ម៉ាក្រុងថ្លែងអំពីជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន

ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន លោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែង​កាល​ពីថ្ងៃពុធ ទី២៦ ខែមីនា នូវជំនួយយោធាបន្ថែម ២ពាន់លាន អឺរ៉ូ ពីបារាំង សម្រាប់​អ៊ុយក្រែន និងចោទប្រកាន់​រុស្ស៊ីថាបានបង្ហាញឆន្ទៈនៅតែធ្វើសង្រ្គាម។

មុនកិច្ចប្រជុំកំពូលដែលរៀបចំធ្វើនៅទីក្រុងប៉ារីស ជាមួយនឹងជិត ៣០ប្រទេស ដែលត្រៀមខ្លួន​សម្រាប់ការធ្វើវិភាគទាន តាមរបៀបណាមួយ សម្រាប់ធានាសន្តិសុខ ដែលអឺរ៉ុបចង់ផ្តល់ឲ្យ​ទីក្រុង​គៀវ ក្នុងករណីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយទីក្រុងមូស្គូ លោកប្រធានាធិបតី​បារាំងក៏បានទទួលស្វាគម៍សមភាគីអ៊ុយក្រែនរបស់លោក គឺលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​វិមាន​អេលីហ្ស៉េផងដែរ។ លោកបានបញ្ជាក់ថា ការធានាសន្តិសុខបឋម គឺការពង្រឹងយោធា​អ៊ុយក្រែន។ ដូច្នេះ​លោកបានធ្វើលំអិតអំពីកញ្ចប់ជំនួយយោធាបារាំងថ្មី ដែលរួមមានមីស៊ីល​ប្រឆាំង​រថក្រោះ ម៉ាក មីឡង់ មធ្យោបាយការពារអាកាសដូចជាមីស៊ីល មីកា ដែលបំពាក់​នៅ​លើ​យន្តហោះប្រយុទ្ធ​បារាំង ម៉ាក មីរ៉ាហ្ស៍ ដែលបានផ្តល់ឲ្យអ៊ុយក្រែនរួចហើយ មីស៊ីល​ការពារ​ពី​ដីទៅអាកាស ម៉ាក មីស្រ្ត៉ា រថពាសដែក VAB និងរថក្រោះធន់ AMX-10 RC ព្រមទាំង​គ្រាប់​រំសេវ​ជាច្រើនទៀតដែលខ្លះមានបញ្ជាដោយទូរគបញ្ជា និងដ្រូនជាច្រើនគ្រឿងផងដែរ។

លោកអេម៉ានូអែល ម៉ាក្រុង បានពន្យល់ថា ៖ “ជំនួយនេះ ក៏រាប់បញ្ចូល​ផលិតកម្ម​សម្ភារៈ​នៅ​អ៊ុយក្រែន តាមរយៈភាពជាដៃគូជាមួយសហគ្រាសការពារជាតិបារាំង។”

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអរគុណសម្រាប់ការគាំទ្ររបស់បារាំង និងបញ្ជាក់ថា ពួក​លោក​ក៏បានពិភាក្សាអំពីការបង្កើនចំនួនយន្តហោះ មីរ៉ាហ្ស៍ ដែលផ្តល់ដោយបារាំង។

អំពីកងកម្លាំងធានាសន្តិភាពដែលប្រទេសអឺរ៉ុបអាចនឹងដាក់ពង្រាយនាពេលអនាគតនៅ​អ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ត្រូវបានសម្រេច ប្រធានាធិបតីបារាំង បានការពារនូវជំហរ​សន្តិសុខ ដើម្បីធានានូវសន្តិភាពមួយដែលមានចីរភាព។ លោកទទូចថា កងកម្លាំងទាំងនេះ​នឹង​​មិនទៅកាន់សមរភូមិដើម្បីទៅប្រយុទ្ធនោះទេ។ប្រធានាធិបតីបារាំងក៏បានលើកឡើង​បញ្ជាក់ថា ដូច្នេះវានឹងច្បាស់ទាំងស្រុងអំពីយន្តការ​ជាយថាហេតុដែលអនុញ្ញាតឲ្យធានានូវ​ការ​បញ្ចប់អំពើហិង្សាពីបទឈប់បាញ់ ដែលនឹងអាចនៅក្រោមអណត្តិរបស់អង្កការសហប្រជាជាតិ ដែលអាចដាក់ពង្រាយនៅពេលនោះនូវកងកម្លាំងដើម្បីរក្សាសន្តិភាព។ លោកអេម៉ានូអែល​ម៉ាក្រុង ក៏បានអំពាវនាវឲ្យរុស្ស៊ីយល់ព្រម ក៏ដូចជា អ៊ុយក្រែន នូវបទឈប់បាញ់​រយៈពេល ៣០ថ្ងៃ ដោយមិនមានលក្ខខណ្ឌដាក់មុន។ លោកក៏បានចោទប្រកាន់ទីក្រុងមូស្គូថា បាន បង្ហាញ​​នូវឆន្ទៈចង់តែធ្វើសង្រ្គាម និងបន្តការឈ្លានពាន ដោយបន្តវាយប្រហារ​ប្រឆាំងនឹង​អ៊ុយក្រែន ដែលនេះត្រូវតែបញ្ឈប់ជាបន្ទាន់។ លោកក៏បានបន្ទោសរុស្ស៊ីថា បានបន្ថែមនូវ​លក្ខខណ្ឌ​ថ្មីៗ ទៀត ចំពោះកិច្ចព្រមព្រៀង​ដែលសម្រេចរួចហើយ តាមរយៈសហរដ្ឋអាម៉េរិជា​អន្តរការី ចំពោះបទឈប់បាញ់នៅសមុទ្រ​ខ្មៅ និងការផ្អាកការវាយប្រហារមកលើ​មជ្ឈមណ្ឌល​ថាមពល។

ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី​បានបន្ថែមថា ៖ “រុស្ស៊ីកេញចំណេញពី​ពេល​វេលា។ គេត្រូវបន្តរក្សាសំពាធលើរុស្ស៊ី។” លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានវាយតម្លៃថា កងទ័ពអឺរ៉ុបដែលត្រូវបានបញ្ជូនមកអ៊ុយក្រែន ក្នុងករណីមាន​បទឈប់បាញ់ គួរតែត្រូវលើក​ឡើង​អំពីការគ្រប់គ្រងស្ថានភាព ធ្វើការចាត់ចែង ការបណ្តុះបណ្តាល និងធ្វើឲ្យសង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ីលែងអាចទៅរួច។

កាលពីថ្ងៃពុធដែរ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអធិប្បាយថា សម្រាប់លោកវ្លាឌីមៀ ពូទីន គោលដៅសំខាន់គឺបំបែកបំបាក់ និងធ្វើឲ្យទន់ខ្សោយដល់ការរួបរួមរបស់អឺរ៉ុប។ លោក​បាន​បង្ហាញ​ថា លោកពូទីនព្យាយាមវាយប្រហារអឺរ៉ុបពីខាងក្នុង និងលោកពូទីនបានជោគជ័យ​ដោយ​​ផ្នែក​​ដោយ​សារជំហររបស់ប្រទេសហុងគ្រី ដែលរដ្ឋាភិបាលប្រទេសនេះជួនកាលរាំង​ខ្ទប់​ការដាក់​​ទណ្ឌកម្ម​ប្រឆាំងនឹងរុស្ស៊ី។

 

Daily Program

Livesteam thumbnail