មហាបាតុភូត «អេល នីណូ» ៖ ការរញ្ជួយអាកាសធាតុសកល ដែលកំពុងគំរាម កំហែងដល់ជីវិតមនុស្ស និងកសិកម្មពិភពលោក

ខណៈដែលបាតុភូត «អេល នីណូ» កំពុងបង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្លាលើសកម្រិតធម្មតា ពិភពលោកកំពុងជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ចាប់ពីខ្យល់ព្យុះស៊ីក្លូន ដ៏កាចសាហាវនៅឥណ្ឌា គ្រោះរាំងស្ងួតស្រួចស្រាវនៅអាម៉េរិកឡាទីន រហូតដល់ការ គំរាមកំហែងធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង ។

ខ្យល់ព្យុះកួចដ៏កំណាចនៅប្រទេសឥណ្ឌា និងណេប៉ាល់ រួមផ្សំជាមួយគ្រោះរាំងស្ងួត និងភ្លើង ឆេះព្រៃដ៏រន្ធត់បានបំផ្លិចបំផ្លាញតំបន់អាមេរិកខាងត្បូងរួចហើយ។ ឥទ្ធិពលនៃបាតុភូត អេល នីណូ (El Niño) មិនត្រឹមតែកំពុងបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងហេដ្ឋារចនា​សម្ព័ន្ធ​នោះ​ទេ ប៉ុន្តែថែមទាំងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទិន្នផលកសិកម្មជាសកល ដូចជា​ដំណាំ​ស្រូវ និងកាហ្វេ ដែលធ្វើឱ្យធនាគារពិភពលោករំពឹងទុកថា តម្លៃចំណីអាហារ​នឹងហក់​ឡើង​ខ្ពស់ដល់ ១៨% ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ។

ពីបាតុភូតធម្មតានៅក្នុងមហាសមុទ្រ ទៅជាគ្រោះមហន្តរាយសកល អេល នីណូ គឺជា បាតុភូតអាកាសធាតុធម្មជាតិ ដែលកើតឡើងក្នុងអំឡុងពេល ២ ទៅ ៧ឆ្នាំម្តង នៅក្នុង តំបន់ អេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការកើនឡើងកម្តៅនៃផ្ទៃទឹកខាងលើនៅក្នុងតំបន់នេះ បានបម្រែបម្រួលរាល់លំនាំឧតុនិយម និងខ្យល់បក់នៅខាងលើមហាសមុទ្រ ដែលបង្កជា ឥទ្ធិពលដូមីណូ (Domino Effect) ជះឥទ្ធិពលដល់ការធ្លាក់ភ្លៀង និងសីតុណ្ហភាពនៅលើ ភព ផែនដីទាំងមូល ព្រមទាំងបង្កើនអត្រាគ្រោះរាំងស្ងួត ទឹកជំនន់ និងព្រឹត្តិការណ៍អាកាសធាតុ​ហួសហេតុ​យ៉ាងធ្ងន់ធ្ងរ។

នៅឥណ្ឌា និងណេប៉ាល់ កាលពីចុងខែតុលា កន្លងទៅ ខ្យល់ព្យុះស៊ីក្លូន អាកណាប (Aknab) បាន​នាំ​មកនូវខ្យល់ព្យុះភ្លៀងកួចយ៉ាងខ្លាំងក្លា ប៉ះពាល់ដល់តំបន់ភាគអាគ្នេយ៍នៃប្រទេស​ឥណ្ឌា និង​បំផ្លិចបំផ្លាញតំបន់ឆ្នេរ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងបង្ខំឱ្យមានការជម្លៀស​ប្រជាជន​ជាង ១០០០០០នាក់។

ទោះបីជាខ្យល់ព្យុះស៊ីក្លូនជាការគំរាមកំហែងដែលកើតឡើងញឹកញាប់នៅឈូងសមុទ្របេងហ្គាល់ក៏ដោយ ប៉ុន្តែរដូវខ្យល់ព្យុះឆ្នាំនេះមានភាពខ្លាំងក្លាខុសប្រក្រតី ដោយសារការ​ជំរុញ​បន្ថែម​​ពី​បាតុភូតអេល នីណូ។ លោក អាកស្ហ៉ៃ ដឺអូរ៉ាស អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​បរិយាកាស​នៃសាកលវិទ្យាល័យ រីដឌីង (Reading) ប្រទេសអង់គ្លេស ពន្យល់ថា សីតុណ្ហភាព​មហា​សមុទ្រដែលក្តៅលើសពីធម្មតា បានធ្វើឱ្យបរិយាកាសកាន់តែផ្ទុក​សំណើម​ខ្ពស់ និងជំរុញ​ឱ្យមានភ្លៀងព្យុះយ៉ាងសន្ធឹកសន្ធាប់ និងបង្កបានជាការធ្លាក់ព្រិល​ព្រមទាំង​ភ្លៀងធ្លាក់ខ្លាំង​នៅ​តាម​តំបន់ខ្ពស់ៗនៃជួរភ្នំហិមាល័យ។

ចំណែក នៅឯទ្វីបអាម៉េរិក​ខាង​ត្បូង​​វិញ ក្រសួងការពារស៊ីវិលបូលីវី បានរាយការណ៍ថា គ្រោះ​រាំងស្ងួត​បានជះឥទ្ធិពល​អាក្រក់​ដល់​​​គ្រួសារជាង ៧៨០០០ នៅក្នុងខេត្តចំនួន ៦ ក្នុងចំណោម​ខេត្ត​ទាំង ៩ របស់ប្រទេស និង​ធ្វើឲ្យសត្វពាហនៈស្លាប់ជាង ៧៥០០០ក្បាល។ ស្ថានភាពនេះ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​បូលីវី លោក រ៉ូឌ្រីហ្គោ ប៉ាហ្ស៍ ប្រកាសក្រឹត្យដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន ដើម្បី​ប្រឈម​មុខនឹង​គ្រោះ​រាំងស្ងួត និងទឹកជំនន់ដែលជាប់ទាក់ទងនឹងមហាបាតុភូត​អេល នីណូនេះ ដោយអនុញ្ញាតឱ្យ​មាន​ការគៀងគរធនធានសេដ្ឋកិច្ច និងអង្គភាពសង្គ្រោះ​បន្ទាន់​​បន្ថែមទៀត។

រីឯនៅប្រទេសជិតខាងដូចជា ប្រទេសប៉េរូ អេល នីណូ បានធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ និងបង្កជាភ្លើងឆេះព្រៃ ដែលសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១២នាក់ ព្រមទាំង​ធ្វើ​ឱ្យ​ជំងឺ​​គ្រុនឈាម ដែលជាជំងឺត្រូពិកមួយ រីករាលដាលកាន់តែខ្លាំង និងបានឆក់យកជីវិតមនុស្ស ៨១​​នាក់​រួចមកហើយ។ ចំណែកនៅប្រទេសឈីលីវិញ បាតុភូតដូចគ្នានេះ ក៏ជាដើមចម​នៃការ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំងក្លាមិនធ្លាប់មានកាលពីខែតុលា ក្នុងទីក្រុងសង់ទីយ៉ាហ្គោផងដែរ។

 

Daily Program

Livesteam thumbnail
khmer popup image