្តើមធ្វើ​ឡើង​តាំងពីឆ្នាំ១៩៧៦។ កម្ម​វិធីនេះដែលប្រមូលផ្តុំទាហានកូរ៉េ​ខាងត្បូងច្រើនជាង 19000 នាក់ នៅ​ឆ្នាំ​នេះ មានគោលដៅត្រៀមកម្លាំងយោធា​នៅក្នុងករណីមានការវាយ​ប្រហារពីកូរ៉េខាង​ជើង។

ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយដែលទំនាក់ទំនងមានភាពតានតឹង​បំផុតជា​មួយ​កូរ៉េខាងត្បូង។ កាលពីដើមឆ្នាំ លោកគីម ជុងអ៊ុន ដែលបានដាក់កំណត់កូរ៉េខាងត្បូង​ជា​សត្រូវ​ចម្បង បានរំលាយចោលទីភ្នាក់ងារដ្ឋាភិបាលសម្រាប់ការបង្រួបបង្រួមកូរ៉េ និងសម្រាប់​ទំនាក់ទំនង​​ជាមួយទីក្រុងសេអ៊ូល និងគំរាមប្រកាសសង្រ្គាមប្រសិនបើអ្នកជិតខាងនេះ ឈ្លានពាន​ទឹកដីកូរ៉េខាងជើងសូម្បី ០,០០១ មីលីម៉ែត្រ។

កាលពីថ្ងៃចន្ទ នៅក្នុងអំឡុងកិច្ចប្រជុំគណរដ្ឋមន្រ្តី លោកយូន សុកយ៉ុល ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង បានថ្លែងថា ៖ “សព្វថ្ងៃនេះ យើងប្រឈមមុខនឹងការបង្កហេតុ និងការគំរាមកំហែង​របស់​កូរ៉េខាងជើងដល់ចំនុចគ្រោះថ្នាក់ និងគ្មានហេតុផលបំផុត។” ទន្ទឹមនឹងលំហាត់​សម​យុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក ដែលមានរយៈពេលជាង ១០ថ្ងៃ ទីក្រុងសេអ៊ូល ក៏​នឹង​​ត្រៀមរៀបចំលំហាត់ការពារខ្លួនរបស់ប្រជាជនស៊ីវិល ដែលសំដៅត្រៀមបង្ការឲ្យបានល្អ​ប្រសើរ​​នៅពេលមានការបញ្ជូនជាយថាហេតុពីកូរ៉េខាងជើង​នូវបាល់ឡុងដែលពោរពេញ​ដោយ​សម្រាម ហើយក៏អាចមានការវាយប្រហារដោយ​ដ្រូនផងដែរ ដែលនេះគឺជា​យុទ្ធសាស្រ្ត​​របស់​​​កូរ៉េ​ខាង​ជើង​ដែលធ្វើ​ឲ្យច្របូកច្របល់រយៈពេល ៧០ឆ្នាំ មកហើយ។ យោង​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង ប្រតិបត្តិការបំភ័ន្ត GPS ក៏បានកើតមានឡើង​ជាច្រើនថ្ងៃចាប់តាំងពីខែ​ឧសភា ឆ្នាំ​២០២៤ ផងដែរ។

នៅឯភាគីម្ខាងទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបរិហារអំពី​លំហាត់សមយុទ្ធ​យោធា​ជាមួយទីក្រុងវ៉ាស៊ីនតុន និងពិព៌នាវាថា គឺគ្រោះថ្នាក់ និងធ្ងន់ធ្ងរ។ ប្រទេសកូរ៉េខាងជើង​ថ្កោល​ទោសការធ្វើសមយុទ្ធនេះតាំងពីយូរមកហើយ ហើយកូរ៉េខាងជើង​ចាត់ទុកថា នេះគឺ​ជា​ការ​ប៉ុនប៉ងឈ្លានពានកូរ៉េខាងជើងម្តងហើយម្តងទៀត។ លោកគីម ជុងអ៊ុន បាននិយាយឡើង​វិញ​កាលពីខែកុម្ភៈថា ទីក្រុងព្យុងយ៉ាងមិនញញើតនឹងបំផ្លាញកូរ៉េខាងត្បូង​នៅក្នុងករណីមាន​ការ​វាយប្រហារ។ នៅខែមករា ប្រទេសកូរ៉េខាងជើង ក៏បានបាញ់ផ្លោង​គ្រាប់​កាំភ្លើងធំ​នៅ​ជិត​កោះ​ពីរនៅព្រំដែនកូរ៉េខាងត្បូង ដែលនាំឲ្យអាជ្ញាធរតំបន់សុំឲ្យប្រជាជន​ស្វែង​រកទីជម្រក​សុវត្ថិភាព។

ចំណែកលោកយូន សុកយ៉ុល បានអំពាវនាវឲ្យមានការឆ្លើយតបម៉ឺងម៉ាត់ ខ្លាំងក្លា និងមិន​ញញើត ដើម្បីបំផ្លាញទាំងស្រុងនូវឆន្ទៈរបស់សត្រូវក្នុងករណីមានការបង្កហេតុថ្មី។

ទោះបីជាយ៉ាងណា ប្រមុខកូរ៉េខាងត្បូងបានអំពាវនាវនៅអំឡុង​ការបោះឆ្នោតនីតិបញ្ញត្តិ​កាល​ពី​ខែ​មេសា ឲ្យសហគមន៍អន្តរជាតិ​គាំទ្រកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជ្រោយឧបទ្វីបកូរ៉េ។ លោក​បានថ្លែងថា ៖ ”កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមកូរ៉េត្រូវតែក្លាយជាប្រភពនៃក្តីសង្ឃឹម និង​​ការ​​បំភ្លឺ​សម្រាប់ប្រជាជនកូរ៉េខាងជើង។”

ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានវាយតម្លៃថា ការពង្រឹងទំនាក់ទំនងជាមួយទីក្រុងតូក្យូ បាន​ចូល​រួមចំណែកប្រឆាំងនឹងការគំរាមកំហែងយោធាដែលកើនឡើងជានិច្ចកាលពីសំណាក់​កូរ៉េ​ខាង​ជើងផងដែរ។

 

 

Daily Program

Livesteam thumbnail